សមត្ថកិច្ចឃាត់រថយន្តដឹកខ្សាច់ធុនធ្ងន់៦គ្រឿង ត្រូវបានផាកពិន័យ និងឃាត់ទុកមួយឆ្នាំ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ — អនុវត្តន៍ច្បាប់ផ្លូវថ្នល់ សមត្ថកិច្ចបានឃាត់យានយន្តដឹក ជញ្ជូនខ្សាច់ធុនធ្ងន់ចំនួន ៦គ្រឿង ត្រូវបានផាកពិន័យ និងឃាត់ទុកចំនួន១ឆ្នាំ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរីចំនួន ៥គ្រឿង និង១គ្រឿងទៀត នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ដោយយោងតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

យោងតាមបណ្តាញសង្គមរបស់ក្រសួងសាធាណការ និងដឹកជញ្ជូន នៅថ្ងៃទី០៧ ខែកញ្ញានេះបានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយាន យន្តដឹក ជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងមន្ត្រីផ្សេងទៀតបានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការឃាត់ត្រួតពិនិត្យយានយន្តដឹកខ្សាច់ចំនួន ៥គ្រឿង ដែលដឹក លើសចាប់ពី ១៥តោន ដល់ ២២តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយសារផ្ទុកទម្ងន់លើសពី ២០ភាគរយ នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

ក្រសួងបានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើនៅលើផ្លូវជាតិលេខ៧៨ ក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី។ ដោយឡែក យានយន្តដឹកខ្សាច់ធុនធ្ងន់ ផ្ទុកទម្ងន់សរុប ៧០តោន ១គ្រឿងទៀត ដែលផ្ទុកលើស៣០តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដោយសារ ផ្ទុកទម្ងន់លើសពី ២០ភាគរយ នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ ស្តីពីផ្លូវថ្នល់។

ជាមួយគ្នានោះដែរ ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្ត ធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តន៍ តាមបទប្បញ្ញត្តិច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយគ្មានការលើកលែងឡើយ៕ 

ដោយ ប៊ុនរិទ្ធ

You do not have permission to write comment on this post.

Log in Register