អាជ្ញាធរខណ្ឌនីមួយៗនៅក្នុងរាជធានីភ្នំពេញ បាន និងកំពុងសម្អាតបរិស្ថាន នៅតាមសាលា ដើម្បីត្រៀមឱ្យសិស្សានុសិស្សបានចូលរៀនវិញ

Please log in or register to like posts.
ព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ —  អនុវត្តន៍តាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការ បោសសម្អាតសាលារៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមបើកសាលាឱ្យសិស្សបាន ចូលរៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កាលពីចុងសប្តាហ៍   អាជ្ញាធរខណ្ឌបឹងកេងកងដឹកនាំដោយ លោក ធឹម  សំអាន ជាអភិបាលខណ្ឌ និងមានការចូលរួមពីប្រជាពលរដ្ឋសិស្សានុសិស្សព្រមទាំងលោកគ្រូអ្នកគ្រូ  បានចូលរួមធ្វើពលកម្មដើម្បីសម្អាតបរិវេណវិទ្យាល័យ ជា  ស៊ីម បឹងកេងកង  ស្ថិតក្នុង សង្កាត់បឹងកេងកង  ខណ្ឌបឹងកេងកង  ដើម្បីទុកលទ្ធភាពឱ្យសិស្សបានចូលរៀន វិញប្រកប ដោយផាសុកភាព  ក្រោយពីទីតាំងសាលានេះត្រូវបានយកធ្វើជាមណ្ឌលចត្តាឡីស័ក និងជាទីតាំងសម្រាប់ចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ ក្នុងពេលកន្លងមក។

លោក ធឹម  សំអាន អភិបាលខណ្ឌបឹងកេងកង បានឱ្យដឹងថា ការធ្វើអនាម័យ នៅពេលនេះធ្វើឡើង ក្រោយពីទទួលបានការណែនាំ ពីឯកឧត្តម ឃួង  ស្រេង អភិបាល រាជធានីភ្នំពេញ ដោយត្រូវសម្អាតទីតាំងបរិវេណសាលាដើម្បីត្រៀមបើកឱ្យ សិស្សបានចូល រៀនវិញ។ ការធ្វើអនាម័យបរិស្ថាននៅពេលនេះមានការប្រើប្រាស់ថ្នាំសម្រាប់បាញ់សម្លាប់ មេរោគនៅតាមបន្ទប់  ព្រមទាំងការប្រមូលសំរាមនៅតាមទីធ្លាសាលា ក៏ដូចក្នុងថ្នាក់រៀន ផងដែរ។ លោកបានបន្ដថា ការធ្វើអនាម័យនេះ នឹងបន្តនៅតាមទីតាំងវិទ្យា ល័យផ្សេងៗ ទៀត ដើម្បីសម្អាតបរិស្ថាន និងអនាម័យ សម្រាប់ត្រៀមបើកសាលាឱ្យ សិស្សានុសិស្សបាន ចូលរៀនវិញនៅពេលខាងមុខនេះ។ 

ដោយឡែក នៅខណ្ឌច្បារអំពៅ  គណ:បញ្ជាការឯកភាពខណ្ឌបានសហការ ជាមួយវិទ្យាល័យច្បារអំពៅបានធ្វើការលាងសម្អាតរួចរាល់ នៅរង់ចាំតែការ បាញ់ថ្នាំសម្លាប់មេរោគនៅមុនការអនុញ្ញាតឱ្យសិស្សានុសិស្សចូលរៀនវិញ។

ចំណែកខណ្ឌចំការមន លោក  ថេង  សុថុល បានឱ្យដឹងដែរថា ក្នុងខណ្ឌចំការមន មិនមានវិទ្យាល័យណា ដែលដាក់ធ្វើជាមណ្ឌលចត្តាឡីស័កនោះទេ  តែទោះ បីជាយ៉ាងណា លោកថា ក្រោយពីទទួលការវាយតម្លៃ ពីអាជ្ញាធរក្រុងរួចថា អាចបើក ចូលរៀនវិញថ្ងៃណា លោកនឹងធ្វើការបោសសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគតែម្តង។

ការបើកដំណើរការគ្រឹះស្ថានអប់រំឡើងវិញ នៅរាជធានីភ្នំពេញ គឺកំពុងស្ថិតនៅ ក្នុងដំណាក់កាលត្រួតពិនិត្យ និងវាយតម្លៃ ដោយកំណត់បែងចែកភូមិសាស្ត្រជា៣ គឺភូមិសាស្ត្រ ដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រ ដែលពុំមានការឆ្លងរាលដាលជំងឺកូវីដ-១៩។ សម្រាប់ភូមិសាស្រ្ត ដែលអាចអនុញ្ញាតឱ្យបើក ដំណើរការគ្រឹះស្ថានអប់រំឡើងវិញ គឺជាភូមិសាស្ត្រ ដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លងរាលដាលជំងឺកូវីដ-១៩ រីឯភូមិសាស្ត្រ ដែលមានហានិភ័យ ខ្ពស់ គឺមិនអនុញ្ញាតនោះឡើយ។

សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានគ្រឹះស្ថានអប់រំរបស់រដ្ឋមានចំនួន ជាង២០០គ្រឹះស្ថាន ខណៈគ្រឹះស្ថានអប់រំឯកជន មានចំនួនជិត៥០០គ្រឹះស្ថាន។ ដោយឡែក សម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំឡើងវិញនេះ សាលារៀនមួយចំនួនដែលត្រូវបាន យកធ្វើជាកន្លែង សម្រាប់ធ្វើចត្តាឡីស័ក និងកន្លែងព្យាបាលជំងឺកូវីដ-១៩នោះ អាជ្ញាធរ រាជធានីភ្នំពេញ ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺ នៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ៕

ដោយ សួស សំរិត

You do not have permission to write comment on this post.

Log in Register