សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមពិធីឆ្លងបុណ្យ ភ្ជុំបិណ្ឌ នៅវត្តវាំងចាស់ ក្នុងខេត្តកំពង់ស្ពឺ

Please log in or register to like posts.
ព័ត៌មាន

AKP កំពង់ស្ពឺ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមជាមួយក្រុមគ្រួសារសាច់ញាតិនិងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត បានអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌជាមួយពុទ្ធបរិស័ទជិតឆ្ងាយ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងឃុំវាំងចាស់ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។

បន្ទាប់ពីបានអញ្ជើញរាប់បាត្រ បង្សុកូល វេរប្រគេនចំពោះព្រះសង្ឃនូវបច្ច័យ ទេយ្យទាន សម្ភារគ្រឿងឧបភោគបរិភោគជាច្រើនមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតរួមជាមួយនឹងមន្ត្រីអ្នកមុខអ្នកការបានអញ្ជើញទៅថ្វាយទៀនធូប ផ្កាភ្ញី ចំពោះព្រះពុទ្ធបដិមា ឧទ្ទិសកុកលផលបុណ្យចំពោះព្រះរតនត្រៃយ៍ជាពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះបាទអង្គឌួងលើទួលព្រះវិហារចាស់និងបន្តអញ្ជើញ ថ្វាយទៀនធូប ផ្កាភ្ញី នៅលើព្រះវិហារថ្មីនិងបានអញ្ជើញបន្តទៅគោរពបដិបត្តិនៅរូបសំណាក វីរបុរសអ្នកស្នេហាជាតិដែលមានគុណបំណាច់ក្នុងការការពារជាតិមាតុភូមិ។ ដោយសារវត្តវាំងចាស់ជាទីតាំងអារាមចំណាស់មានជាប់ពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រខ្មែរជាអតីតព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រខ្មែរ នោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានដឹកនាំកសាងវត្តនេះឡើងវិញចាប់ពីឆ្នាំ១៩៩៦មក។ ម្យ៉ាងទៀត ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធ សាសនានិងដើម្បីរក្សាបាននូវទីតាំងប្រវត្តិសាស្ត្រនិងវប្បធម៌សម្រា ប់ការ សិក្សាស្រាវជ្រាវ របស់មនុស្សជំនាន់ក្រោយ។

វត្តវាំងចាស់មាននាមដើមថាវត្ត ហរិរក្សរាជិនី។ ចំណេរក្រោយមកវត្តនេះត្រូវបានហៅក្លាយថា វត្ត ក្នុងវាំង ឬវត្ត វាំងចាស់ តរៀងមក។នាសម័យដើម វត្តនេះមានភាពរុងរឿងជាវត្ដសម្បូរទៅដោយគម្ពីរដីកាភាសាបាលី និងសំរាយ ជាវត្ដដែលបណ្ដុះព្រះសង្ឃជាបណ្ឌិតមានចំនួនច្រើនអង្គក្រោមព្រះ រាជូបត្ថម្ភរបស់ព្រះមហាក្សត្រខ្មែរ។ ប៉ុន្ដែវត្ថុបុរាណនិងសមិទ្ធផលទាំងឡាយនៅក្នុងទីអារ៉ាមនេះត្រូវបានបាត់បង់អន្ដរាយអស់ដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍។ ក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ទីអារាមនេះ ក៏ដូចជាទីអារាមនានាដែរបានដំណើរការឡើងវិញប៉ុន្តែដំបូងនោះមានតែសាឡុំមួយដែលសង់លើទីទួល ព្រះវិហារចាស់ប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ ១៩៩៦ សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិតដែលជាពុទ្ធសាសនូបត្ថម្ភដ៏សកម្មបាន ដឹកនាំកសាងទីអារាមប្រវត្តិសាស្ត្រនេះឡើងវិញបានរីកចម្រើនគួរកត់សម្គាល់។ សមិទ្ធផលដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដឹកនាំកសាងនៅក្នុងទីអារាមនេះមានដូចជាព្រះវិហារ ដងទង់ របង ក្លោងទា្វរ ឧបដ្ឋានសាលា  កុដិ សាលារៀន សាលាពុទ្ធិកសិក្សា រូបសំណាក វីរបុរសអ្នកស្នេហាជាតិ ព្រមទាំងផ្លូវបេតុងនិងសមិទ្ធផលនានាជាច្រើនទៀតដែលបម្រើឱ្យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

គួរបញ្ជាក់ដែរថា នៅថ្ងៃឆ្លងពីធីបុណ្យភ្ជុំបិណ្ឌ សម្តេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែអញ្ជើញមកចូលរួមក្នុងថ្ងៃភ្ជុំបិណ្ឌនៅទីអារាមក្នុងវត្តវាំងចាស់មិនដែលខានឡើយដោយបាននាំយកនូវគ្រឿងសក្ការៈបូជាមានទៀនធូប ផ្កាភ្ញី សម្រាប់ បូជាចំពោះព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌និងព្រះសង្ឃ ហើយបាននាំយកនូវចតុបច្ច័យ បច្ច័យទេយ្យទាន គ្រឿងឧបភោគបរិភោគ ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសលផល បុណ្យ ជូនចំពោះបុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅហើយជាពិសេសឧទ្ទិសចំពោះវិញ្ញាណ ក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង លោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាមាតាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន  ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី ដែលជាឪពុកបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register