ម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំ ដឹកមកដល់ខេត្តកោះកុងហើយ សម្រាប់ជួយសង្រ្គោះ​បន្ទាន់ចំពោះអ្នកជំងឺកូវីដ១៩កម្រិតធ្ងន់

Please log in or register to like posts.
ព័ត៌មាន

AKP កោះកុង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១​​ —

ម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំមិនធ្លាប់មានបានបញ្ជាទិញពីប្រទេសចិន ដែលជាឧបត្ថម្ភ​ដោយឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដឹកមកដល់ខេត្ត​កោះកុង ហើយ ដើម្បីបម្រើដល់ការងារជួយសង្រ្គោះបន្ទាន់អ្នក ជំងឺកូវីដ១៩កម្រិតធ្ងន់។ ម៉ាស៊ីន​បច្ចេកវិទ្យា​ទំនើបនេះគឺមានអនុភាពផលិតអុកស៊ីសែនក្នុង១ថ្ងៃបានដល់ទៅ១០ធុងធំៗស្មើនឹង៤០លីត្រ ត្រូវបានក្រុមការងារបច្ចេកទេសកំពុងរៀបចំតម្លើងនៅក្នុងអគារ​មាន​សុវត្ថិ​ភាពនៅក្បែរ​មន្ទីរពេទ្យបង្អែកខេត្តកោះកុង។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងបានបញ្ជាក់​ឱ្យដឹង​កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា ចាប់ពីពេល នេះតទៅ បញ្ហាខ្វះខាតអ៊ុកស៊ីសែន​ជួយ​សង្រ្គោះអ្នកជំងឺកូវីដ១៩ ឬអ្នកជំងឺទូទៅផ្សេងៗលែងជួបបញ្ហាប្រឈមទៀត ខណៈ​ ដែល​បច្ចុប្បន្ន ពេលអស់អុកស៊ីសែនត្រូវដឹកជញ្ចូនទៅរាជធានីភ្នំពេញ ដើម្បីដោះដូរ។ លោក​​ប្រធានមន្ទីរលើកឡើងថា ក្រោមការយកចិត្តទុកដាក់ ឧបត្ថម្ភរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់​ធ្នាប់​តាមគោលដៅ និងតំបន់ចត្តាឡីស័ក គឺម៉ាស៊ីនទំនើបនេះដែរ អាចផលិតអ៊ុកស៊ីសែន​បានក្នុង១ថ្ងៃ១០​ធុងធំៗ ស្មើនឹង៤០លីត្រ ប្រសិនបើ២៤ម៉ោង ស្មើនឹង២៤០ធុង។

ជាមួយគ្នានេះដែរ ក្រុមការងារបច្ចេកទេសជំនាញ រៀបចំតម្លើងម៉ាស៊ីន ក្នុងនោះ អាជ្ញាធរ និងមន្រ្តីជំនាញ ក៏កំពុងរង់ចាំការតម្លើង ត្រង់ស្វូភ្លើងអគ្គិសនីតចូលអគារ​សុវត្ថិភាព​ពីក្រុមហ៊ុន LYP Group រួចហើយនឹងដំណើរការឆាប់ៗនេះ។

សូមជម្រាបជូនថា ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានអនុគណៈ​កម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក កាលពី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងអគារសង្រ្គោះ បន្ទាន់អ្នកជំងឺ កូវីដ១៩កម្រិតធ្ងន់ធ្ងរ ដោយឯកឧត្តមសម្រេចយកអគារអតីតសាលាខេត្ត ចាស់ដើម្បីកែលម្អត្រៀមដាក់អ្នកជំងឺ។ ទន្ទឹមនេះ សម្រេច កំណត់យកទីតាំងអតីតអគារ​រដ្ឋ​បាលខេត្តកោះកុងចាស់ ធ្វើជាអគារសម្រាប់សង្រ្គោះព្យាបាលបន្ទាន់ចំពោះអ្នកជំងឺកូវីដ១៩​ ដែលមាន អាការៈធ្ងន់ធ្ងរ។ យោងតាមការចាំបាច់ចំពោះមុខលើការងារប្រយុទ្ធនឹងជំងឺកូវីដ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជំរុញ ឱ្យក្រុមការងារជំនាញកែលម្អ​បន្ថែម​លើស្ថានភាពអគារដែលមានស្រេច ដោយបន្ថែមគ្រែសម្រាកចំនួន៤០គ្រែ ក្រុមគ្រូពេទ្យ​ចំនួន​៣៦នាក់ ម៉ាស៊ីនផលិតអុកស៊ីសែន និងបំពាក់គ្រឿងសម្ភារវេជ្ជសាស្រ្តទំនើបៗជា​ច្រើន​ទៀត៕

ដោយ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្ដកោះកុង

You do not have permission to write comment on this post.

Log in Register