ប្រជាកសិករខេត្តកំពង់ធំ ធ្វើស្រែវស្សាបានជាង១០៧ភាគរយ នៃផែនការ

Please log in or register to like posts.
ព័ត៌មាន

AKP កំពង់ធំ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ — លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំបានឱ្យ ដឹងកាលពីល្ងាចថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញានេះ ប្រជាកសិករខេត្តកំពង់ធំធ្វើស្រែវស្សា បានចំនួន២២៩៦០២ហិកតា ស្មើនឹង១០៧,៦៤ភាគរយនៃផែនការ ចំនួន ២១៣៣០០ហិកតា បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន គឺខ្ពស់ជាងចំនួន១៤០៩២ហិកតា។

លោក ប៉ែន វណ្ណរិទ្ធ បានឱ្យដឹងថា ស្រូវវស្សាដែលធ្វើបានទាំងនោះមាន ស្រូវវាឬស្រូវ ឡើងទឹកព្រោះបានចំនួន៣៦៣៣ហិកតា ព្រោះនិងស្ទួងស្រូវធ្ងន់ចំនួន ៤៧៩៣៨ហិកតា ព្រោះនិងស្ទួងស្រូវកណ្ដាលចំនួន៩៩៤៥៧ហិកតា ព្រោះនិងស្ទូងស្រូវ ស្រាលបានចំនួន ៧៨២៣៥ហិកតា ក្នុងនោះស្រូវស្រាលបង្កើនរដូវចំនួន៣៦៦៧៣ហិកតា និងស្រូវស្រាល ធម្មតាចំនួន៤១៥៦២ហិកតា និងដាំស្រូវចំការបានចំនួន៣៣៩ហិកតា។ រយៈពេលជាមួយគ្នា នេះដែរប្រជាកសិករខេត្តកំពង់ធំបានធ្វើការប្រមូលផលស្រូវស្រាល បង្កើនរដូវបាន ចំនួន៤៩៥៩៦ហិកតា ដោយទទួលបានទិន្នផលមធ្យម៤,៣០៤តោន ក្នុង១ហិកតា។ តម្លៃស្រូវ ពូជ(៥៤៥១)សើមជាមធ្យមថ្លៃចន្លោះពី៧៨០ទៅ៨០០រៀល ក្នុង១គីឡូក្រាម។ ពូជ(៤៩) តម្លៃជាមធ្យមចន្លោះពី៨៨០ទៅ៩០៥រៀលក្នុង១គីឡូក្រាម និងស្រូវសែនក្រអូបសើម តម្លៃជា មធ្យមចន្លោះពី៨៩០ទៅ៩១០រៀលក្នុង១គីឡូក្រាម។

លោក ប៉ែន វណ្ណរិទ្ធ បានឱ្យដឹងទៀតថា ក្នុងរយៈពេលជាមួយគ្នានេះដែរ ប្រជា កសិករខេត្តកំពង់ធំបានដាំដំណាំរួមផ្សំផ្សេងៗបានចំនួន៥១២៨៣ហិកតា ក្នុងនោះដំណាំ ឪឡឹក ចំនួន១២៥១ហិកតា ពោតចំនួន៤៨១ហិកតា ដំឡូងមីចំនួន៤៨៤៣៧ហិកតា សណ្ដែកបាន ចំនួន៤៣៥ហិកតា បន្លែគ្រប់មុខចំនួន៦៤១ហិកតា ដំណាំអំពៅចំនួន២៤ហិកតា និងដំណាំ ដំឡូងជ្វាចំនួន៨ហិកតា៕

ដោយ ស៊ុម វណ្ណា

You do not have permission to write comment on this post.

Log in Register