មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ ស្នើឱ្យទីភ្នាក់ងារបរទេសមួយ កែសម្រួលកំហុសឆ្គងនៅលើគេហទំព័ររបស់ខ្លួនជាបន្ទាន់

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ — ប្រជាពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិជាច្រើនទៀតបានផ្ទុះការរិះគន់ និង ប្រតិកម្ម ជាខ្លាំងលើក្រុមហ៊ុនទីភ្នាក់ងារ ទេសចរណ៍របស់អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» ដែលយករូបប្រាសាទអង្គរវត្ត របស់កម្ពុជា ហើយបែរជាសរសេរ ពាក្យសម្គាល់ ប្រទេសវៀតណាមនៅពីលើ។ «Wendy Wu Tours» ជាទីភ្នាក់ងារទេសចរណ៍ ដ៏ល្បីមួយរបស់ ប្រទេសអូស្ត្រាលី ដែលបាននាំភ្ញៀវទេសចរ អន្តរជាតិមកទស្សនា ប្រទេសកម្ពុជាជាញឹកញាប់។ ថ្មីៗនេះ គេហទំព័ររបស់ទីភ្នាក់ងារ ទេសចរណ៍មួយនេះ បានបង្ហោះរូបភាពស្ដីពី តំបន់ទេសចរណ៍ជាច្រើននៅជុំវិញពិភពលោក ក្នុងនោះក៏មាន រូបភាពប្រាសាទអង្គរវត្ត ដ៏ស្រស់ឆើតឆាយរបស់កម្ពុជាផងដែរ។ នេះបើយោងតាមប្រភពពីក្រសួងទេសចរណ៍។

ប៉ុន្តែគេហទំព័រនេះ បានបង្កើតនូវកំហុសឆ្គងដោយអចេតនាមួយ គឺនៅត្រង់ នៅផ្នែកខាងលើនៃរូបភាពប្រាសាទអង្គរវត្ត គេបានសរសេរពាក្យថា «VIETNAM» ជាហេតុនាំ ឱ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្ត ស្ថិតនៅប្រទេសវៀតណាម។

កំហុសឆ្គងរបស់ក្រុមហ៊ុនទេសចរណ៍អូស្ត្រាលីមួយនេះ នាំឱ្យមានការរិះគន់យ៉ាងខ្លាំង សម្បើមពីសំណាក់ប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិមួយចំនួន ដែលគេបាន ដឹងច្បាស់អំពីទីតាំងប្រាសាទអង្គរវត្តរបស់កម្ពុជា។ ទន្ទឹមនឹងនោះ មហាជនក៏បាន ស្នើសុំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួង ទេសចរណ៍កម្ពុជា ចេញចំណាត់ការឱ្យបានម៉ឺងម៉ាត់ចំពោះកំហុសឆ្គងនេះ។   ក្រោយទទួល បានដំណឹងនេះហើយ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ បានទាក់ទងភ្លាមៗកាលពីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបានស្នើឱ្យទីភ្នាក់ងារ «Wendy Wu Tours» កែសម្រួលកំហុសឆ្គងនៅលើគេហទំព័ររបស់ខ្លួនជាបន្ទាន់។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ក្រៅប្រទេស ក្រសួងទេសចរណ៍ បានថ្លែងនាព្រឹកថ្ងៃទី២២ ខែកញ្ញានេះថា ក្រសួងបានទាក់ទងទៅកាន់ទីភ្នាក់ងារ Wendy Wu Tours រួចហើយ ដើម្បីឱ្យគេកែសម្រួលព័ត៌មាននោះឡើងវិញ។ ទីភ្នាក់ងារនេះក៏បាន សម្ដែងនូវការសូមអភ័យទោសចំពោះកម្ពុជា និងយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយបានកែពីពាក្យ VIETNAM មកដាក់ថា SOUTHEAST ASIA វិញ។ មូល ហេតុដែលទីភ្នាក់ងារ Wendy Wu Tours មិនប្ដូរមកជា CAMBODIA វិញនោះ ក៏ដោយសារក្រុមហ៊ុនចង់បង្ហាញថា «ប្រាសាទអង្គរវត្តរបស់កម្ពុជា» ជានិម្មិតរូប តំណាងឱ្យតំបន់អាស៊ីអាគ្នេយ៍នៅលើគេហទំព័ររបស់ខ្លួន ពីព្រោះប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិភណ្ឌដែលពិភពលោកស្គាល់ច្រើនជាងគេ។

ទោះបីជាទីភ្នាក់ងារ Wendy Wu Tours បានកែសម្រួលនៅលើទំព័រមុខនៃ គេហទំព័ររបស់ខ្លួនរួចហើយក្ដី ប៉ុន្តែនៅមានមួយកន្លែងទៀតដែលក្រុមហ៊ុនមិនទាន់ បានកែសម្រួលអស់ គឺនៅពេលចូលទៅក្នុងផ្ទាំង Brochures គេនៅឃើញ មានរូបប្រាសាទអង្គរវត្តដែលដាក់ពាក្យ VIETNAM នៅពីលើនៅឡើយ។ ត្រង់ចំណុចនេះ ក្រសួងទេសចរណ៍ ក៏នឹងទាក់ទងទៅកាន់ក្រុមហ៊ុនបន្តទៀត ដើម្បីឱ្យកែសម្រួលឱ្យបាន គ្រប់ជ្រុងជ្រោយ៕

ដោយ ម៉ៅ ចរិយា

You do not have permission to write comment on this post.

Log in Register