ប្រធានមន្ទីរកសិកម្មខេត្តតាកែវ អញ្ជើញចុះពិនិត្យមើលស្រែបង្ហាញដាំស្រូវជាជួរ របស់ប្រជាកសិករនៅឃុំបានកាម ស្រុកព្រៃកប្បាស

Please log in or register to like posts.
ព័ត៌មាន

AKP តាកែវ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ — លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និង​មន្ត្រីជំនាញ បានចុះពិនិត្យមើលស្រែបង្ហាញដាំស្រូវជាជួរ របស់បងប្អូនប្រជាកសិករ នៅ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ  កាលពីថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។

លោក ញ៉ិប ស្រ៊ន បានធ្វើការណែនាំ និងជំរុញ​ទៅដល់បងប្អូនប្រជាកសិករ សូម ប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរនេះឱ្យបានគ្រប់ៗគ្នានៅក្នុងសហគមន៍។ ព្រោះឧបករណ៍ នេះវានឹងជួយឱ្យស្រូវមានខ្យល់ចេញចូលគ្រប់គ្រាន់ និងកាត់បន្ថយការចំណាយពូជច្រើន ផងដែរ។

លោកបានបន្តថា ដើម្បីលើកស្ទួយការប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីសារប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានសហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃ កសិកម្មកម្ពុជាអូស្រ្តាលី (CAVAC) ធ្វើស្រែបង្ហាញដាំស្រូវជាជួរ ដោយប្រើឧបករណ៍នេះចំនួន ១៤ ដើម្បីបង្ហាញនៅក្នុងឆ្នាំ២០២១។ សម្រាប់ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ មន្ទីរបានធ្វើបង្ហាញដាំស្រូវជាជួរចំនួន៥បង្ហាញ ដោយប្រើពូជស្រូវសែនក្រអូបអស់ ចំនួន៤០០គីឡូក្រាម លើផ្ទៃដីចំនួន ២១ ៦០០ ម៉ែត្រក្រឡា។

លោក ញ៉ិប ស្រ៊ន បន្តទៀតថា គោលបំណងក្នុងការធ្វើស្រែបង្ហាញទៅដល់ ប្រជាកសិករនៅពេលនេះ គឺដើម្បីបង្កើនចំណេះដឹងដល់ប្រជាកសិករក្នុងការប្រើ ប្រាស់ឧបករណ៍ដាំស្រូវជាជួរ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយជំរុញ ឱ្យប្រជាកសិករប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរនេះ ពីព្រោះស្រូវដុះលូតលាស់ល្អ ដោយសារ មានចន្លោះជួរ ដែលអាចឱ្យមានពន្លឺ និងខ្យល់ចេញចូលបានគ្រប់គ្រាន់ និងដើម្បីកាត់បន្ថយ ការចំណាយគ្រាប់ពូជច្រើន។

ជាមួយគ្នានេះដែរ លោក ញ៉ិប ស្រ៊ន ក៏បានណែនាំបន្ថែមទៀតទៅ ដល់ប្រជាកសិករ អំពីបច្ចេកទេសនៃការធ្វើស្រែទាំងក្នុងរដូវវស្សា និងរដូវប្រាំងឱ្យទទួលបានទិន្នផលខ្ពស់ ក៏ដូចជាប្រាប់ពីវិធីនៃការចំណាយដើមទុន ក្នុងការធ្វើស្រែកុំឱ្យខាតបង់ដោយវិគាគសេដ្ឋកិច្ច និងធ្វើតារាងចំណូលខ្លួនឯងដើម្បីចំណាយក្រោយពេលប្រមូលផលស្រូវរួច៕

ដោយ អ៊ុច សៀង

You do not have permission to write comment on this post.

Log in Register