អាជ្ញាធរខេត្តសៀមរាបបង្ហាញការរៀបចំកម្មវិធីសាសនា និងកម្មវិធីកម្សាន្តជាច្រើន សម្រាប់ថ្ងៃឈប់សម្រាកនាពេលខាងមុខនេះ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ — ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលខេត្តសៀម​រាបសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំកម្មវិធី កម្សាន្តតាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និងកម្មវិធីផ្សេងៗជាច្រើនទៀត ដោយអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍។
តាមរយៈផេកហ្វេសប៊ុក នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ទៀ សីហា បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីទាំងនេះ គឺដើម្បីទទួលភ្ញៀវទេសចរ ក្នុងឱកាសឈប់​សម្រាកសងថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០។ ឯកឧត្តមបានបង្ហាញថា កម្មវិធីកម្សាន្តដែលបាន​គ្រោង​រៀបចំនេះ រួមមាន កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ កម្មវិធីពិព័រណ៍ បន្លែផ្លែ​ឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់​មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ផ្សារទឹក នៅតំបន់ផាប់ស្ទ្រីត កម្មវិធីជិះកង់ កម្មវិធីកីឡា​វាយ​កូនហ្គោល កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន និងកម្មវិធីផ្ទាំងទស្សនីយភាពសិល្បៈ។ ឯកឧត្ដមអភិបាលខេត្ដបានបន្ដថា ស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ អាជ្ញាធរខេត្តក៏បានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ចូលរួមអនុវត្តន៍វិធានការការពារ​ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយកុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា កុំភ្លេចជែល ឬអាល់កុលលាងដៃ ហើយអាជ្ញាធរបានត្រៀម សាប៊ូលាងដៃជូននៅ​តាមទីសាធារណៈ ជាពិសេសកុំភ្លេចរក្សាគម្លាតសុវត្ថិភាព។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅតាមដងស្ទឹងសៀមរាប​ អាជ្ញាធររួមជាមួយស​ហ​ភាព​សហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បាន​កំពុងតែមមាញឹកក្នុងការរៀបចំតុបតែង​ទៅ​តាមតំបន់និងកម្មវិធីនីមួយៗហើយ៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register