ព្រះខ័នរាជស្វាយរៀងឈ្នះទ័ព ខណៈខេត្តព្រៃវែងស្មើ នគរបាលជាតិ សប្តាហ៍ទី១២ លីគកំពូលកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១–ក្រុមព្រះខ័នរាជស្វាយរៀងប្រជែងបាន៣ពិន្ទុដ៏តឹងតែងបំផុតពីក្រុម កងយោធពលខេមរភូមិន្ទ (ទ័ព) ដោយលទ្ធផល ៣ទល់២ ខណៈក្រុមខេត្តព្រៃវែងស្មើគ្នាជាមួយក្រុមនគរបាលជាតិ ០ទល់០ នៅក្នុងការប្រកួតសប្តាហ៍ទី១២ កាលពីល្ងាចថ្ងៃ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១នៃក្របខ័ណ្ឌលីគកំពូល កម្ពុជា រដូវកាល ២០២១។

នៅក្នុងវគ្គទី១ ព្រះខ័នរាជស្វាយរៀង និងទ័ព រក្សាលទ្ធផលស្មើគ្នា ០ទល់០។ ចូលដល់វគ្គទី២ នៅនាទី៥១និងនាទី៦២ ក្រុមភ្ញៀវ ទ័ព បានបើកការនាំមុខ២គ្រាប់ទល់០ លើក្រុមម្ចាស់ផ្ទះព្រះខ័នស្វាយរៀង ប៉ុន្តែនៅសល់ជាង១០នាទីចុងក្រោយ ក្រុមម្ចាស់ផ្ទះមួយនេះ បានដាក់សម្ពាធយ៉ាងខ្លាំង រហូតដល់ធ្វើសម្រេចបាន៣គ្រាប់ជាបន្តបន្ទាប់ រហូតដល់តាមយកឈ្នះវិញ ៣គ្រាប់ដោយកីឡាករ Miguel Angel Junco Martinez  នៅនាទី៧៦, នាទី៨១ និងនៅនាទី៩០បូក៣។ ចំពោះក្រុមខេត្តព្រៃវែង និងក្រុមនគរបាលជាតិ បានចែកគ្នាម្នាក់ ១ពិន្ទុ ក្រោយរក្សាលទ្ធផលត្រឹមស្មើ ០ទល់០។

ដោយឡែក ៣ប្រកួតផ្សេងទៀត កាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់សប្តាហ៍ទី១២នេះដែរ រួមមាន៖ គិរីវង់សុខសែនជ័យ ចាញ់វិសាខា ១ទល់៣, សូលទីឡូអង្គរ ០ទល់០ ជាមួយអង្គរថាយហ្គឺរ ខណៈភ្នំពេញក្រោន បានយកឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ៥ទល់០។

បច្ចុប្បន្នភាពតារាងពិន្ទុ គឺ៣ក្រុមដែលកំពុងឈរលើកំពូលតារាង រួមមាន៖ វិសាខា លេខ១ មាន២៥ពិន្ទុ, ភ្នំពេញក្រោន លេខ២ មាន២២ពិន្ទុ និងលេខ៣ ព្រះខ័នរាជស្វាយរៀង លេខ៣ មាន២២ពិន្ទុ ខណៈ៣ក្រុម ដែលកំពុងឈរនៅលំដាប់ខាងក្រោមគេ គឺខេត្តព្រៃវែង លេខ១១ មាន៦ពិន្ទុ, សូលទីឡូអង្គរ ឈរលេខ១២ មាន៥ពិន្ទុ និងក្រុមនគរបាលជាតិ លេខ១៣ មាន៣ពិន្ទុ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register