ប្រជាពលរដ្ឋខ្វះខាត ១០០គ្រួសារ នៅស្រុកម៉ាឡៃ ទទួលបាន​អំណោយ​របស់​រាជរដ្ឋាភិបាលកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយ​មានជ័យ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ –ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន១០០គ្រួសារ នៅក្នុងឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ បានទទួលអំណោយជាស្បៀងអាហារ និងសម្ភាររបស់រាជរដ្ឋាភិបាល កម្ពុជា តាមរយៈ​ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីជួយទ្រទ្រង់ដល់ ជីវភាពរស់នៅរបស់ពួក​គាត់ ដែលកំពុងជួបការលំបាកក្នុងស្ថានភាពនៃការរាតត្បាត ជំងឺកូវីដ១៩ ក្នុងសហគមន៍នេះ។

អំណោយនេះត្រូវបានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ​រួមជាមួយ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ​  ព្រម​ ទាំងអាជ្ញាធរពាក់ព័ន្ធ បាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋទាំង១០០គ្រួសារ នៅក្នុងឃុំ​​តាគង់ កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយក្នុងមួយគ្រួសារទទួលអង្ករ ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី ១យួរ មុង១ និងភួយ ១។

ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍​បញ្ជាក់ថា ទោះបីជា អំណោយដែល​ចែកជូនបងប្អូនពេលនេះតិចតួច តែនេះបានបង្ហាញពីការយកចិត្តទុក ដាក់របស់ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលជានិច្ចកាលតែងតែគិតគូរខ្ពស់ ចំពោះសុខទុក្ខការលំបាកប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយ អ្វីឡើយ ហើយមិនឱ្យប្រជា​ពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែការដាច់ស្បៀងអាហារ បរិភោគនោះទេ។

ជាមួយនោះ អភិបាលខេត្តបន្ទាយមានជ័យក៏បានជំរុញប្រជាពលរដ្ឋឱ្យ បង្កើនការ យកចិត្តទុកដាក់ប្រឹងប្រែងបង្កបង្កើនផលកសិកម្មក្នុងរដូវវស្សានេះឱ្យអស់លទ្ធភាព ដើម្បី បង្កើនចំណូលក្នុងជីវភាពគ្រួសារកាន់តែប្រសើរឡើងនោះ។

ឯកឧត្តម អ៊ុំ រាត្រី ​បន្តទៀតថា សព្វថ្ងៃនេះ ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើ សកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ​ចូលរួមចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ឱ្យបានគ្រប់គ្នា។ ត្រូវរក្សាសុខភាព តាមរយៈការធ្វើអនាម័យឱ្យ បានស្អាត និងចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខា​ភិបាល​​នូវវិធានការ ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន នោះទើប​ចៀសផុតពីការឆ្លងជំងឺដ៏ កាចសាហាវនេះ៕         

ដោយឈុនសារ៉ាត

You do not have permission to write comment on this post.

Log in Register