ខេត្តកំពង់ស្ពឺ នឹងឈានទៅបិទបញ្ចប់ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅតាមផែនការនៃប្រជាពលរដ្ឋចំនួន៦៩៣.៨១៧នាក់ ដែលត្រូវចាក់វ៉ាក់សាំង

Please log in or register to like posts.
ព័ត៌មាន

AKP កំពង់ស្ពឺ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ — ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអះអាងប្រាប់ AKP នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះថា ខេត្តកំពង់ស្ពឺនឹងឈានទៅបិទបញ្ចប់ ការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ ទៅតាមផែនការនៃប្រជាពលរដ្ឋចំនួន ៦៩៣.៨១៧នាក់ ដែលត្រូវ ចាក់វ៉ាក់សាំង។

ឯកឧត្តមបានបន្តថា គិតមកត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាពលរដ្ឋក្នុង ក្របខ័ណ្ឌខេត្តកំពង់ស្ពឺ ចាប់ពីអាយុ១២ឆ្នាំឡើង បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៥០៥.៦០០នាក់ ស្មើនឹង៧២,៨៧ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលត្រូវចាក់វ៉ាក់សាំង ចំនួន៦៩៣.៨១៧នាក់ គឺនៅសល់តែ១៥១ ៤៣១នាក់ ប៉ុណ្ណោះ ដែលមិនទាន់បានចាក់ វ៉ាក់សាំង។ មានន័យថា ដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅទូទាំង ខេត្ត កំពង់ស្ពឺមានវឌ្ឍនភាពដ៍ល្អ យើងនៅសល់ប្រមាណជាង២០ភាគរយប៉ុណ្ណោះ ខេត្តនឹងសម្រេច បានតាមផែនការដែលបានដាក់ចេញ។

បច្ចុប្បន្នរដ្ឋបាលខេត្តកំពង់ស្ពី បាននឹងកំពុង ជំរុញ ឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ឱ្យបានតាមផែនការកំណត់ របស់រាជរដ្ឋាភិបាល ខណៈខេត្តកំពង់ស្ពឺ មានប្រជាពលរដ្ឋប្រមាណជាង២០ភាគរយប៉ុណ្ណោះ ដែលមិនទាន់បានចាក់វ៉ាក់សាំង។

 គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌខេត្ត ចាប់ពីអាយុ១៨ឆ្នាំឡើង ចំនួន៤២៧ ១៩៩នាក់ ស្មើនឹង៧៣,៨៣ភាគរយទទួលបានការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួច និងកុមារ យុវវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួន៧៨ ៤០១នាក់ ស្មើនឹង៦៨,០៦ភាគរយ ត្រូវបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ ហើយដែរ៕

ដោយ លឹម សាន្ត

You do not have permission to write comment on this post.

Log in Register