ឯកឧត្តមបណ្ឌិត ឌី ខាំបូលី៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាន់ខ្ជាប់នូវគោលការណ៍ ០៤ចំណុច សម្រាប់រាល់ការប្រឡង

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ –ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា រាល់ការប្រឡងទាំងអស់ ក្រសួងអប់រំប្រកាន់ខ្ជាប់ និងគោរពនូវគោលការណ៍០៤ចំណុច គឺ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន សម្រាប់ទាំងអស់គ្នា។

ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មាន AKP កាលពីពេលថ្មីៗនេះ ដែលបានសួរថា តើក្រសួង អប់រំ អាចនឹងមានគោលការណ៍បន្ធូរបន្ថយកម្រិតវិញ្ញាសារប្រឡងឬទេ ក្នុងបរិបទនៃការរីករាល ដាលវីរុសកូវីដ១៩ ក៏ដូចជាឧបសគ្គនៃការសិក្សាតាមអនឡាញ ឬក៏សិក្សាពីចម្ងាយ (Online Study or E-Learning) ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា៖ “គ្រប់ការប្រឡងទាំងអស់ បើទោះជារៀបចំ ក្នុងពេលណា ក្នុងកាលៈទេសៈណា និងក្នុងបរិបទណាក៏ដោយ គឺក្រសួងអប់រំ យុវជន និងកីឡា តែងតែគោរពនូវគោលការណ៍ចំនួន០៤ គឺ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន”។

ឯកឧត្តម បណ្ឌិត បានបន្តថា ទោះជាមានឧបសគ្គខ្លះៗ នៃការសិក្សាតាមអនឡាញ និងការសិក្សា ពីចម្ងាយក៏ដោយ ប៉ុន្តែសិស្សានុសិស្ស នឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ត្រៀមប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ព្រោះគ្រឹះស្ថានសាធារណៈ ថ្នាក់ទី៩ និងថ្នាក់ទី១២ នឹងបើកដំណើរការឡើងវិញ ក្នុងអំឡុងខែកញ្ញា ខាងមុខនេះ។ កត្តានេះ ហើយ ដែលអាចឱ្យសិស្សានុសិស្សមានពេលរៀនសូត្រគ្រប់គ្រាន់ សម្រាប់ត្រៀមប្រឡងនៅខែធ្នូ ខាងមុខ។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្តីពីការអនុញ្ញាតឱ្យ សិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ នៃគ្រឹះស្ថានសិក្សា សាធារណៈ ចូលរៀននៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សា នៅក្នុងអំឡុង ខែកញ្ញាខាងមុខនេះ ក្នុងលក្ខណៈសិក្សាជាទ្រង់ទ្រាយតូច ដោយក្នុងនោះគឺក្នុង១ថ្នាក់ ត្រូវកម្រិត ត្រឹមសិស្ស១៥នាក់ ហើយត្រូវគោរពតាមវិធានអនាម័យ នៃក្រសួងសុខាភិបាល និងអង្គការ សុខភាពពិភពលោក ដើម្បីត្រៀមប្រឡងនៅខែធ្នូ។

គួររម្លឹកផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានបញ្ជាឱ្យបិទគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ដំបូងបំផុតនៅក្នុងក្រុង សៀមរាប ខេត្តសៀមរាប កាលពីខែមីនា កន្លងទៅបន្ទាប់ពីមានការរកឃើញករណីវិជ្ជមានវីរុស កូវីដ-១៩ ទៅលើបុរសជនជាតិខ្មែរមួយរូប រស់នៅខេត្តសៀមរាប ហើយដែលបានប៉ះពាល់ ដោយ ផ្ទាល់ ជាមួយបុរសជនជាតិជប៉ុនម្នាក់ ដែលផ្ទុកវីរុសនេះ។ បន្ទាប់មក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពី ការចាប់ផ្តើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំង សាធារណៈ និងឯកជន នៅទូទាំងប្រទេស៕

ដោយ៖ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register