មន្រ្តីបសុព្យាបាលខេត្តសៀមរាបចុះចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោ និងក្របីជូនប្រជាពលរដ្ឋនៅឃុំដានរុន ស្រុកសូទ្រនិគម

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ — លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តសៀមរាបបានឱ្យដឹងថា បន្ទាប់ពីទទួលបានវ៉ាក់សាំងបង្កាជំងឺគោ ក្របី ពី​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យា​បាលសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះអប់រំ និងចាក់ថ្នាំបង្ការជំងឺដុំ​ពកស្បែកគោ​និងក្របី ជូនដល់ប្រជាពលរដ្ឋនៅឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកបានបន្តថា យុទ្ធនាការចាក់ថ្នាំការពារជំងឺគោ ក្របី ដើមរដូវវស្សា សម្រាប់​ខេត្ត​សៀមរាបបានចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១មក ដោយបានចាក់នៅតាម​បណ្តាស្រុកនានាជាបន្តបន្ទាប់។ ជាក់ស្តែងថ្ងៃទី០២ និងទី០៣ ខែកញ្ញានេះ មន្ត្រីបច្ចេក​ទេស​បសុពេទ្យបានចុះអនុវត្តន៍ការចាក់ថ្នាំបង្កាជំងឺគោ ក្របីនៅភូមិគោកសង្កែ ភូមិជ្រៃ ឃុំ​ខ្ចាស់ និងភូមិសន្ទៃយ៍ ឃុំដានរុន ស្រុកសូទ្រនិគម បានចំនួន ៥៨៨ក្បាល និងបានចែក ខិតប័ណ្ណអប់រំបានចំនួន ១ ០០០ សន្លឹក។ ជាមួយគ្នានេះ មន្រ្តីជំនាញ នឹងបន្តចាក់នៅតាម ភូមិ ឃុំ​តាម​បណ្តាស្រុកផ្សេងៗក្នុងខេត្ត តាមផែនការ។

លោក ព្រំ វិច បានបញ្ជាក់ថា នៅខែសីហា និងកញ្ញានេះ មានគោ ក្របី នៅភូមិ​ស្រម៉ធំ តំបន់ព្រៃរនាមឃុំដានរុន ស្រុកសូទ្រនិគម ចំនួន០៩ក្បាលបានងាប់ (ភាគច្រើន​សត្វ​តូច) សង្ស័យជំងឺសារទឹក។ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល​ខេត្តបានបន្តថា កម្មវិធីចាក់វ៉ាក់សាំងដល់គោក្របី គឺជាផ្នែកមួយ នៃកម្មវិធីរបស់អគ្គនាយក​ដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ តម្រូវឱ្យប្រជាពលរដ្ឋមិនថានៅខេត្តសៀមរាបនោះទេ គឺនៅទូ​ទាំង ​ប្រទេសយកគោក្របី មកទទួលការរក្សាសុខភាពតាមរយៈការចាក់ថ្នាំការពារសុខភាព៕

ឃុត សៅ សៀម

You do not have permission to write comment on this post.

Log in Register