ក្រសួងព័ត៌មាន៖ ការផ្សាយពាក់ព័ន្ធដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងប្រមាថថ្នាក់ដឹកនាំ ក្នុងខែសីហា ឆ្នាំ២០២១ មានចំនួន១៦០ករណី

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ —  គណៈកម្មការតាមដានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មានបានបង្ហាញឱ្យដឹង​ថា សម្រាប់ខែសីហា ឆ្នាំ២០២១ តាមរយៈការស្រង់​ប្រភព​ដែលផ្សព្វផ្សាយសារ និងវីដេអូ ពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌​មាន​មិនពិត ញុះញង់ បំពុលសង្គម និងប្រមាថថ្នាក់ដឹក​នាំ​សរុបចំនួន១៦០ករណី ក្នុងនោះ​ព័ត៌​មានញុះ​ញង់ រិះគន់រាជរដ្ឋាភិបាល ប្រឌិតបំភ្លៃការ​ពិត និងបំពុលសង្គមចំនួន១០៦​ករណី។ នេះបើ​យោង​​តាមរបាយការណ៍របស់គណៈ​កម្ម​ការតាមដានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួង​ព័ត៌​មាន​​​ប្រចាំខែសីហា ឆ្នាំ២០២១។

ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និង​សោត​ទស្សន៍ និងជាអនុប្រធានអចិន្រ្ដៃយ៍គណៈកម្មការតាមដានផ្សព្វផ្សាយព័ត៌មាន​ក្លែង​ក្លាយ នៃក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្នុងចំណោមការផ្សាយព័ត៌មានមិនពិត ការ​ផ្សាយ​ដំណឹង​ក្លែងក្លាយ និងព័ត៌មានញុះញង់សរុបចំនួន១៦០ករណី ក្នុងនោះរួមមាន ញុះញង់ រិះគន់រាជរដ្ឋាភិបាល ប្រឌិតបំភ្លៃការពិត និងបំពុលសង្គមចំនួន១០៦ករណី។ ប្រមាថព្រះមហាក្សត្រ និង​ថ្នាក់​ដឹកនាំចំនួន៥៤ករណី។ ឯកឧត្ដមបានលើកឡើង​ថា ក្នុង​ចំណោមប្រភពដែលតែងតែផ្សាយព័ត៌មានមិនពិត ញុះញង់ប្រមាថខាង​លើគឺក្រុមការងារ​បានចាត់វិធានការបញ្ជូនទៅក្រុមការងារអន្ដរក្រសួង ដើម្បីស្រាវជ្រាវ និងចាត់វិធានការ​ចំនួន​​០៩ករណី (Tik Tok ០២ ​និង ហ្វេសប៊ុក០៧) ហើយសមត្ថកិច្ចបានទទួលស្រាវជ្រាវ និង​ចាត់វិធានការជាបន្ដបន្ទាប់។ ដោយឡែកក្រុមជនបង្កដែលនៅក្រៅប្រទេសគឺបាន​កំណត់មុខសញ្ញា និងកសាងសំណុំរឿងត្រៀមចាត់វិធានការបន្ដ។

ជាមួយគ្នានេះដែរ គណៈកម្មការបានទទួលសំណើសុំសហការពីក្រុមការងារអន្ដរ​ក្រសួង​ទាក់ទងនឹងការផ្សព្វផ្សាយរបស់អង្គភាពសារព័ត៌មានដែលធ្វើឱ្យមានការភាន់​ច្រឡំ​ពាក់ព័ន្ធនឹងគេហទំព័រសារព័ត៌មានចំនួន០៣ អង្គភាពផងដែរ។

ឯកឧត្ដមប្រតិភូបានបន្ដថា ចំពោះទិសដៅការងារ គណៈកម្មការបន្ដតាមដានការ​ផ្សាយព័ត៌មានមិនពិតតាមបណ្ដាញទំនាក់ទំនងសង្គមបន្ថែមទៀតដូចជាTwitters, WeChat, Telegram ជាដើម ក្រៅពី Facebook, You Tube និងTik Tok។ ស្វែងរកកិច្ចសហការ​ពីដៃគូ​នានា ជាពិសេសអ្នកតំណាងរបស់បណ្ដាញសង្គមនីមួយៗ ដោយកំណត់ និងចងក្រងមុខ​សញ្ញា ដែលផ្សាយព័ត៌មានមិនពិត ដើម្បីស្នើសុំកិច្ចសហការជាមួយក្រុមការងារ​អន្ដរ​ក្រសួង។

ឯកឧត្ដម ផុស សុវណ្ណ បានបន្ថែមទៀតថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឯកជន និងអ្នក​ជំនាញ​​បានចូលរួមបញ្ជាក់ បំភ្លឺ និងផ្សព្វផ្សាយបន្សាបនូវរាល់ការផ្សាយព័ត៌មានមិន​ពិត​ទាំង​​​​ឡាយ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងអំឡុងនៃការឆ្លង​រីក​រាល​ដាល​ជំងឺកូវីដ១៩ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ការអនុវត្ដវិធានការបិទ​ខ្ទប់ និងបញ្ហា​សង្គមនានា៕

ដោយ៖ រិទ្ធី

You do not have permission to write comment on this post.

Log in Register