MRC និងដៃគូពាក់ព័ន្ធ កំពុងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងហានិភ័យគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅអាងទន្លេមេគង្គក្រោម

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១​ —

តំបន់ទន្លេមេគង្គក្រោមនៅតែងាយរងគ្រោះខ្លាំងនូវការកើនឡើងនៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។ ដើម្បីគ្រប់គ្រងហានិភ័យដែលកំពុងកើនឡើងនេះ គណៈកម្មការទន្លេមេគង្គ (MRC) និងបណ្តាដៃគូ​របស់ខ្លួន​កំពុងដាក់​ពង្រាយនូវការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ប្រកបដោយភាពច្នៃ ប្រឌិត ដើម្បីជួយដល់បណ្តារដ្ឋាភិបាលនិងសហគមន៍ក្នុងការគ្រប់គ្រងលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ។

កាលពីដើមឆ្នាំនេះ MRC និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) បានបើកដំណើរការគម្រោង​ស្រាវ​ជ្រាវ​មួយក្រោមកម្មវិធីចែករំលែកចំណេះដឹងឆ្នាំ២០២០-២០២១(KSP)។ គម្រោងនេះមានគោលបំណង បង្ហាញអំពីដំណោះស្រាយបច្ចេកវិទ្យាខ្ពស់ដែលអាចជួយដល់ប្រទេសកម្ពុជាឡាវ ថៃ និងវៀតណាម ក្នុងការកាត់បន្ថយផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។ តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាផ្កាយរណបទំនើប បញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យធំវានឹងធ្វើឱ្យប្រសើរឡើងនូវយុទ្ធ សាស្ត្របន្ធូរបន្ថយនៃការឆ្លើយតបនិងផែនការផ្សព្វផ្សាយព័ត៌មាន។

លោក An PichHatda នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC បានលើកឡើងនៅក្នុងអំឡុងពេល​នៃសិក្ខាសាលាមួយដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីធ្វើសេចក្តី​សន្និដ្ឋាន​ទៅលើគម្រោង KSP ថា​ ការផ្លាស់ប្តូរវដ្តជលសាស្ត្រដែលបណ្តាលមកពីការឡើង​កំដៅផែនដី​និងសកម្មភាពអភិវឌ្ឍន៍អាចនាំមកនូវគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់កាន់តែខ្លាំង និងយូរជាងមុន​នៅ​ផ្នែកមួយចំនួននៅក្នុងពិភពលោក ហើយតំបន់ទន្លេមេគង្គក្រោមក៏ស្ថិតក្នុងចំណោមផ្នែកទាំង​នោះ​ដែរ។ លោកបានបន្ថែមថា “ការប្រែប្រួលអាកាសធាតុតម្រូវឱ្យប្រទេសនានាផ្តល់អាទិភាពចំពោះ​ការពង្រីក​យន្តការឆ្លើយតបរបស់ពួកគេ និងទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទំនើបៗដើម្បីសម្រួលដល់ សកម្មភាពប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយទាំងនេះ”។

នៅក្នុងសិក្ខាសាលាដែលបញ្ចប់របាយការណ៍នេះមន្រ្តីមួយចំនួនមកពីប្រទេសនៃអាងទន្លេមេ គង្គក្រោមទាំងបួនរួមជាមួយក្រុមអ្នកជំនាញកូរ៉េ បានពិភាក្សាអំពីការរកឃើញនិងអនុសាសន៍គោល​នយោបាយដែលកើតចេញពីគម្រោងដែលមានរយៈពេល៩ខែនេះ។ របាយការណ៍គោលនយោបាយ​នេះបានណែនាំឱ្យបង្កើតប្រព័ន្ធត្រួតពិនិត្យគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតដែលមានមូលដ្ឋាននៅលើផែនទីដោយវិភាគតំបន់ដែលងាយរងគ្រោះដោយសារគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត។ វិធានការ​ប្រឆាំងទាំងនេះប្រើប្រាស់ប្រព័ន្ធ AI រ៉ាដា និងផ្កាយរណបជាប្រព័ន្ធព្រមានជាមុនដែលរួម​បញ្ចូលនូវកត្តា​ដែលមានស្រាប់ដើម្បីជួយដល់ការធ្វើសេចក្តីសម្រេចនានាដូចជាការប្រកាសអំពីគ្រោះទឹកជំនន់ ឬ គ្រោះ រាំងស្ងួតជាដើម។លើសពីនេះទៀត បច្ចេកវិទ្យាទាំងនេះអាចប្រមូលទិន្នន័យឧតុនិយមដែល មាន​គុណភាពខ្ពស់សម្រាប់យុទ្ធសាស្ត្រគ្រប់គ្រងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតទូទាំងអាងទឹក។

របាយការណ៍នេះបានបង្ហាញអំពីការពង្រីកប្រព័ន្ធត្រួតពិនិត្យតាមពេលវេលាជាក់ស្តែងនិងការត្រួតពិនិត្យគុណភាពស្តង់ដារនៃទិន្នន័យដែលប្រមូលបានសម្រាប់ការចែករំលែក និងផ្សព្វផ្សាយព័ត៌ មានប្រកបដោយប្រសិទ្ធភាព។ អនុសាសន៍ទាំងនេះមិនមែនជាលទ្ធផលជាក់ស្តែងតែមួយគត់នៃកម្មវិធី រួម MRC-KDI នោះទេ។ នៅក្នុងគម្រោងនេះទាំងមូល ស្ថាប័នទាំងពីរបានបង្កើតបណ្តាញក្រុម​អ្នក​ជំនាញដែលអាចផ្តល់ប្រឹក្សានិងចែករំលែកព័ត៌មាន។ តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគ្នា ស្ថាប័នទាំងពីរបានទទួលនូវការយល់ដឹងដ៏មានតម្លៃនិងការយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាសំខាន់ៗមួយចំនួន។

លោកវេជ្ជបណ្ឌិត Chin Young Gon ទីប្រឹក្សាជាន់ខ្ពស់គម្រោង KSP-MRC ឆ្នាំ២០២០-២០២១ បានបញ្ជាក់ថា “នេះគឺជាឧទាហរណ៍ដ៏ល្អមួយនៃការគាំទ្រនូវការចែករំលែកចំណេះដឹងដែលជា លក្ខណៈពិសេសនៃវិធីសាស្រ្តរបស់ប្រទេសកូរ៉េក្នុងការអភិវឌ្ឍតំបន់ ហើយយើងចង់សហការជាមួយ MRC ក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតតាមរយៈគម្រោងKSP នាពេលអនាគត”។

គម្រោង KSP ឆ្នាំ២០២០-២០២១គឺជាគម្រោងទី២ដែលត្រូវបានអនុវត្តន៍រួមគ្នាដោយMRC និងKDI ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលកូរ៉េ។ គម្រោង KSP ដំបូងត្រូវបានដាក់ឱ្យដំណើរការ នៅក្នុងឆ្នាំ២០១៧ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-កូរ៉េ។ កិច្ច ព្រម ព្រៀងនេះបានផ្តល់ឱកាសដើម្បីសហការរួមគ្នាទៅលើការអភិវឌ្ឍវារីអគ្គិសនីការគ្រប់គ្រង និងការធ្វើ ផែនការអាងទន្លេ។

បន្ទាប់ពីកិច្ចពិភាក្សាលើបញ្ហាទាំងនោះមក ក្រុមអ្នកជំនាញទន្លេមេគង្គ និងកូរ៉េនឹងបញ្ចប់របាយ ការណ៍គោលនយោបាយនេះ និងកំណត់ថាតើត្រូវអនុវត្តន៍​អនុសាសន៍របស់របាយការណ៍នេះ​យ៉ាង​ដូចម្តេច។

គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតនៅតែជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់តំបន់ទន្លេមេគង្គដែលបណ្តាលឱ្យមានការខូចខាតនិងស្លាប់មនុស្សច្រើនជាងគ្រោះធម្មជាតិដទៃទៀត។ ផលប៉ះពាល់នៃ គ្រោះទឹកជំនន់តែឯងមានចំនួនដល់ទៅ៧០លានដុល្លារអាម៉េរិកជារៀងរាល់ឆ្នាំ។ ការខូចខាតទាំង នេះមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីយ៉ាងធ្ងន់ធ្ងរទៅលើសហគមន៍និងវិស័យនានាដែលរងផលប៉ះពាល់។ ការសិក្សាថ្មីៗរបស់MRC បានបង្ហាញថានិន្នាការទាំងនេះនឹងបន្តកើតមានក្នុងទសវត្សរ៍ ខាង មុខ ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាទាំងនេះ។

សម្រាប់ MRC ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលក្នុងតំបន់ទាំងមូល​នូវសកម្ម​ភាព​កាត់បន្ថយគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតព្រមទាំងលើកទឹកចិត្តដល់វិធីសាស្រ្តសហការគ្នាដែលផ្តល់ផលប្រយោជន៍ដល់បណ្តាប្រទេសជាសមាជិកទាំងបួនរបស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍ចុង ក្រោយនេះ MRC បានផ្តល់ដល់បណ្តាប្រទេសនៅតំបន់ទន្លេមេគង្គក្រោមនូវព័ត៌មាន ការព្យាករណ៍ និងឧបករណ៍គាំទ្រដល់ការធ្វើសេចក្តីសម្រេចដើម្បីការរៀបចំដែលមានភាពល្អប្រសើរជាងមុន ការ តាមដានត្រួតពិនិត្យនិងការឆ្លើយតបទៅនឹងហានិភ័យនៃគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត។ បច្ចុប្បន្ន នេះវាកំពុងធ្វើការងារដើម្បីបង្កើនប្រព័ន្ធព្យាករណ៍ និងសមត្ថភាពឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវ ភាពត្រឹមត្រូវ និងការផ្សព្វផ្សាយស្របពេលដែលបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

សូមជម្រាបជូនថា ចំពោះគម្រោងទាំងនេះគឺជាអាទិភាពយុទ្ធសាស្ត្រចម្បងនៅក្នុងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ថ្មីនៃអាងទន្លេ MRC ឆ្នាំ២០២១-២០៣០ និងផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ ​ក្នុងការ​ពង្រឹងភាពធន់ប្រឆាំងនឹងហានិភ័យអាកាស​ធាតុ​ និងការកើនឡើងនៃគ្រោះទឹកជំនន់និងគ្រោះរាំង​ស្ងួត។ គម្រោង KSP នឹងរួមចំណែកដល់ការសម្រេចបាននូវអាទិភាពយុទ្ធសាស្ត្រ៕

បកប្រែដោយ៖ យា ចិន្តាខន្តី ប្រភព៖ MRC

You do not have permission to write comment on this post.

Log in Register