ឯកឧត្តម ខៀវ កាញារីទ្ធ៖ ដំណឹងដែលបាន​ចេញ​ផ្សាយ​ក្នុង AKP មិនបាននិយាយពីបញ្ហាគ្រោះ​ថ្នាក់ចរាចរណ៍ ឬរឿងឈ្លោះក្នុងគ្រួសារនោះទេ ប៉ុន្ដែផ្សាយពីជំហររបស់រាជរដ្ឋាភិបាល

Please log in or register to like posts.
ព័ត៌មាន

AKP កណ្ដាល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ដំណឹងដែលបាន​ចេញ​ផ្សាយ​នៅក្នុងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP មិនបាននិយាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ រឿងឈ្លោះប្រកែកគ្នាក្នុងគ្រួសារអ្វីនោះទេ តែអ្វីដែលសំខាន់ត្រូវផ្សាយនោះ គឺជំហររបស់​រាជ​រដ្ឋាភិបាល នៅលើចំណុចនីមួយៗ ឬការអនុវត្តរបស់រាជរដ្ឋាភិបាល។

ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ទូឌីយោ ការិយាល័យទីភ្នាក់ងារសារ​ព័ត៌​មាន​កម្ពុជា និងសាលប្រជុំរបស់មន្ទីរព័ត៌មាន ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ដំណឹងដែលបានចុះ​ផ្សាយក្នុង​ទីភ្នាក់ងារសារព័ត៌មានកម្ពុជាមានជាភាសា ខ្មែរ បារាំង និងអង់គ្លេស។ ឯកឧត្ដមបានលើក​ឡើង​ថា ព័ត៌មានគឺជាទំនិញផង ជាអាវុធផង នៅពេលដំណឹងដែលផ្សាយទៅគ្មានអ្នកមើល ពេលនោះស្ថាប័នព័ត៌មាន មិនអាចដំណើរការបានទៀតនោះទេ ដោយសារខ្វះថវិកាផ្គត់ផ្គង់។ ដូច្នេះ ត្រូវតែប្រឹងប្រែងរកព័ត៌មាន ណាដែរគេចង់មើល ទើបស្ថាប័នព័ត៌មាន នោះដំណើរការ​ទៅមុខបាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ជូនដល់បណ្តាមន្ទីរព័ត៌មានរាជធានី ខេត្ដថា ​ជា​រៀង​រាល់ខែមិន​បាច់ផ្ញើរបាយការណ៍ មកក្រសួងព័ត៌មានអំពីការផ្សាយព័ត៌មាន បានប៉ុន្មាន​អត្ថបទ ក្នុង១ខែ នោះទេ អ្វីដែលក្រសួងចង់ដឹងនោះ ថាតើនៅក្នុងខែនេះ ប្រជាជនក្នុងខេត្តគិត ឬចង់​ដឹងរឿងអ្វីជាសំខាន់។ តើមន្ទីរព័ត៌មាន បានប្រតិកម្មទៅលើចម្ងល់របស់ប្រជាជន​យ៉ាង​ដូច​​ម៉្តេចខ្លះ។ ឯកឧត្ដមបានបន្ដថា ក្រសួងព័ត៌មានតែងតែបានណែនាំដល់គ្រប់មន្ទីរព័ត៌មាន ទាំង​អស់ នៅរៀងរាល់ព្រឹក ត្រូវមានការជួបប្រជុំគ្នា ដើម្បីប្រមូលនូវរាល់ព័ត៌មាន ថាតើថ្ងៃនេះ​មាន​រឿងអ្វីកើតឡើងក្នុងខេត្តរបស់ខ្លួន ដើម្បីធ្វើជារបាយការណ៍ដាក់ជូនទៅគណៈ​អភិបាល​ខេត្ត តាមរយៈអភិបាលរង ទទួលបន្ទុកការងារព័ត៌មាន សម្រាប់ផ្ដល់ឱ្យខេត្តមានប្រតិកម្ម​ឆ្លើយ​តបបានទាន់ពេលវាលា ចំពោះព័ត៌មាន ដែលកើតមានឡើងនោះ។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានបន្ដទៀតថា ការដឹកនាំប្រទេស ត្រូវការអំណាច ២ ទីមួយ អំណាចរឹង ផ្នែកលើកម្លាំង ប្រដាប់អាវុធ តុលាការ ហើយបច្ចុប្បន្ននេះ អំណាចរឹងត្រូវ​ការ​ចំណាយលុយច្រើន។ ប៉ុន្តែពេលនេះគេតែងប្រើអំណាចទុនវិញ ហើយចំណាយតិច ដូចជាការ ផ្សព្វផ្សាយឃោសនាតាមវិទ្យុ ទូរទស្សន៍ ភាពយន្ត ចម្រៀង និងតាមរយៈសិល្បករ ជាដើម ដែលអាចទាក់ទាញចិត្តមនុស្សឱ្យទុនបានបើយើងចេះប្រើ។ ដូច្នេះ ព័ត៌មាន ក៏ដូចគ្នាដែរ ត្រូវ​ធ្វើ​ការពន្យល់ឱ្យបានខ្លី ងាយយល់នូវរឿងអ្វីមួយ​ដែលបាន​ផ្សាយទៅ។ ឯកឧត្ដមរដ្ឋមន្រ្ដីបាន​បន្ថែមថា ការងារព័ត៌មានមិនមែនជាតួឯកធ្វើតែម្នាក់ឯង បានជោគជ័យនោះទេ ត្រូវមានកិច្ច​សហការគ្នា ទើបធ្វើឱ្យព័ត៌មានបានល្អ។

ឯកឧត្ដមបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវមានកិច្ចសហការ​សាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងមានយុត្តិធម៌ គិតពីគោលការណ៍ក្នុងការងារ ហើយត្រូវ​ចេះប្រមូលគ្នាមកធ្វើការជារួម ទើបអាចសម្រេចបាន លទ្ធផលការងារល្អ។

ឯកឧត្តម គីម រីទ្ធី អភិបាលរងខេត្តកណ្តាលបានកោតសរសើរពីលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកណ្តាល ដែលសម្រចអនុវត្តន៍បានក្នុងរយៈ​ពេល កន្លងមកនេះ ប្រកបដោយប្រសិទ្ធភាព និងវឌ្ឍនភាព ក្នុងនោះបានពិនិត្យឃើញថា ការថតរូបភាព និងការសរសេរអត្ថបទបានល្អប្រសើរជាងមុន ហើយការផ្សព្វផ្សាយ ក៏បាន​ឆាប់រហ័សផងដែរ។ ឯកឧត្ដមអភិបាលរងខេត្តបានបង្ហាញនូវការចាប់អារម្មណ៍ចំពោះ ការ ផ្សាយរបស់ទីភ្នាក់សារព័ត៌មានកម្ពុជាAKP បានបម្រើដល់អ្នកអានទាំងក្នុងនិងក្រៅប្រទេស ពិសេសសម្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអ្នកសិក្សាស្រាវជ្រាវ ជាដើម ដែលអាចមើល​យល់​ដឹងបានគ្រប់ពេលពីសភាពការណ៍វិវត្ដន៍ថ្មីៗរបស់ប្រទេសជាតិ។ ឯកឧត្ដមបានបន្ថែមថា ក្នុងពេលដែលឯកឧត្ដមទៅបំពេញការសិក្សានៅក្រៅប្រទេស បានបើកមើលគេហទំព័ររបស់ AKP បានដឹងពីគោលនយោបាយសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលបានធ្វើនៅក្នុង និង​ក្រៅប្រទេស ហើយរាល់ឯកសារទាំងនោ ទុកសម្រាប់ការសិក្សាបានយ៉ាងល្អថែមទៀត។

បើតាមរបាយការណ៍លើកឡើងរបស់ ឯកឧត្ដម ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តកណ្តាលបានបង្ហាញពីវឌ្ឍនភាពការងាររយៈពេល៦ ដែលថ្នាក់​ដឹក នាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមកនេះ ដោយ​ទទួល​​បានលទ្ធផលល្អប្រសើរ។ ឯកឧត្ដមបានបន្ដថា បច្ចុប្បន្ន មន្ទីរព័ត៌មានខេត្តកណ្តាល ពុំមាន​ស្ថានីយវិទ្យុ-ទូរទស្សន៍នោះទេ មន្ទីរបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រូនិក តាមរយៈ​បណ្តាញសង្គម ដោយបង្កើតផេក ផ្លូវការទាំងបី ព្រមទាំងយូធូប ផងដែរ។ ចំពោះការងារ​សោត​​​ទស្សន៍ ព័ត៌មានខេត្តកណ្តាល គិតត្រឹមឆ្នាំ២០២០នេះ អង្គភាពសារព័ត៌មាន ដែលបាន ចុះបញ្ជីតាមរយៈមន្ទីរព័ត៌មាន មានចំនួន ១១៤ អង្គភាពសារព័ត៌មាន ក្នុងនោះរួមមាន៖ ស្ថានីយ​វិទ្យុជាតិ និងឯកជន មាន ៣ ស្ថានីយ ទូរទស្សន៍ខ្សែកាប មានចំនួន ៥ អាជីវកម្ម កាសែតចំនួន ៣៨ អង្គភាព គេហទំព័រ ចំនួន ៦៥ អង្គភាព ព្រឹត្តប័ត្រចំនួន ២ អង្គភាព។

ទស្សនាវដ្តីចំនួន ១ អង្គភាព។ ក្រៅពីនេះ មានភ្នាក់ងារសារព័ត៌មាននានាប្រចាំខេត្តកណ្តាល ដែលមានស្នាក់ការនៅក្រៅខេត្តចំនួន ៣៥ អង្គភាព ទូរទស្សន៍ឯកជន គេហទំព័រ TV Online និងកាសែត។ ជាមួយគ្នានេះ ផ្សព្វផ្សាយពាណិជ្ជកម្ម តាម​ប៉ាណូចំនួន៤១ ផ្សព្វផ្សាយ ពាណិជ្ជ កម្មតាមស្លាកយីហោចំនួន ៧៥ កាសែតចំនួន ១៣ គេហទំព័រចំនួន ២៦  អ៊ិនធើណេតកាហ្វេ​ចំនួន ៤ ។ ដោយឡែក សម្រាប់មន្ទីរព័ត៌មានខេត្ដបានចាប់ផ្ដើមរៀបចំស្ទីឌីយោ ការិយាល័យ​ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងសាលប្រជុំ ត្រូវបានធ្វើការជួសជុល តាំងពីដើម​ខែ​សីហា ឆ្នាំ២០២០ ដែលមានទំហំ ១៩៨ ម៉ែត្រការ៉េ និងបំពាក់សម្ភារ បច្ចេកទេសមួយចំនួន ដោយ​ចំណាយថវិកាសរុប ២២០ លានរៀល ជាថវិការដ្ឋ ។ ដោយឡែក បន្ទប់ស្ទីឌីយោ នូវខ្វះទាំងស្រុងនូវឧបករណ៍បច្ចេកទេស។

សូមបញ្ជាក់ផងដែរថា ឯកឧត្ដម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់នូវថវិកា ដល់មន្រ្តី​រាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកណ្តាលចំនួន៨០ នាក់ ដោយក្នុង​ម្នាក់ៗ​ទទួលបាន៥ ម៉ឺនរៀល។ ទន្ទឹមនេះ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានផ្ដល់ កាមេរ៉ាថត​រូប ០១ គ្រឿង និង​កុំព្យូទ័រ ០១ គ្រឿង ជូនដល់ការិយាល័យ ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា​ AKP  ទុកសម្រាប់ប្រើ​បា្រស់ថតរូប កាត់ត ព័ត៌មាន ផងដែរ៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register