ក្រុមហ៊ុន TANICHU នៃប្រទេសជប៉ុន នាំយកម៉ាស៊ីនចំហ៊ុយឯកសារការងារ សម្លាប់មេរោគប្រគល់​ជូនក្រសួងព័ត៌មាន

Please log in or register to like posts.
ព័ត៌មាន

ក្រុមហ៊ុន TANICHU នៃប្រទេសជប៉ុន នាំយកម៉ាស៊ីនចំហ៊ុយឯកសារការងារ សម្លាប់មេរោគប្រគល់​ជូនក្រសួងព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ — ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ នោះ ក្រុមហ៊ុន TANICHU នៃប្រទេសជប៉ុន បាននាំយកនូវម៉ាស៊ីនចំហ៊ុយឯកសារការងារ សម្លាប់មេរោគប្រគល់ជូនរដ្ឋមន្រ្ដីក្រសួងព័ត៌មាន សម្រាប់ទុកប្រើប្រាស់ និងធានាសុវត្ថិ ភាពចំពោះរាល់ឯកសារនានាដែលបាននិងកំពុងប្រតិបត្តិការងារនៅក្នុងក្រសួង។

ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងនាំយកនូវម៉ាស៊ីនចំហ៊ុយ ឯកសារ​ការងារ សម្លាប់មេរោគ ប្រគល់ជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង​ព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន លោក TANI SHUNJI នាយកប្រតិបត្តិក្រុមហ៊ុន TANICHU នៃប្រទេសជប៉ុន បានជម្រាបជូនពីដំណើរ​ការងាររបស់ក្រុមហ៊ុន ក្នុងការវិនិយោគលើវិស័យសំណង់នៅក្នុងប្រទសកម្ពុជា ដែលរហូត​មកដល់ពេលនេះ ក្រុមហ៊ុនបាន​សាងសង់ខុនដូរ នៅតំបន់បឹងកេងកង រាជធានីភ្នំពេញ បានចំនួន ៤ កន្លែងរួចមកហើយ។ លោកបានបន្ដថា ក្រុមហ៊ុននៅបន្តការសាងសង់​សំណង់​អគារខុនដូរខ្ពស់ៗ រហូតដល់ ៤៣ ជាន់ ទៀត តែដោយសាររយៈពេលប៉ុន្មាន​ខែមកនេះ ជួបបញ្ហានៃជំងឺកូវីដ-១៩ ក្រុមហ៊ុនក៏បានផ្អាកការងារសាងសង់ខ្លះៗផងដែរ ។

ជាមួយគ្នានេះ លោក TANI SHUNJI បានបញ្ជាក់ជូនឯកឧត្ដមរដ្ឋមន្រ្ដីផងដែរ​ពីការ​ចូលរួមផ្សព្វផ្សាយរបស់លោកជូនដល់ប្រជាជនជប៉ុន ដើម្បីឱ្យបានដឹងពីសក្តានុពល​ទេស​ចរណ៍ ការវិនិយោគទុន និងវិស័យសេដ្ឋកិច្ចកម្ពុជា ដែលមានការរីកចម្រើនល្អ ហើយក៏បាន​ជំរុញឱ្យភ្ញៀវទេសចរជប៉ុន នៅពេលរដូវរងារ មកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា ព្រោះ​មានបរិយាកាស និងធាតុអាកាស អំណោយផលល្អ ។

 ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានមានប្រសាសន៍គាំទ្រ នូវរាល់​កិច្ចការងារវិនិយោគរបស់លោក TANI SHUNJI នាយកប្រតិបត្តិក្រុមហ៊ុន TANICHU នៃ​ប្រទេសជប៉ុនលើវិស័យសំណង់ ខុនដូរ នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមបានរម្លឹកឡើង​វិញ​នូវការដឹងគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាន ជួយឧត្តម្ភគាំទ្រ​ដល់​ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់តាំងពីពេលចប់សង្រ្គាមដំបូងមកម្ល៉េះ ហើយក៏នៅបន្តជួយរហូតដល់ពេលបច្ចុប្បន្ននេះទៀត ដែលជាការបង្ហាញនូវចំណង​មិត្ត​ភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ  និងកាន់តែរឹងមាំ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា
Credit:http://akp.gov.kh/kh/post/detail/31955

You do not have permission to write comment on this post.

Log in Register