ឯកឧត្តម ឃួង ស្រេង៖ ការគ្រប់គ្រង និងដឹកសំរាមនៅរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរជាងមុន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ — នៅក្នុងដំណាក់កាលនេះ ការគ្រប់គ្រង និងដឹកសំរាមចេញពីរាជធានីភ្នំពេញ មាន លក្ខណៈល្អប្រសើរជាងមុន ដោយមានក្រុមហ៊ុនចំនួន៣ ដើម្បីដឹកជញ្ជូន ប្រមូលសំរាមនៅក្នុង រាជធានីភ្នំពេញ ជាលក្ខណៈប្រកួតប្រជែងគ្នា។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បញ្ហាសំរាម សំណល់រឹងនៅក្នុងរាជធានីភ្នំពេញ ពេលនេះមានលក្ខណៈល្អប្រសើរជាងមុន ដោយយើងមាន ក្រុមហ៊ុនចំនួន៣ ដើម្បីដឹកសំរាមចេញពីរាជធានីភ្នំពេញទៅចាក់នៅទីលានចាក់សំរាម ហើយ ក្នុងចំណោមក្រុមហ៊ុនទាំង៣នេះ មានក្រុមហ៊ុនមួយអនុវត្តន៍ការងារបានល្អជាងគេ គឺក្រុមហ៊ុន Mizuda Group Co.,Ltd  បើទោះបីតម្លៃសំរាមក្រុមហ៊ុននេះ ថ្លៃជាងក្រុមហ៊ុន២ទៀតបន្តិចក្តី។

ឯកឧត្តម បានបញ្ជាក់ថា អ្វីដែលនៅខ្វះខាតមិនទាន់បានល្អនោះ គឺបងប្អូនប្រជាពលរដ្ឋ គាត់បញ្ចេញសំរាមមិនទាន់ពេលវេលា និងមិនត្រូវតាមពេលម៉ោងកំណត់។ តែទោះបីជា យ៉ាងណាក្តី ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការឱ្យបានល្អប្រសើរ ។ ឯកឧត្តម បានទទួលស្គាល់ថា ការទុកដាក់ និងដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញមិនទាន់ល្អ ឥតខ្ចោះ នៅឡើយទេ បើប្រៀបធៀបទៅនឹងទីក្រុងនានានៅជាប់ភូមិផងរបងជាមួយនឹងកម្ពុជាយើង។ តែការងារនេះយើងនឹងអនុវត្តន៍ឱ្យល្អបន្តិចម្ដងៗ មិនឱ្យចាញ់ទីក្រុងរបស់គេឡើយ យើងនឹង ធ្វើការងារនេះព្រមព្រមគ្នា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

នេះជាការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមអធិបតីភាព  ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ខណៈដែលក្រុមប្រឹក្សា រាជធានីភ្នំពេញ បានលើកឡើងពីការងារគ្រប់គ្រងសំណល់បរិស្ថាន និងអនាម័យ និងស្នើសុំឱ្យមន្ត្រីបរិស្ថានចុះជំរុញការងារការប្រមូលដឹកជញ្ជូនសំរាមនៅតាមតំបន់ គួរដាក់ លេខទូរស័ព្ទដើម្បីសហការផ្ដល់ព័ត៌មានបានលឿនពីបណ្ដាមូលដ្ឋាន ដែលមានសំរាម កកស្ទះ៕

ដោយ សួស  សំរិត

You do not have permission to write comment on this post.

Log in Register