អភិបាលខេត្ដពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ នឹងទទួលបានរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ថ្មីមួយបន្ថែមទៀតលើសមិទ្ធផលដែលមានក្នុងខេត្ត

Please log in or register to like posts.
ព័ត៌មាន

AKP ពោធិ៍សាត់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ — ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានលើកឡើងថា ក្រោម​ម្លប់នៃ «សន្តិភាព» ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានផ្តល់ជូនកាដូពិសេសថ្មីមួយ សម្រាប់ខេត្តពោធិ៍សាត់ គឺរោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ដែលរោងចក្រនេះ​អាចស្រូប​យក​កម្លាំងពលកម្ម បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹង​តម្រូវការទីផ្សារក្នុងស្រុក។ ការលើកឡើងនេះ ក្នុងកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើគម្រោង​វិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុម​ហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត Ford Renger និងរថយន្ត Ford Everes កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយ​បានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង​គណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិ​ការវិនិយោគកម្ពុជា។

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ ដោយបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានធ្វើឱ្យមាតុប្រទេសរបស់យើង មាន​ការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់។ ឯកឧត្ដមបានបន្ដថា ខេត្តពោធិ៍សាត់ត្រូវបានទទួល នូវមរតកអមតៈជាច្រើន ដែលថ្ងៃនេះទទួលបាននូវមរតកថ្មីមួយបន្ថែមទៀត គឺរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត តំណាងឱ្យពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តមសូម​ស្វាគមន៍យ៉ាងកក់ក្តៅ និងសូមទទួលយក ព្រមទាំងចូលរួមទៅតាមលទ្ធភាព ជាមួយនឹង​ការតម្លើងរោងចក្រនេះ។ ឯកឧត្តមអភិបាលខេត្ដសង្ឃឹមយ៉ាងមុតមាំថា រោងចក្រនេះ ដែល​បង្កើតនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ នឹងធ្វើឱ្យមានការលើកកម្ពស់នូវជីវភាព កាត់បន្ថយ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសគឺយើងទទួលបាន នូវការស្រូបយក​ទីផ្សារ​ពលកម្ម ដែលទាំងនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងណាស់ ក្រោមម្លប់នៃសន្តិភាព ដែលសម្តេចបានយកអាយុជីវិតទៅប្តូរ ទើបមានការអភិវឌ្ឍនៅលើទឹកដីនៃមាតុភូមិយើង៕

ដោយ រិទ្ធី ប្រភព៖ រដ្ឋបាលខេត្ដពោធិ៍សាត់

You do not have permission to write comment on this post.

Log in Register