សប្តាហ៍ទី២ ខែកញ្ញានេះ មានភ្ញៀវទេសចរជាង៦ម៉ឺននាក់ ដើរកម្សាន្តនៅទូទាំងប្រទេស

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១– តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលទទួលបានពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា ក្នុងសប្ដាហ៍ទី២ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ សរុបចំនួន ៦៣ ៤២១ នាក់ ក្នុងនោះ​មាន​ភ្ញៀវជាតិ ៦២ ៤៦២នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង ៩៥៩នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* រាជធានីភ្នំពេញ ១៨ ៨៤៦នាក់

* ខេត្តកំពត ១៥ ៧២១នាក់

* ខេត្តកែប ៧ ៥៧០នាក់

* ខេត្តតាកែវ ៣ ៧៣៦នាក់

* ខេត្តព្រះសីហនុ ៣ ៣៨៤នាក់

* ខេត្តពោធិ៍សាត់ ៣ ២៥៨នាក់

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា តួលេខនេះមានការកើនឡើង ២៤,២៥ភាគរយ ធៀបនឹង​សប្តាហ៍​កន្លងទៅ។ ជាការវាយតម្លៃបឋម ចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅមិនទាន់មានចំនួនច្រើននៅឡើយទេ ខណៈរាជធានី-ខេត្តមួយ​ចំនួននៅ​បន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែក ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា មន្ទីរទេសចរណ៍ដែលជាសេនាធិការឱ្យរដ្ឋបាលរាជធានី-ខេត្ត បាននិងកំពុងជំរុញការផ្សព្វផ្សាយ និងចុះអនុវត្តន៍យ៉ាងសកម្មនូវវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដារអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍​បានដាក់ឱ្យ​អនុវត្តន៍កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១កន្លងមក នៅតាមមូលដ្ឋានអាជីវកម្មស្នាក់នៅ ភោជនីយ ដ្ឋាន រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ប្រកបដោយ​សុវត្ថិភាពចាកផុតពីជំងឺកូវីដ-១៩ និងធានាបាននូវគុណភាពសេវាកម្មប្រកបដោយភាពពេញចិត្ត។

ជាងនេះទៀត ក្រសួងទេសចរណ៍ក៏បានដាក់ចេញសារាចរណែនាំ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល​ទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ផងដែរ៕

ដោយ​ ម៉ៅ ចរិយា

You do not have permission to write comment on this post.

Log in Register