លោកជំទាវ ឱ វណ្ណឌីន ប្រាប់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានថា កម្ពុជាបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព នូវការរីករាលដាលវីរុសកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ —លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំមួយជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដែលដឹកនាំដោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត មៃឃើល មីចាឡាក់ (Michael Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ (US-ABC) តាមរយៈវីដេអូអនឡាញ នៅទីស្តីការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយបានជម្រាបជូនក្រុមប្រឹក្សាពីជោគជ័យរបស់កម្ពុជាក្នុងការងារទប់ស្កាត់ការរីករាលដាលវីរុស-កូវីដ១៩។

លោកជំទាវវេជ្ជបណ្ឌិត បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បែបនេះ ដោយគូសបញ្ជាក់បន្ថែមថា បើទោះបីជាពិភពលោកកំពុងជួបវិបត្តិ ដោយសារតែជំងឺកូវីដ-១៩ ហើយដែលរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងណាក្ដី ប៉ុន្តែបានស្នើធុរជន អាមេរិក ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា កុំមានការព្រួយបារម្ភ ក្នុងគ្រាដែលរាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការធ្វើកំណែទម្រង់ផ្សេងៗ  និងប្រព័ន្ធលើកទឹកចិត្តថ្មីៗនៅក្នុងកិច្ចអភិវឌ្ឍន៍សង្គម។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជាក្រុមហ៊ុនមួយចំនួន ដែលមានកិច្ចសហប្រតិបតិ្តការយ៉ាងល្អប្រសើជាមួយក្រសួងសុខាភិបាល និងដែលកន្លងមក បានជួយដល់វិស័យសុខាភិបាលជាច្រើន ជាពិសេស ក្នុងកាលៈទេសៈដែលកម្ពុជាបាន និងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ  បានគូសបញ្ជាក់ជម្រាបអង្គប្រជុំថា  គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ២៧៥ករណី ហើយមានតែ  ០១ករណី ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមិនមានករណីស្លាប់ដោយសារជំងឹកូវីដ-១៩  នោះទេ។ ដោយឡែក  ក្រសួងសុខាភិបាលក៏មិនទាន់ឃើញមានការចម្លង នៃវីរុសដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍នៅឡើយដែរ។ ការគ្រប់គ្រង  និងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩  ប្រកបដោយប្រសិទ្ធភាពគួរជាទីមោទនៈនេះ គឺបានមកដោយសារការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ និងដាក់ចេញនូវវិធានការណ៍នានាបានទាន់ពេលវេលា និងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លើសពីនេះ លោកជំទាវបានលើកទឹកចិត្តដល់វិនិយោគិនអាមេរិកទាំងអស់ ធ្វើអាជីវកម្មរបស់ខ្លួនដោយអនុលោមតាមច្បាប់ដែលមានជាធរមាននៅកម្ពុជា ដើម្បីផ្តល់ជូនប្រជាជនកម្ពុជានូវផលិតផល និងសេវាសុខភាពដែលមានគុណភាព និងចូលរួមប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ជាមួយក្រសួងសុខាភិបាល ដែលជាកិច្ចការអាទិភាពមួយក្នុងចំណោមអាទិភាពដ៏ច្រេីន  ក្រោមការចង្អុលបង្ហាញរបស់ សម្តេចតេជោ ហ៊ុន សែន។

លោកជំទាវ ក៏បានស្នើឱ្យតំណាងក្រុមហ៊ុនទាំងអស់ជួយផ្សព្វផ្សាយបន្តអំពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងជួយទាក់ទាញ វិនិយោគិនអាមេរិកមកធ្វើការវិនិយោគ លើវិស័យសុខាភិបាលបន្ថែមទៀតនៅកម្ពុជា ជាពិសេសលើផ្នែកបង្កើនសមត្ថភាពរបស់មន្ទីរពេទ្យ ការបណ្តុះបណ្តាល និងការធ្វេីទំនេីបកម្មបច្ចេកវិទ្យាសុខាភិបាល តាមបែបឌីជីថល៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register