ប្រតិភូកីឡាជនពិការកម្ពុជា ចូលរួមពិធីបិទប៉ារ៉ាឡាំពិកមុនពេលវិលត្រឡប់មកមាតុប្រទេសវិញ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១–ក្រុមប្រតិភូ កីឡាពិការកម្ពុជា ដែលមាន២រូប គឺលោក យី សុភក្ត្រា ទទួលបន្ទុកនាយបេសកកម្ម និងកីឡាករ វ៉ាន វ៉ុន ដែលប្រកួតលើវិញ្ញាសាប្រណាំងរទេះ T54 ១០០ម៉ែត្រ បានចូលរួមពិធីបិទជាផ្លូវការ ការប្រកួតកីឡាប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីយប់ថ្ងៃ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យទី០៥ ខែកញ្ញា ឆ្នាំ២០២១ មុនពេលដែលក្រុមប្រតិភូកីឡាពិការកម្ពុជា នឹងត្រូវវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

លោក យី សុភក្ត្រា បានបញ្ជាក់តាមរយៈសារអេឡិចត្រូនិក ពីព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ប្រទេសជប៉ុនមកថា បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ទាំងអស់ ម្ចាស់ផ្ទះជប៉ុនបានប្រារព្ធពិធីបិទជាផ្លូវការ ហើយប្រតិភូកីឡាគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាក៏បានចូលរួមក្នុងកម្មវិធីបិទនេះផងដែរ។ «ប្រតិភូកីឡាគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នឹងចាកចេញពីប្រទេសជប៉ុន នាវេលាម៉ោង  ២២:៥៥ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ (ម៉ោងនៅជប៉ុន) និងគ្រោងមកដល់ប្រទេសកម្ពុជានៅម៉ោង១៧:៣០ ថ្ងៃទី០៨ ខែកញ្ញា ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃតាមវិធានការក្រសួងសុខាភិបាល។ លាហើយ ប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន និងជួបគ្នានៅប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ប្រទេសបារំាង ឆ្នាំ២០២៤»។

ចំពោះការប្រកួតរបស់កីឡាករពិការកម្ពុជា វ៉ាន វ៉ុន ទោះបីជាមិនបានឈ្នះមេដាយក៏ពិតមែន ប៉ុន្តែបេក្ខភាពកីឡាករពិការ តែម្នាក់គត់ របស់កម្ពុជារូបនេះ បានបង្ហាញពីការប្រឹងប្រែងអស់ពីសមត្ថភាព មោទនភាពជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាប្រកួតប្រជែងកម្រិតខ្ពស់ បំផុតរបស់ពិភពលោក រៀងរាល់៤ឆ្នាំម្តងនេះ។ ដោយបានបំបែកកំណត់ត្រាខ្លួនឯង២ដង ក្នុងថ្ងៃតែមួយ(ថ្ងៃទី០១ ខែកញ្ញា) ពោលគឺបាន បំបែកថិរវេលាខ្លួនឯង កាលពីវគ្គជម្រុះ ធ្វើសម្រេចក្នុងថិរវេលា ១៤.៣៩វិនាទី ហើយធ្វើបានក្នុងថិរវេលា ១៤.២១វិនាទី នៅវគ្គផ្តាច់ព្រ័ត្រ។ គេនៅចាំបានថា សមិទ្ធផលថ្មីៗ ២លើកចុងក្រោយរបស់កីឡាករជម្រើសជាតិពិការកម្ពុជា វ៉ាន វ៉ុន ក៏ជាការបំបែកកំណត់ត្រាចាស់២ លើកកន្លងទៅដែរ គឺព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក នៅទីក្រុងរីយ៉ូ កាលពីឆ្នាំ២០១៦ វ៉ាន វ៉ុន បានប្រើថិរវេលា១៥.០២វិនាទី ក៏ដូចជាការប្រកួត ជើងឯកពិភពលោក នៅទីក្រុងឌូបៃ ប្រើថិរវេលា ១៤.៥៧វិនាទី។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបង្ហាញនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានឧបត្ថម្ភទាំងស្រុងដល់ ក្រុមប្រតិភូកីឡាពិការកម្ពុជា សម្រាប់បេសកកម្មជាប្រវត្តិសាស្ត្រ ប៉ារ៉ាឡាំពិក នៅប្រទេសជប៉ុនលើកនេះ។ ជាមួយគ្នានោះ ឯកឧត្តម​ក៏បានបង្ហាញអំណរគុណដល់ការគាំទ្រ ការយកចិត្តទុកដាក់តាមដានរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលផ្តល់ការគាំទ្រ លើកទឹកចិត្ តជូនដល់ក្រុមកីឡាពិការកម្ពុជាជានិច្ច ទោះក្នុងស្ថានភាពបែបណា ក៏ក្រុមកីឡាពិការកម្ពុជាតែងតែទទួលបានការលើកទឹកចិត្ត បង្ហាញ ពីសាមគ្គីភាព មោទនភាពជាតិ ដោយធ្វើឱ្យប្រភេទកីឡាពិការកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែងប្តេជ្ញាចិត្តបន្តបេសកកម្មថ្មីៗ នៅក្នុង ព្រឹត្តិការណ៍ អន្តរជាតិនាពេលខាងមុខ ក៏ដូចជាត្រៀមខ្លួនចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ប្រកួត អាស៊ានប៉ារ៉ាហ្គេម ជាបន្តបន្ទាប់។ ជាពិសេសគឺការត្រៀមខ្លួនការទទួលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ផងដែរ ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register