ម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើឱ្យជនរួមជាតិមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩ ខណៈមានអ្នកឆ្លងថ្មីចំនួន០២នាក់

Please log in or register to like posts.
ព័ត៌មាន

ម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើឱ្យជនរួមជាតិមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩ ខណៈមានអ្នកឆ្លងថ្មីចំនួន០២នាក់

AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យជនរួម​ជាតិមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩ ខណៈដែលក្នុងសប្ដាហ៍នេះមានអ្នកឆ្លងថ្មី​ចំនួន​០២នាក់។

នៅលើផេកផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា សូមបង​ប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩។ កាលពីសប្តាហ៍មុនប្រទេសយើង​បានព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បានជាសះស្បើយទាំង១២២នាក់។ ប៉ុន្តែក្នុងសប្តាហ៍នេះ យើងក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់មកវិញ។ សម្ដេចតេជោបន្តថា ស្ថិតិអ្នកឆ្លង​ជំងឺកូវីដ-១៩ តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) មកទល់ពេលនេះ គឺបាន​កើនឡើងរហូតដល់ជិត៥លាននាក់ (៤,៩៩៥,៩៩៦) ដែលមានអ្នកស្លាប់ជាង៣០​ម៉ឺននាក់ (៣២៧,៨២១)។ ជាមួយគ្នានេះ ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នេះគឺកាចសាហាវខ្លាំង​ណាស់​ដែលកំពុងវាយលុកលើ ២១៦ ប្រទេស។ សម្ដេចតេជោបានគូសបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់អំពីជំងឺឆ្លងដ៏កាចសាហាវនេះ ក្នុងនោះ ​ត្រូវបង្កើន​អនាម័យ​​សុខភាពរស់នៅឱ្យបានល្អ គឺត្រូវពាក់ម៉ាស់ ឬក្រម៉ា ហើយត្រូវដុសលាងសម្អាត​ដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុលឬ ជែលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។ បើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្វមកលេខ ១១៥។ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេមកក្រុមគ្រួសារយើង​ផងដែរ។

សម្ដេចតេជោបានណែនាំថា ​កន្លែង​ណាដែលមិនចាំបាច់ទៅសូមកុំទៅ ជាពិសេសទី​កន្លែង​ដែលមានក្រុមមនុស្សច្រើន។ សូមស្តាប់នឹងធ្វើតាមការណែនាំរបស់ក្រសួង​សុខាភិបាល​ឱ្យបានជាប់ជានិច្ច។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជូនពរបងប្អូនជនរួមជាតិ​ជួបតែ​សេចក្តី​សុខ និងសំណាងល្អក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍៕

ដោយ ជឹម ណារី
Credit:http://akp.gov.kh/kh/post/detail/31999

You do not have permission to write comment on this post.

Log in Register