កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា ១លានដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា ១លានដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា

AKP ភ្នំពេញ ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ — លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងប្រគល់ថវិកា $1,000,000 (មួយលានដុល្លារអាម៉េរិក) សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា  ដល់ គណៈប្រតិភូ ដែលដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូល និធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤  ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ នេះបើយោង តាមប្រភពពីកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវអនុប្រធាន បានសម្តែងនូវក្តីសោមស្សរីករាយ និង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ ហើយលោកជំទាវបានពាំនាំ ប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំនៃមូលនិធិគន្ធបុប្ផាកម្ពុជា  ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិ ដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា  ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់ សេវាកម្មសុខភាព  ជូនស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជារាប់ពាន់ រាប់ម៉ឺននាក់នៅ ទូទាំងប្រទេស។

លោកជំទាវ ក៏បានជម្រាបជូនគណៈប្រតិភូអំពីប្រតិបត្តិការមនុស្សធម៌ របស់កាកបាទ ក្រហមកម្ពុជា ជាពិសេសក្នុងការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ អនុវត្តន៍ទៅ តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការជួយសម្រាលការលំបាកផ្នែកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងការចុះអប់រំផ្សព្វ ផ្សាយជាប្រចាំស្តីពីវិធានការនានាជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល ហើយកាកបាទ ក្រហមកម្ពុជាក៏បានផ្តល់សម្ភារការពារដូចជា ម៉ាស់ អាល់កុល ទៅដល់សាខាកាក បាទក្រហមកម្ពុជា ដែលជាប្រតិបត្តិករនៅតាមសហគមន៍ និងសម្ភារអប់រំផ្សព្វ ផ្សាយជូនដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមអនុវត្តន៍ទប់ស្កាត់វីរុសកូវីដ-១៩នេះ។

លោកជំទាវ បានបន្ថែមថា កាកបាទក្រហមកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ ឆ្លើយតបចំពោះបញ្ហាខ្វះខាតទឹកប្រើប្រាស់ តាមរយៈការផ្តល់អណ្តូងជូនប្រជាពលរដ្ឋ តាមសហគមន៍ និងជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបន្តចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការជំរុញលើកទឹកចិត្ត ដល់បុគ្គលិកទាំងអស់បន្តនូវការបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួល បានគាំទ្រកាន់តែច្រើនពីសំណាក់សប្បុរសជនជាតិ និងអន្តរជាតិ ជាពិសេស ធានាបាន នូវនិរន្តរភាពរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តទ្រទ្រង់ដល់សុខុមាលភាពរបស់ស្ត្រី និងកុមារកម្ពុជា។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកាកបាទក្រហមកម្ពុជាបានផ្តល់ថវិកា ១លានដុល្លារអាម៉េរិកជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយក៏ត្រូវជាឆ្នាំទី៩ (៩លើក) សម្រាប់មន្ទីរ ពេទ្យគន្ធបុប្ផា  ដែលគិតចាប់តាំងពីឆ្នាំ២០១២មក      ហើយថវិកាចំនួន១លានដុល្លារនេះ ក៏ត្រូវ បានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាក្នុងពេលនោះដែរ៕

ដោយ សាយ សុន (រូបថត៖ កាកបាទក្រហមកម្ពុជា)

Credit:http://akp.gov.kh/kh/post/detail/32146

You do not have permission to write comment on this post.

Log in Register