សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ កោតសរសើរចំពោះសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ក្នុងការរួមចំណែកជួយលើគ្រប់វិស័យ

Please log in or register to like posts.
ព័ត៌មាន

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ កោតសរសើរចំពោះសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ក្នុងការរួមចំណែកជួយលើគ្រប់វិស័យ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ — សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតឱ្យ លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន ដឹកនាំសមាជិក សមាជិកា របស់សមាគមចូលក្រាបថ្វាយ បង្គំគាល់ និងថ្វាយព្រះពរ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅព្រះបរមរាជវាំង។

សម្តេចព្រះមហាក្សត្រីបានថ្លែងអំណរគុណ ព្រមទាំងពាំនាំនូវព្រះរាជបណ្ដាំផ្ញើ សាកសួរសុខទុក្ខរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងកោតសរសើចំពោះសកម្មភាពរបស់សាខាសមា គមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន  ដែលដឹកនាំដោយ លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ​នាពេល​កន្លង​មក ជូនដល់ប្រជាពលរដ្ឋ និងជាតិមាតុភូមិលើគ្រប់វិស័យ។ សម្ដេចព្រះវររាជមាតា​ជាតិ​ខ្មែរ ក៏បានអរគុណផងដែរចំពោះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានជំរុញការផ្សព្វផ្សាយព័ត៌មានបានយ៉ាងល្អប្រសើរដល់ប្រជាពលរដ្ឋតាមរយៈ  ទូរ​ទស្សន៍ជាតិកម្ពុជា ជាពិសេសក្នុងការទប់ស្កាត់នឹងជំងឺកូវីដ-១៩ នាពេលកន្លងមក ក៏ដូច ជាពេលបច្ចុប្បន្ន។ ជាងនេះទៀត ក្រសួងព័ត៌មានក៏បានផ្ដល់ដូចជា ជាទស្សនាវដ្ដីរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដល់ព្រះបរមរាជវាំងជារៀងរាល់លេខ ដែលឆ្លុះបញ្ចាំងពី ការអភិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិ​បណ្ឌិត​ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា។

ក្នុងឱកាសនោះដែរ លោក ជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ បានមានប្រសាសន៍ថា បច្ចុប្បន្នស្ត្រីក្នុងវិស័យព័ត៌មានកំពុងមានតួនាទីសកម្មប្រកបដោយ សមធម៌បានឆ្លើយតប​នូវ​គោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ ប្រ​សិ​​ទ្ធភាពនៃ​ការ​អនុវត្ត​សិទ្ធិស្មើភាពគ្នារវាងបុរស និងស្ត្រីដែលពោរពេញដោយសក្តានុពលក្នុង​កា​រប្រកួត ប្រជែងយ៉ាងមានប្រសិទ្ធភាព។ លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ក៏បា​ន​ទូ​លថ្វាយ​សម្តេច​ព្រះមហាក្សត្រីថា ស្ត្រីបានចូលរួមអភិវឌ្ឍន៍លើវិស័យព័ត៌មាន និងសោ​ត​ទ​ស្ស​ន៍ក្នុង ការផ្តល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ការអប់រំ វប្បធម៌ ប្រពៃណី សាសនា និងការកម្សាន្តសប្បាយ។  លោកជំទាវគូសបញ្ជាក់ថា “ស្ត្រីបានចូលរួម​ជា​ពិ​សេស ​កា​រផលិតស្ប៉​តឃោសនាផ្សព្វផ្សាយនូវរាល់កម្មវិធីនយោបាយ សមិទ្ធផល នានា ដែលរាជរ​ដ្ឋា​​ភិបាលសម្រេចបាន និងផ្សព្វផ្សាយព័ត៌មានពិតជូនដល់ប្រជាពល រដ្ឋ គ្រប់ទិសទី​ឆ្លើយតប​យ៉ា​​ងឆាប់រហ័សទៅសកលភាវូបនីយកម្មក៏ដូចជាបរិបទសង្គម”។

លោកជំទាវបានសង្កត់ធ្ងន់ថា ទាំងនេះបង្ហាញពិភពលោកឱ្យឃើញថា ស្ត្រីក្នុងវិ​​ស័​យ​ព័​ត៌មានបានចូលរួមចំណែកយ៉ាងធំធេងដល់ការការពារថែរក្សាសន្តិភាព ការអភិវឌ្ឍ ប្រទេស ធានាដល់ការការពារសិទ្ធិមនុស្ស សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ស្របតាម លទ្ធិប្រជាធិប​តេ​យ្យ​សេរីពហុបក្សក្រោមឆ័ត្រនីតិរដ្ឋ។

សូមបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន ក្នុង​ឆ្នាំ២០២០នេះមានសមាជិកាប្រ​តិបត្តិចំនួន២៦៥រូប​(នៃអគ្គនាយកដ្ឋានទាំង០៥)​សមា ជិកកិត្តិយសចំនួន៥រូប(បុរស០៣រូប)កើនឡើងចំនួន១០រូប បើធៀបឆ្នាំ២០១៩។ ទន្ទឹមនេះ សមាគមនារីក្រសួងព័ត៌មានតែងតែចូលរួមលើកិច្ចការសង្គមជាប្រចាំជាមួយអន្ដរក្រសួងពាក់ព័ន្ធ ជាពិសេសលើការងារមនុស្សធម៌ ការឈ្វេងយល់ពីការលំបាកពីសុខទុក្ខរបស់ស្រ្ដី  និងចូលរួមចំណែកដោះស្រាយបញ្ហានានាដែលស្រ្ដីកំពុងជួបប្រទះ។ លើសពីនេះទៀត សមាគមក៏បានចុះសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយកុមារពីការភ្នែក កុមារគថ្លង់​នៃអង្គការគ្រួសារថ្មីខេត្ដកំពង់ចាម និងកុមារខ្សោយសតិបញ្ញានៃអង្គការជំនួយក្ដីសង្ឃឹម​សម្រាប់សហគមន៍ នៅក្រុងតាខ្មៅ ខេត្ដកណ្ដាល ព្រមទាំងផ្ដល់ថវិកាជួយដល់សមាជិក សមាជិកា​ដែលជួបការលំបាក និងមានជំងឺផងដែរ។ ជាមួយគ្នានេះដែរ លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃ​ក្រសួង​ព័ត៌មានក៏បាននាំយកថវិកាចំនួន១០,០០០ដុល្លារ ដែលជាទឹកចិត្ដរបស់គណៈ​ប្រតិភូនារីថ្វាយសម្ដេចម៉ែ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

ដោយ ជឹម ណារី និង គង់ សិរីរ័ត្ន

You do not have permission to write comment on this post.

Log in Register