ទោចម្កុដគូទី៣ បានលែងនៅក្នុងព្រៃឧទ្យានអង្គរ ក្រោយបន្សាំអស់រយៈពេលមួយឆ្នាំកន្លះ

Please log in or register to like posts.
ព័ត៌មាន

ទោចម្កុដគូទី៣ បានលែងនៅក្នុងព្រៃឧទ្យានអង្គរ ក្រោយបន្សាំអស់រយៈពេលមួយឆ្នាំកន្លះ

AKP សៀមរាប ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ — អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងរដ្ឋបាលព្រៃឈើ ក្រោមកិច្ចសហការពី អាជ្ញាធរជាតិអប្សរា បានលែងទោចម្កុដមួយគូ ឱ្យមានសេរីភាពរស់នៅតាមបែបធម្មជាតិនៅ ក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបន្សាំក្នុងទ្រុង អស់រយៈពេលមួយឆ្នាំកន្លះ។

លោក និច ម៉ាក នាយកសង្គ្រោះសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថា នេះជាទោចម្កុដគូទី៣ហើយដែលក្រុមការងារបានលែងនៅក្នុងព្រៃឧទ្យានអង្គរ។ យើង បានបន្សំាវាឱ្យនៅក្នុងទ្រុងសិន ដើម្បីឱ្យវាស្រឡាញ់គ្នា ពិនិត្យសុខភាពថាគ្មានជំងឺ ឱ្យវាចេះសម្របខ្លួននឹងធម្មជាតិ អាកាសធាតុ បរិយាកាស ស្គាល់កន្លែង ខ្លាចមនុស្សតិចតួច ទើបអាចដោះលែងវាឱ្យរស់នៅក្នុងព្រៃបាន។ ទោចម្កុដទាំងនេះ គឺបានយកមកពីភ្នំតាម៉ៅ ហើយខ្លះទៀតរំដោះពីឈ្មួញជួញដូរសត្វព្រៃ។ យើងមានទោចម្កុដប្រហែល ៧០ក្បាលនៅភ្នំតាម៉ៅ តែមិនអាចដោះលែងបានទាំងអស់ទេ ព្រោះវាមិនមាន លក្ខខណ្ឌសុវត្ថិភាពគ្រប់គ្រាន់។

លោក និច ម៉ាក ក៏បានលើកឡើងដែរថា ការជ្រើសយកព្រៃក្នុងឧទ្យានអង្គរ ដើម្បីលែងសត្វទោចម្កុដ ព្រោះព្រៃអង្គរមានសុវត្ថិភាព មានព្រៃល្អស្អាត មានអាហារគ្រប់គ្រាន់ ហើយអង្គរជាបេតិកភណ្ឌលេខ១នៅស្រុកខ្មែរ ដើម្បីបន្ស៊ីគ្នារវាងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិឱ្យកាន់តែល្អប្រសើរក្នុងការទាក់ទាញទេសចរ។

លោកយល់ថា សត្វទោចម្កុដជាប្រភេទសត្វស្លូត ហើយគ្រប់សត្វព្រៃទាំងអស់ មិនកាចទេ មនុស្សទេទើបកាច ព្រោះមនុស្សធ្វើបាបសត្វ។ ទោចម្កុដ ជាសត្វប្រកាន់ដៃគូ ស្មោះត្រង់នឹងដៃគូ រស់នៅជាគ្រួសារ រក្សាចម្ងាយពីគ្រួសារ១ទៅគ្រួសារ១ ប្រហែល១គីឡូម៉ែត្រកន្លះ វាមានអាយុ៦ឆ្នាំពេញវ័យ និងមានផ្ទៃពោះរយៈពេល៨ខែ មានកូនម្តង១ ហើយជាសត្វមិនបង្ករគ្រោះថ្នាក់ដល់មនុស្ស។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា យើងបានសហការជាមួយរដ្ឋបាលព្រៃឈើ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ តាំងពីឆ្នាំ២០១៣ ក្នុងការលែងសត្វព្រៃជាច្រើន ប្រភេទក្នុងព្រៃអង្គរ។ ក្នុងនោះ ចំពោះទោចម្កុដ គឺយើងអាចលែងតែ៤គ្រួសារទេ ក្នុងព្រៃឧទ្យាននេះ។ ចំពោះការថែទាំទាំងទោចម្កុដនិងសត្វផ្សេងៗ គឺមុនលែងក្នុងព្រៃមាន ក្រុមការងារឱ្យចំណី តាមដានសុខភាព និងសុវត្ថិភាពផងដែរ។ កន្លងមក តាមរយៈការបង្កប់កាមេរ៉ានៅតាមទីតាំងមួយចំនួន ឃើញថា សត្វព្រៃដែលក្រុមការងារលែង គឺនៅមានវត្តមានទាំងអស់ហើយក៏ឱ្យយើងចាប់បាននូវជនសង្ស័យមួយចំនួនដែលមានបំណងមិនល្អចំពោះសត្វព្រៃទាំងនោះដែរ។

មកដល់ពេលនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រដ្ឋបាលព្រៃឈើ និងអាជ្ញាធរជាតិអប្សរា បានលែងសត្វទោចម្កុដបានចំនួន៣ទីតាំងហើយ គឺនៅប្រាសាទតានៃ១គូ មានកូន៣ ខ្លោងទ្វារខ្មោច១គូ មានកូន២ និងគូទី៣ នៅខ្លោងទ្វារតាកាវ ហើយគ្រោងនឹងដាក់គូទី៤ គឺនៅបឹងសន្ធមា។ បន្ថែមពីនោះ ក៏មានលែងសត្វឈ្លូស៤ក្បាល ស្វាព្រហ្មណ៍១២ក្បាល សំពោចក្រអូប៥ក្បាល និងភេខ្លួនរលោង៥ក្បាល បច្ចុប្បន្នភេបង្កើតបានកូន២ហើយ។ ជាគោលដៅទៅអនាគត អង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងរដ្ឋបាលព្រៃឈើ ក៏មានបំណង នឹងយកសត្វប្រើស សត្វក្ងោក និងសត្វកេងកងមកលែងនៅក្នុងឧទ្យានអង្គរបន្ថែមទៀតដែរ៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register