ស្ថានភាពសត្វត្មាតកម្ពុជាមានសញ្ញាណវិជ្ជមានក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាតែទាមទារបង្កើនកិច្ចការពារបន្ថែមទៀត

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១–លទ្ធផលនៃការតាមដាននិងកត់ត្រាស្ថានភាព​ប្រ​ជា​សាស្ត្រសត្វត្មាតដែលបានធ្វើឡើងក្នុងថ្ងៃផ្សេងគ្នាក្នុងចន្លោះខែកក្កដានិងខែសីហាឆ្នាំ​២០​២​១​កន្លងទៅបានបង្ហាញថា សត្វត្មាតទាំងបីប្រភេទដែលមាននៅប្រទេសកម្ពុជាគឺ ត្មាតភ្លើង ត្មា​ត​ត្នោត និងត្មាតផេះ មានវត្តមានសរុបចំនួន១៤០ក្បាល នៅក្នុងអា​ហារដ្ឋាន​ត្មាត​សំខា​ន់​ៗ​ចំ​នួ​ន០៤កន្លែងនៅតំបន់ការពារធម្មជាតិកម្ពុជាគឺ៖ អាហារ​ដ្ឋានត្មាត​ដែនជម្រក​សត្វព្រៃ​សៀម​ប៉ា​ង​​ក្នុងខេត្តស្ទឹងត្រែង អាហារដ្ឋានត្មាតដែនជម្រក​សត្វព្រៃឆែបក្នុងខេត្តព្រះវិហារ អាហារដ្ឋានត្មាត​ដែ​នជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ និងអាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃស្រែព​កក្នុ​ង​ខេ​ត្តមណ្ឌលគិរី។

គួរបញ្ជាក់ដែរថា សត្វត្មាតទាំងបីប្រភេទនេះសុទ្ធសឹងតែត្រូវបានចាត់ថ្នាក់ជាប្រ​ភេទ​​​​ជិតផុ​ត​ពូ​ជ​​បំផុតក្នុងបញ្ជីក្រហមនៃអង្គការ IUCN​ ។ជាមួយលទ្ធផលរាប់បាននៅខែចុងក្រោយនេះ យើ​ង​​ឃើញថា អាហារដ្ឋានត្មាតនៅដែនជម្រកសត្វព្រៃសំបូរមានការកើន​ឡើងនូវ​ចំនួន​សត្វ​ត្មា​ត​គួ​រ​ឱ្យកត់សម្គាល់។ អ្នកវិទ្យាសាស្រ្តនៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានសម្តែងការ​អ​ប​អ​រ​សា​ទរចំពោះសញ្ញាណវិជ្ជមាននៃស្ថានភាពសត្វត្មាតទាំងបីប្រភេទ ខណៈដែល​ពិ​ភ​ព​លោ​ក​តែ​ង​ប្រារព្ធទិវាអន្តរជាតិនៃការយល់ដឹងអំពីសត្វត្មាតនៅសប្តាហ៍ទី១ នៃខែកញ្ញាជារៀងរាល់ឆ្នាំ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នេះ​គឺ​ជា​ដំ​ណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះនៅប្រទេសកម្ពុជា និង​នៅលើ​ពិ​ភ​ព​លោក។ឯកឧត្តមមានប្រសាសន៍ថា«ក្នុងនាមក្រសួងបរិស្ថាន សូមកោតសរសើរចំ​ពោះ​ក្រុ​ម​កា​​រងារស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់នៃក្រុមការ​ងារអភិ​រក្ស​ស​ត្វ​ត្មា​ត​ក​ម្ពុ​ជា ក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ដែលកំពុងបំពេញភារៈកិច្ចរបស់ខ្លួននៅតាមតំ​បន់ការ​ពា​​រ​ធម្មជាតិនានា ដើម្បីការពារនិងអភិរក្សទីជម្រកធម្មជាតិនៃដែនជម្រកសត្វព្រៃដែលមាន​វត្តមាន​ស​ត្វត្មាត ពោលគឺបាននិងកំពុងធ្វើឱ្យតំបន់ធម្មជាតិនេះមានសុវត្ថិភាពកាន់តែ​ខ្លាំងឡើងថែម​ទៀ​​តសម្រាប់សត្វត្មាត និងសត្វព្រៃទាំងអស់ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹកសម្រាប់សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ។

ជាលទ្ធផលនៃការស្រាវជ្រាវនេះដែរ អ្នកវិទ្យាសាស្ត្រក៏បានកត់ត្រាទុកជាពិសេស នូវការ​វិ​ល​ត្រ​ល​ប់របស់សត្វត្មាតត្នោត និងត្មាតផេះ មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែ​នជម្រក​សត្វ​ព្រៃ​ស្រែ​ព​ក​ខេ​ត្តមណ្ឌលគិរី ក្រោយអវត្តមានពីទីនោះអស់រយៈពេលជាង៥ឆ្នាំ។ ទន្ទឹមនឹងនេះដែរ ល​ទ្ធ​ផ​ល​នៃការរាប់ចំនួនសត្វត្មាតដោយអាហារដ្ឋានត្មាតនៅដែនជ​ម្រកសត្វព្រៃសំបូរនៃតំបន់ទេ​ស​ភា​​ពព្រៃលិចទឹកមេគង្គបានបង្ហាញថា ចំនួនសត្វត្មាតសរុបទាំងបីប្រភេទបញ្ចូលគ្នា​បាន​កើ​ន​ឡើ​ងទ្វេដងសម្រាប់តំបន់នេះ ពោលគឺពីចំនួន ២០ក្បាល ដល់ចំនួន ៤១ក្បា​ល​ស​ម្រា​ប់​រ​យៈ​ពេ​ល​ពីរខែចុងក្រោយ គឺចន្លោះចុងខែមិថុនា ដល់ ចុងខែសីហា ឆ្នាំ២០២១នេះ។

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា «ខ្ញុំសូមចូ​​ល​រួ​ម​អបអរ​សម្រាប់ដំណឹងដ៏ល្អនេះដែលវាពិតជាបានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ជា​ពិ​សេសក្រុមការងារថ្នាក់ជាតិដែលដឹកនាំដោយក្រសួងបរិស្ថាន ក្រុមការងារនៃកម្មវិធីអ​ភិរក្ស​តំ​ប​ន់ព្រៃទេសភាពភាគខាងកើតនៃប្រទេសកម្ពុជា និងក្រុមអ្នកជំនាញវិទ្យាសាស្រ្តនៃអ​ង្គកា​រ​ដៃ​គូ​ទាំងអស់ក្នុ​ងការបង្កើនកិច្ចខិតខំប្រឹងប្រែងជាប្រចាំបន្ថែមទៀតសំដៅជំរុ​ញឱ្យ​ចំ​នួ​ន​ស​ត្វ​ស្លា​ប​ទាំ​ងនេះមានកំណើន​ឡើងវិញនៅថ្ងៃខាងមុខ»។ លោកបានថ្លែងទៀតថា «លទ្ធផលជាច្រើន​ដែ​​លស្ថាប័នជំនាញ​ មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ប្រជាជនមូលដ្ឋាន និង​ដៃ​គូ​ទាំងអស់សម្រេចបានក្នុងរយៈពេលកន្លងមកដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិ ជាកត្តារួម​ចំ​ណែ​កយ៉ាងសំខាន់ដល់ការរស់រានរបស់សត្វត្មាតសំខាន់ៗទាំងនេះ។​ វាជាការវិវត្តដ៏វិជ្ជមា​ន​មួ​យ​ដែ​លផ្ត​ល់ជាក្តីសង្ឃឹមសម្រាប់ការអភិរក្សដើម្បីអភិវឌ្ឍន៍នៅកម្ពុជា»។

ទោះជាយ៉ាងណាក៏ដោយ  ក្នុងឱកាសនៃទិវា​អន្តរជាតិដើម្បីយល់ដឹងអំពី​សត្វ​ត្មា​ត​នេះ​ដែ​រ ក្រុមអ្នកវិទ្យាសាស្រ្ត និងស្រាវជ្រាវសត្វត្មាតកម្ពុជា ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះវ​ត្ត​មានសត្វត្មាតនៅកម្ពុជាដែលកំពុងទទួលរង​ការ​គំរាមកំហែងជិតផុតពូជ។ ​បញ្ហា​ប្រឈមចម្ប​ង​​ៗរ​បស់សត្វត្មាតរួមមាន ការបាត់បង់ទីជម្រក​ ការបំពុល ការពុល​នឹ​ង​សា​រ​ធា​តុ​គី​មី​ដែ​ល​គេ​ប្រើ​ប្រាស់សម្រាប់គោលដៅផ្សេង និងសកម្មភាពរំខានដោយមនុស្ស វត្តមានថ្នាំព្យាបាលសត្វ Diclofenacការបរាជ័យនៃការពងកូននិងកង្វះ​​​ចំ​​ណី​​​អាហារ។

ដើម្បីការពារ និងស្តារចំនួនសត្វត្មាតឱ្យមានចំនួនកើនឡើងវិញយើង​ចាំ​បា​ច់ត្រូវរួម​គ្នា​រៀ​បចំ និងអនុវត្តជាបន្ទាន់នូវវិធានការអភិរក្សសមស្របនានា សំដៅជំរុញការគ្រប់គ្រងតំ​បន់​កា​រ​ពា​​រធម្មជាតិ និងការពារធនធានព្រៃឈើឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងក្លាបន្ថែមទៀត សម្រា​​ប់​​ផ្ត​ល់ជាទីជម្រកដល់សត្វត្មាត និងសត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត ក៏ដូចជាដើ​ម្បី​ប​ង្កើ​ន​ប្រ​ព័​ន្ធ​ភាពស៊ាំរបស់កម្ពុជាទៅនឹងហានិភ័យនៃការប្រែប្រួលអាកាសធាតុ​។ មិនតែប៉ុណ្ណោះ ការធានា​បា​ននូវការរស់រានរបស់សត្វត្មាតមានសារៈសំខាន់ណាស់ ព្រោះសត្វត្មាតដើរតួនាទីយ៉ា​ង​សំ​ខា​ន់ក្នុងការថែរក្សាបរិស្ថានដោយសារតែវាជាភ្នាក់ងារ​សម្អាតសាកស​ពស​ត្វក្នុ​ងប​រិស្ថា​ន​ធ​ម្ម​ជា​​តិដែលជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងផ្សេងៗពីសត្វងាប់។

លោក Alistair Mould ប្រធានប្រតិបត្តិ អង្គការសមាគមអភិរក្សសត្វព្រៃ និងជាសហប្រធាន​ក្រុ​ម​ការងារអភិរក្សសត្វត្មាតកម្ពុជា​បានមានប្រសាសន៍ថា«វាពិតជាមាន​សារៈ​សំខា​ន់​ខ្លាំង​ណា​ស់​ដែលយើងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងសហគមន៍មូលដ្ឋានដើម្បី​បង្កើ​ន​កា​រ​យ​ល់​ដឹ​ងនិងការពារទប់ស្កាត់សកម្មភាពបំពុលគ្រប់ប្រភេទដើ​ម្បីជួយសង្គ្រោះសត្វត្មា​តនៅ​ក​ម្ពុ​ជា​ពី​កា​រផុតពូជ»។​

សូមរំឭកថា លទ្ធផលជំរឿនសត្វត្មាតថ្នាក់ជាតិគិតត្រឹមខែមិថុនា ឆ្នាំ២០២១ បានប​ង្ហា​ញ​ថាសត្វត្មាតមានចំនួនសរុបចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ក្បាល, ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ក្បាល។ កាលបរិច្ឆេទសម្រាប់កា​រធ្វើជំ​រឿន​សត្វ​ត្មាត​ទូ​ទាំ​ង​ប្រ​ទេ​ស​លើកទី០៤ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ។

ប្រទេសកម្ពុជាគឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ប្រភេទសត្វត្មាតទាំងនេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចំនួននេះបានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ សក​ម្ម​​ភា​ព​សិ​​ក្សាស្រាវជ្រាវនិងអភិរក្សសត្វត្មាត​នៅប្រទេសកម្ពុជា បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៤ ដែ​​លនៅពេលនោះចំនួនសត្វត្មាតដែលបានកត់ត្រាពេលធ្វើជំរឿនមានចំនួន ១៦២ក្បាល ដែ​ល​​ជាទិន្ន​ន័យ​ធ្វើជំរឿនលើកដំបូង។ ​ទិន្នន័យជំរឿនឆ្នាំ២០១០ ចំនួនសត្វត្មាតបានកើន​ដល់ ២​៨​៩ក្បាល។ ក៏ប៉ុន្តែចាប់ពីឆ្នាំ ២០១១ ដល់ ២០១៤ ចំនួនសត្វត្មាតមានការថយចុះគួរឱ្យបារម្ភ។ ចា​ប់​ពីពាក់កណ្តាល ឆ្នាំ២០១៤ រហូតដល់​​បច្ចុប្បន្ន​ ចំនួនសត្វត្មាតទាំងបីប្រភេទមានចន្លោះពី ១​២០ទៅ១៤០ក្បាល។ ដោយឡែកចំនួនសំបុកដែលបានរកឃើញនិងការពារក៏មានការធ្លាក់ចុះពី២៧សំបុក នៅ​ក្នុ​ង​ឆ្នាំ​​២០១៥ មកសល់ត្រឹម១៤សំបុកក្នុងឆ្នាំ២០២១នេះ។​ សំបុកត្មាតផេះដ៏តិចតួចត្រូ​វបា​ន​រ​ក​ឃើ​ញខណ:ដែលចំនួនសរុបសត្វនេះមានច្រើនជាងគេនៅកម្ពុជា។

លោក ប៊ូ វរសក្ស នាយកស្តីទីអង្គការជីវិតធម្មជាតិនៅកម្ពុជាននិងជានាយកកម្មវិធីអង្គការBirdLife បានមានប្រសាសន៍ថា«នៅដែនជម្រកសត្វព្រៃលំផាត់ សំបុកត្មាតចុងក្រោ​យ​បា​ន​រកឃើញក្នុងឆ្នាំ២០១៦។ ការថយចុះនៃចំនួនសំបុកត្មាតទូទាំងប្រទេសជាកត្តាគួរឱ្យបារម្ភ ដែលតម្រូវឱ្យមានការសិក្សាស្រាវជ្រាវនិងបង្កើនវិធានដើម្បីការពារសំបុកបន្ថែមទៀត។ យើងខ្ញុំ​សូ​ម​​អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាសហគមន៍ឱ្យចូលរួមទប់​ស្កាត់ការកាប់​បំផ្លា​ញ​ដើ​​មឈើធំៗដែលត្មាតជ្រើសរើសដើម្បីកាច់សំបុក និងការឡើងយកពងកូនសត្វ​ជាដើម»។​

ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវថា៖«សូមស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួម​ការពារ និងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រនេះបន្ថែមទៀត ដោយចូលរួមការពារ​ទី​ជ​ម្រ​ក​ លុ​បបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និង​ប​ញ្ឈប់ស​ក​ម្ម​ភា​ព​រំ​ខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូ​រ​បែ​ប​នៃ​ជី​វៈចម្រុះ និង រក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៀត»។

សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមានក្រសួងបរិស្ថាន (MoE) ក្រ​សួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គកា​រ​ស​មា​គ​ម​អ​ភិ​រ​ក្ស​ស​ត្វ​ព្រៃ(WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនRising Phoenix  និងសមាជិកសាមញ្ញរួមមាន សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា(CBGA) សំ វាសនា ខ​ន់​​សឺ​វេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ​ (CBC) នៃសា​កលវិ​ទ្យាល័​យ​ភូ​មិ​ន្ទ​ភ្នំ​ពេ​ញ៕

ដោយ ៖ គង់ សិរីរ័ត្ន , ប្រភព ៖ ក្រសួងបរិស្ថាន

You do not have permission to write comment on this post.

Log in Register