ក្រុមហ៊ុនសាប៊ូលីប៉ាយ ប្រកាសផ្តល់សាប៊ូដល់គ្រប់គ្រឹះស្ថានសិក្សាទូទំាងប្រទេស

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ  ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ — ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុង ប្រទេសកម្ពុជាយើង ក្នុងឱកាសបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ ក្រុមហ៊ុន សាប៊ូលីប៉ាយ បានប្រកាសផ្តល់ជូនដល់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់នូវ សាប៊ូលីប៉ាយ សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រើប្រាស់។

ការប្រកាសផ្តល់ជូននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ខណៈដែល ក្រុមហ៊ុនសាប៊ូលីប៉ាយ បានរៀបចំកម្មវិធីសប្បុរសធម៌នៅវិទ្យាល័យច្បារអំពៅក្នុងរាជធានី ភ្នំពេញ ក្រោមវត្តមាន លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ  នាយកវិទ្យាល័យ តំណាងក្រុមហ៊ុនសាប៊ូលីប៉ាយ និងលោកគ្រូ អ្នកគ្រូផងដែរ។

លោក ម៉ាន់  ពន្លឺពេជ្រ  តំណាងក្រុមហ៊ុនសាប៊ូលីប៉ាយ បានបញ្ជាក់ថា ស្របទៅតាម វិធានការនៃការចូលរួមការបង្ការ ទប់ស្កាត់ស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាលលើ វិធានការ «៣កុំ ៣ការពារ» និងគាំទ្រក្នុងការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសាធារណៈ និងឯកជន។ ដោយមើលឃើញពីសារៈសំខាន់ និងតម្រូវការចាំបាច់ក្នុងការប្រើប្រាស់សាប៊ូ ដើម្បីលាងសម្អាតដៃ និងអនាម័យក្នុងបន្ទប់ទឹកនោះ  ទើបក្រុមហ៊ុនសម្រេចផ្តល់ជូនសាប៊ូ ទៅកាន់គ្រឹះស្ថានសិក្សាទាំងអស់ អាចប្រើប្រាស់បានតាមតម្រូវការភ្លាមៗ ហើយគម្រោង ផ្តល់ជូននេះ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ចាប់ពីថ្ងៃប្រកាសនេះតទៅ។

លោកតំណាងក្រុមហ៊ុន រំពឹងដែរថា ការផ្តល់ជូននេះនឹងបានចូលរួមចំណែក យ៉ាង សំខាន់ និងចូលរួមការពារសុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដោយ សាប៊ូទាំងនេះអាចប្រើប្រាស់បានក្នុងកន្លែងលាងដៃ និងកន្លែងដែលមានមនុស្សចេញចូល ញឹកញាប់ ដូចជាបន្ទប់ទឹកជាដើម។

ជាមួយគ្នានោះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចាត់ទុកថា ការផ្តល់ សាប៊ូលីប៉ាយរបស់ក្រុមហ៊ុននេះ ជាការចូលរួមចំណែករបស់ផ្នែកឯកជន ចូលរួមជាមួយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការរីករាតត្បាត ជំងឺកូវីដ-១៩។

លោកអភិបាលខណ្ឌច្បារអំពៅ ក៏បានថ្លែងកោតសរសើរដល់គុណបំណាច់របស់ សម្តេចតេជោ មិនត្រឹមតែជួយរំដោះជីវិតប្រជាពលរដ្ឋកម្ពុជាពីរបបខ្មែរក្រហមប៉ុណ្ណោះទេ ថែម ទាំងបានការពារអាយុប្រជាពលរដ្ឋកម្ពុជា តាមរយៈការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែល មកដល់ពេលនេះ ស្ទើរតែគ្រប់ ១០០ភាគរយ នៅទូទាំងប្រទេស។

លោក ចេង មុនីរ៉ា បានឱ្យដឹងថា មានវិទ្យាល័យចំនួន៤ និងអនុវិទ្យាល័យចំនួន៤ នៅ ក្នុងខណ្ឌច្បារអំពៅបើកដំណើរជាលើកដំបូងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ហើយលោក ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ត្រូវបង្កើនការអនុវត្តវិធានការ ៣កុំ ៣ការពារ និងជំរុញដល់សិស្សានុសិស្ស ឱ្យធ្វើលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ដែល ក្រុមហ៊ុនលីប៉ាយបានចែកជូននាពេលនេះ៕

ដោយ សួស សំរិត

You do not have permission to write comment on this post.

Log in Register