ក្រសួង​អប់រំ និងស្ថាប័ន IDP ចុះអនុស្សរណៈ សម្រាប់ផ្ដល់​អាហារូបករណ៍សិក្សា​ភាសា​អង់ គ្លេសតាម​ប្រព័ន្ធ​អេឡិចត្រូនិកដល់​សិស្ស​វិទ្យាល័យ ដើម្បីត្រៀមប្រឡងក្នុងឆ្នាំនេះ

Please log in or register to like posts.
ព័ត៌មាន

ក្រសួង​អប់រំ និងស្ថាប័ន IDP ចុះអនុស្សរណៈ សម្រាប់ផ្ដល់​អាហារូបករណ៍សិក្សា​ភាសា​អង់ គ្លេសតាម​ប្រព័ន្ធ​អេឡិចត្រូនិកដល់​សិស្ស​វិទ្យាល័យ ដើម្បីត្រៀមប្រឡងក្នុងឆ្នាំនេះ

AKP ​ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ — ក្រសួង​អប់រំ យុវជន និង​កីឡា និង​មជ្ឈមណ្ឌល​អូស្ត្រាលី សម្រាប់​ការ​បណ្ដុះបណ្ដាល នៃ​ស្ថាប័ន IDP Education (Cambodia) បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី​ការ​ផ្ដល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដល់​សិស្ស​វិទ្យាល័យ ក្នុង​ឆ្នាំ​សិក្សា​២០២០នេះ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​នាពេល​ខាង​មុខ។ ការចុះអនុស្សរណៈ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​​លោក ម៉ៅ ស្រេង នាយក​ប្រតិបត្តិ​ស្ថាប័ន IDP Education កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាម​ក្រសួង​អប់រំ យុវជន និង​កីឡា។

ក្នុងឱកាសនោះ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​មជ្ឈមណ្ឌល​អូស្ត្រាលី សម្រាប់​ការ​បណ្ដុះបណ្ដាល ដែល​បាន​ផ្ដល់​អាហារូបករណ៍ សិក្សា​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​សិស្ស​វិទ្យាល័យ ក្នុងឆ្នាំ​សិក្សា២០២០នេះ ១០០ភាគរយ ចំនួន២,០០០កន្លែង។ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​បានបញ្ជាក់ថា អាហារូបករណ៍នេះ គឺ​មាន​ទឹក​ប្រាក់​សរុប​ចំនួន ៥០០,០០០ដុល្លារអាម៉េរិក ដល់​សិស្ស​ថ្នាក់​ទី១២ ដែល​នឹង​ចាប់​ផ្ដើម​ពី​ខែ​មិថុនា ដល់​ខែ​កញ្ញា ឆ្នាំ​២០២០ ដើម្បី​ជា​ជំនួយ​​ដល់​សិស្ស​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ។ ឯកឧត្ដមបានបន្ដថា ការ​ផ្ដល់​អាហារូបករណ៍​នេះ ជា​តម្រូវ​ការ​ចាំ​បាច់​ដល់​សិស្ស​បាន​ទទួល​ការ​សិក្សា​ក្នុង​កាលៈ​ទេសៈ ដែល​ប្រទេស​កម្ពុជា​បាន​បិទ​សាលារៀន​ជា​បណ្ដោះអាសន្ន​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​​ដាល​នៃ​ជំងឺ​កូវីដ-១៩។

ឯកឧត្ដម​បណ្ឌិត​សភាចារ្យបានបន្ថែមថា ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​តែ​ខិត​ខំ​​ប្រឹងប្រែង​ផ្ដល់​ជូន​ដល់​សិស្សានុសិស្ស គ្រប់​កម្រិត​បាន​ទទួល​ការ​សិក្សា​តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ និង​ការ​សិក្សា​ពី​ចម្ងាយ ក្នុងអំឡុងពេលដែលមានការទប់ស្កាត់ការរីករាល​ដាលជំងឺកូវីដ-១៩៕

ដោយ រិទ្ធី
Credit:http://akp.gov.kh/kh/post/detail/32372

You do not have permission to write comment on this post.

Log in Register