ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ កំពុងស្តារប្រឡាយមេនៅក្នុងខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ — ក្រុមការងារ នៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បាន និងកំពុងស្តារ ប្រឡាយមេ ដែលមានប្រវែងជាង២គីឡូម៉ែត្រ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដើម្បីបើកផ្លូវទឹកឱ្យហូរបានលឿនទៅកាន់ស្ថានីយបូម ទឹកកប់ស្រូវ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានឱ្យដឹង នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះថា ដោយមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បាន និងកំពុងស្ដារប្រឡាយមេនៅអមផ្លូវ៣០ម៉ែត្រ ដែលមានប្រវែង២២៧៩ម៉ែត្រ ទទឹង៣០ម៉ែត្រ ជម្រៅ៥ម៉ែត្រ ចាប់ពីបុរីអង្គរ ដល់មុខក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ។

លោក ម៉ៅ ប៊ុនធឿន បានបន្តឱ្យដឹងទៀតថា ឯកឧត្តម ឃួង ស្រេង បានឱ្យមន្ទីរ ធនធានទឹក និងឧតុនិយម សហការជាមួយអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដើម្បីស្ដារប្រឡាយនេះ ដើម្បីឱ្យទឹកហូរបានលឿនទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ ហើយ ការងារនេះបានអនុវត្តន៍តាំងពីចុងខែសីហា ឆ្នាំ២០២១ ដោយយើងកាយសំរាម មែកឈើ និងភក់ចេញពីបាតប្រឡាយ។

លោកបានបញ្ជាក់ថា ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញ ពីខណ្ឌទួលគោក, ខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ហើយក្រុមការងារនៃមន្ទីរធន ធានទឹកនិងឧតុនិយម គឺត្រូវស្តារប្រឡាយមេមួយនេះជាប្រចាំ បើទោះបីមានការ លំបាកយ៉ាងក៏ដោយ  ដើម្បីធ្វើយ៉ាងណាបើកផ្លូវទឹកហូរឱ្យបានលឿនទៅកាន់ស្ថានីយកប់ស្រូវ កាត់បន្ថយបាននូវការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំងបីនេះ៕

ដោយ សួស សំរិត

You do not have permission to write comment on this post.

Log in Register