ក្នុងខែសីហា ឆ្នាំ២០២១កន្លងទៅនេះ សមត្ថកិច្ចបានបង្រ្កាបបទល្មើសគ្រឿងញៀន​សរុបបានចំនួន៤៤០ករណី

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ — សម្រាប់ខែសីហា ឆ្នាំ២០២១ ដែលនៅក្នុងរយៈពេល១ខែនេះ សមត្ថកិច្ចបង្ក្រាបបានបទ​ល្មើសគ្រឿងញៀនសរុបចំនួន ៤៤០ករណី កើនឡើង១១១ករណី ស្មើនឹង៣៣,៧ភាគរយ ធៀបនឹងខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការ របស់សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយ​នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ។

បើតាមសម្តេចក្រឡាហោម ស ខេង ករណីល្មើសដែលបង្ក្រាបបានទាំង​នោះរួម​មាន ករណីរក្សាទុកជួញដូរ និងរក្សាទុកមានចំនួន៣៥៥ករណី, ករណីប្រើប្រាស់​មាន​ចំនួន៨៤ករណី និងករណីសំយោគកែច្នៃ១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន​៨៦១​នាក់។ ចំនួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទាំងនេះ មានការកើន​ឡើង​ចំនួន១២នាក់ ធៀបនឹងខែកក្កដា ឆ្នាំ២០២១ ស្មើនឹង១,៤ភាគរយ។

សម្ដេចក្រឡាហោមបានបន្ដថា ក្នុងចំណោមជនសង្ស័យទាំនោះ រួមមានជន​សង្ស័យ​ក្នុងករណីជួញដូរ និងរក្សាទុកមានចំនួន៦៥០នាក់, ជនសង្ស័យក្នុងករណីប្រើ​ប្រាស់គ្រឿងញៀន២១០នាក់ និងជនសង្ស័យក្នុងករណីសំយោគ កែច្នៃ មាន០១នាក់។ មានជនបរទេស២១នាក់ ស្ថិតក្នុងចំណោមជនសង្ស័យទាំងនោះ។ សម្តេចក្រឡាហោម​បានគូសបញ្ជាក់ថា បើទោះបីជាករណីគ្រឿងញៀន និងចំនួនជនសង្ស័យដែលសមត្ថកិច្ច​បង្ក្រាប និងឃាត់ខ្លួនបាន មានការកើនឡើងធៀបនឹងខែកក្កដា ប៉ុន្តែក្នុងកិច្ចប្រតិបត្តិ​ការ​ក្នុងខែសីហានេះ ចំនួនគ្រឿងញៀនដែលសមត្ថកិច្ចចាប់យកបានថយចុះ១៦១គីឡូក្រាម និង៥៤៨,១៧ក្រាម ថយចុះ៧៣,៦ភាគរយ ពោលគឺសមត្ថកិច្ចយើងបានចាប់យកគ្រឿង​ញៀនសរុបចំនួន៥៧គីឡូក្រាម និង៩១២,៥៤ក្រាម ធៀបនឹងខែកក្កដា ដែលមានគ្រឿង​ញៀនចាប់យកជិត២២០គីឡូក្រាម។ កំណើនកាលពីខែកក្កដានោះ ក៏ដោយសារសមត្ថកិច្ច​យើង​​បង្ក្រាបបានករណីធំៗ។

សូមជម្រាបជូនថា គ្រឿងញៀនដែលចាប់បានក្នុងខែសីហា ឆ្នាំ២០២១នេះ រួមមាន មេតំហ្វេតាមីនក្រាមម្ស៉ៅជាង៣៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ជា៣៥គីឡូក្រាម, អ៊ិច ស្រ្តាស៊ី ជាង១២គីឡូក្រាម, កេតាមីនជាង៧គីឡូក្រាម, Ninetazepamជាង២០០ក្រាម និងកញ្ឆាស្ងួតជាង១គីឡូក្រាម ៕

ដោយ ចាន់ សុធីវង្ស

You do not have permission to write comment on this post.

Log in Register