អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលប្រាសាទដំរីក្រាប នៅលើភ្នំគូលែន

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប​ ថ្ងៃទី​​​៣១ ខែ​កក្កដា ឆ្នាំ២០២០ — អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមនិងដំណើរការជួសជុលនិងអភិរក្សប្រាសាទដំរីក្រាប នៅលើភ្នំគូលែនហើយ ដោយគម្រោងការជួសជុលនិងអភិរក្សនេះត្រូវបានចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា មកម្លេះ ហើយនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ពោលគឺនឹងបញ្ចប់ក្នុងរយៈពេល៤ខែ។ នេះបើយោងតាមការឱ្យដឹងពីមន្រ្តីផ្សព្វផ្សាយនៃអាជ្ញធរជាតិអប្សរា។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា ពិធីប្រុងពលីសុំសេចក្តីសុខចម្រើនក្នុងការជួសជុល និងអភិរក្សប្រាសាទដំរីក្រាបនេះ ត្រូវបានប្រារព្ធធ្វើកាលពីថ្ងៃទី២៨ ថ្មីៗនេះ ក្រោមការដឹកនាំពី ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងចូលរួមដោយក្រុមការងារបច្ចេកទេសជាច្រើននាក់។

លោក ឡុង កុសល បានឱ្យដឹងទៀតថា ប្រាសាទដំរីក្រាប មានទីតាំងស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះធ្វើអំពីឥដ្ឋ ដែលមានតួប៉ម៣សង់លើខឿនតែ១ មានកំពែងព័ទ្ធជុំវិញ ហើយក៏ជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនដែលស្ថិតនៅក្នុងរចនាបថគូលែន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (គ.ស.៨០២-៨៥០) ដែលជាការចាប់ផ្តើមនៃអារ្យធម៌អង្គរ។ ប្រាសាទនេះមិនសូវខុសប្លែកពីសម័យមុនៗទេ គឺបែរមុខទៅទិសខាងកើត និងមានទ្វារបញ្ឆោតចំនួន៣ ប្លង់បាតមានរាងជាការ៉េ។

លោក ឡុង កុសល បានឱ្យដឹងផងដែរថា ប្រាសាទដំរីក្រាប បានទទួលរងការខូចខាតខ្លាំងដោយកត្តាទឹកភ្លៀងនិងរុក្ខជាតិ ដែលធ្វើឱ្យគ្រឹះស្រុតផ្នែកខាងលិច បណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង និងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង។ បញ្ហាសំណើមក៏ធ្វើឱ្យផ្នែកខឿនប្រាសាទពុកផុយខ្លាំង និងផ្នែកកណ្តាលពុកផុយមធ្យម។ រួមទាំងកត្តាមនុស្សដែលបានលួចបំផ្លិចបំផ្លាញក្បាច់ក្រឡោតខ្ពស់នៅលើ   ជញ្ចាំង ហោជាង ផ្តែរ និងជីកកកាយគ្រឹះខាងក្នុងប្រាសាទ ធ្វើឱ្យលំនឹងប្រាសាទមានការប្រែ ប្រួល។ ដូច្នេះដើម្បីលើកកម្ពស់តម្លៃប្រាសាទឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសម្រេចពង្រឹងខឿនដែលពុកផុយនៅជុំវិញតួប៉ម ជួសជុលខ្លោងទ្វារខាងកើត រៀបផ្ជិត ពង្រឹងស្នាមប្រេះតូចធំនៅលើជញ្ជាំង ដំបូល និងជួសជុលដំបូលដែលពុកផុយ៕

ដោយ ហង្ស សៀក

You do not have permission to write comment on this post.

Log in Register