រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ប្រគល់អំណោយផ្លែ ល្មើ ជូនដល់បណ្តាវិហារឥស្លាម សម្រាប់ស្រាយ បួសខែរ៉ាម៉ាឌន នៅទូទាំង​ស្រុកកោះសូទិន ខេត្ដកំពង់ចាម

Please log in or register to like posts.
ព័ត៌មាន

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ប្រគល់អំណោយផ្លែ ល្មើ ជូនដល់បណ្តាវិហារឥស្លាម សម្រាប់ស្រាយ បួសខែរ៉ាម៉ាឌន នៅទូទាំង​ស្រុកកោះសូទិន ខេត្ដកំពង់ចាម

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានប្រគល់អំណោយផ្លែល្មើ សម្រាប់​ស្រាយ បួសខែរ៉ាម៉ាឌន ដល់បណ្តាវិហារឥស្លាម នៅទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម និង បាន​ផ្តល់ជូនថវិកាបន្ថែម ក្នុង១វិហារឥស្លាម ទទួលបានថវិកាចំនួន ១ លានរៀល។ ពិធីនេះបានធ្វើ​ឡើង នាព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ។

តាមការបញ្ជាក់របស់ ឯកឧត្តម ស្លេះ ណាស៊ី បានឱ្យដឹងថា នេះជាឆ្នាំទី ៣ ហើយ ដែល មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានទទួលអំណោយជាផ្លែល្មើ ពីបណ្តាសប្បុរសជន នៅប្រទេស សិង្ហបុរី និងពីអេមីរ៉ាត អារ៉ាប់រួម សរុបចំនួន ១២ តោន។ ឯកឧត្ដមបានបន្ដថា សម្រាប់​អំណោយជា ផ្លែល្មើនេះ គឺបែងចែកដល់វិហារឥស្លាមទាំង៦ ក្នុងស្រុកកោះសូទិន ខេត្ត កំពង់​ចាម ហើយការ បែងចែកដល់ប្រជាពលរដ្ឋខ្មែរឥស្លាមសរុបជាង ១,៦០០ គ្រួសារ។ ក្រៅពីនេះ​​ក្រុមការងារមជ្ឈ មណ្ឌលព័ត៌មានមូស្លីមកម្ពុជា នឹងចែកទៅតាមបណ្តាស្រុក​ផ្សេង​ទៀត ដែល​មានបងប្អូនខ្មែរ ឥស្លាមរស់នៅផងដែរ។

ឯកឧត្តម ស្លេះ ណាស៊ី បានបញ្ជាក់បន្ថែមថា បើតាមមាគ៌ាទំនៀមទម្លាប់នៅក្នុង​សាស​នា​ឥស្លាមបានយល់ឃើញថា ផ្លែល្មើបានផ្តុំឡើងដោយវីតាមីនជាច្រើនប្រភេទ នៅតំបន់ អារ៉ាប់ ហើយជាងនេះជាមាគ៌ានៃទម្លាប់ នៅពេលពិធីស្រាយបួស គឺសាសនិកឥស្លាម ទទួល​ទាន​​ចំនួន ២ ទៅ ៣ គ្រាប់មុនទទួលទានអាហារ ផ្សេងៗបន្ថែមទៀត។

ជាមួយគ្នានេះដែរ សម្រាប់ផ្លែល្មើចំនួន ២ តោន ដែលទទួលបានពីឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានយកទៅចែកជូនដល់អគ្គនាយកដ្ឋានទាំង៥ ដោយក្នុង១ អគ្គនាយកដ្ឋាន ទទួលបានចំនួន ១០០គីឡូក្រាម ហើយសម្រាប់ស្ថានីយ៍វិទ្យុជាតិFM96 ទទួលបាន៥០ គីឡូក្រាម។

បន្ទាប់ពីបានទទួលអំណោយជាផ្លែល្មើ និង​ថវិកា រួចមក តំណាងបងប្អូនខ្មែរឥស្លាម​ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម បានសម្ដែងនូវអំណរគុណចំពោះឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងក្រុមការងារទាំងអស់ ដែលជានិច្ចកាលតែងតែគិតគួរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនខ្មែរឥស្លាម ហើយក៏បានផ្តល់នូវស្បៀងអាហារ ថវិកា និងផ្លែល្មើនេះ ដល់បណ្តាវិហារ ឥស្លាម ជារៀងរាល់ឆ្នាំផងដែរ។

សូមបញ្ជាក់ផងដែរថា សម្រាប់ពិធីស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំនេះគឺបានធ្វើឡើងចាប់ពី ថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា
Credit:http://akp.gov.kh/kh/post/detail/31807

You do not have permission to write comment on this post.

Log in Register