មន្ត្រីនៃមន្ទីរធនធានទឹករាជធានីភ្នំពេញ៖ ការជីកស្តារប្រឡាយម័រ សម្រេចបានប្រមាណ៩០ភាគរយហើយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ — ការជីកស្តារប្រឡាយម័រ នៅក្នុងភូមិសាស្រ្តភូមិមល សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែងជាង៣គីឡូម៉ែត្រ ដោយចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ សម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅសល់ប្រវែងប្រមាណ៤០០ ម៉ែត្រប៉ុណ្ណោះ។

មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៧ ខែកញ្ញានេះថា ក្រោមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  ក្រុមការងារ នៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បាននិងកំពុងធ្វើ សកម្មភាពស្តារប្រឡាយម័រ ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដែល មានប្រវែងជាង ៣គីឡូម៉ែត្រ ទទឹងចាប់ពី២០ម៉ែត្រ ទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយ បូមទឹកបឹងទំពុន។

មន្ត្រីដដែលឱ្យដឹងទៀតថា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុម ការងារជំនាញ បានបន្តដាក់គ្រឿងចក្រ ជីស្ដារប្រឡាយដើម្បី រំដោះទឹកចេញពីផ្នែកខ្លះ ប្រឡាយលូប្រាំ ប្រឡាយទួលពង្រទី១ និងផ្នែកខ្លះទៀតមកពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។ ការងារស្ដារប្រឡាយ ភូមិម័លនេះ ចែកចេញជា ៣តំណាក់កាល ក្នុងនោះ ដំណាក់កាលទី១  គឺក្រុមការងារដាក់គ្រឿងចក្រឈរនៅ លើដីគោក ចាប់ពីស្ថានីយ បូមទឹកលូប្រាំ ដំណាក់កាលទី២ និងទី៣ ត្រូវដាក់គ្រឿងចក្រក្នុង សាឡង់ចុះស្តារហូត ដល់ស្ថានីយបូមទឹកបឹងទំពន់ រហូតមកដល់ពេលនេះប្រឡាយភូមិម័ល ត្រូវបានក្រុមការងារ ស្ដារ និងកាយយកភក សំរាម និង ស្មៅ ដើមឈើដុះក្នុង ប្រឡាយស្រេចបាន ប្រមាណ៩០ភាគរយហើយ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពី ភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែក ខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ៕

ដោយ សួស សំរិត

You do not have permission to write comment on this post.

Log in Register