អនុប្រធានទី១ អាជ្ញាធរមីន​៖ កម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារ​គ្រាប់បែកចង្កោមប្រមាណជាង ៧៤៣ គីឡូម៉ែត្រក្រឡា

Please log in or register to like posts.
ព័ត៌មាន

AKP រតនគិរី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០–ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន​កម្ពុជាបានលើកឡើងថា បច្ចុប្បន្ន កម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារតែគ្រប់បែកចង្កោមមានប្រមាណ ជាង ៧៤៣ គីឡូម៉ែត្រការ៉េ​ ក្នុងខេត្តចំនួន ១៩ ទូទាំងប្រទេស។ ការលើកឡើងរបស់​ឯកឧត្ដមទេសរដ្ឋមន្រ្ដីនេះ ក្នុងឱកាសបានអញ្ជើញទស្សនកិច្ចការងារបោសសម្អាតគ្រាប់​បែកចង្កោមរបស់អង្គការ MAG និងអង្គការ NPA នៅខេត្តរតនគិរី កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ជាមួយ ឯកឧត្ដម​ W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកន​ប្រចាំ​នៅកម្ពុជា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ បាន​ចុះ​ពិនិត្យ​ម៉ាស៊ីន​គាំទ្រ​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់របស់​អង្គការ​ MAG​ ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​​ក្រុង​បាន​លុង​ និង​លទ្ធផល​នៃ​ការ​បោស​សម្អាត​គ្រាប់​បែក​ចង្កោមរបស់​អង្គការ​ NPA ​នៅ​វិទ្យាល័យ​ត្រពាំង​ក្រហម​ ក្នុងស្រុកកូនមុំ​ ខេត្ដរតនគិរី ព្រម​ទាំង​បាន​ពិនិត្យមើល​ការ​ប្រកួត​បាល់​ទាត់​នារី​រវាង​អ្នក​ដោះ​មីន និងគ្រាប់​មីនរបស់​អង្គការ​ MAG និង​អង្គការ​ NPA ផងដែរ​។ នេះបើយោងតាមអាជ្ញាធរមីនកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា ផ្អែក​តាម​លទ្ធផលនៃការ​ស្រាវ​ជ្រាវ ទិន្នន័យមូលដ្ឋាន ចាប់ពីឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០២០ ប្រទេសកម្ពុជា រង​ផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមមានផ្ទៃដីប្រមាណជាង ៨៩៤ គីឡូម៉ែត្រក្រឡា ក្នុង​នោះ​បានបោសម្អាតរួចមាន​ប្រមាណជាង ១៨៥ គីឡូម៉ែត្រការ៉េ។ ឯកឧត្ដមទេស​រដ្ឋ​មន្រ្ដី​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រសកម្មភាព​មីនមនុស្សធម៌នៅ​កម្ពុជាដ៏សប្បុរស ដែលបានផ្តល់ដោយរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ក្នុងការ​រួមចំណែកកាត់បន្ថយការគំរាមកំហែង ដោយសារគ្រាប់មីន និងគ្រាប់បែកចង្កោម និង​សង្រ្គោះជីវិតមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងទឹកប្រាក់ប្រមាណជាង ១៦០​លាន​ដុល្លារ តាម​រយៈ​ WRA​ (Weapon Removal and Abatement) និង​កម្មវិធី​​ HDR& D (Humanitarian Demining, Research and Development) ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្ដី​បានស្នើសុំឱ្យរដ្ឋាភិបាល និង​ប្រជាជនសហរដ្ឋអាមេរិក បន្តជួយគាំទ្របង្កើននូវកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមលើ​ការងារបោសសម្អាតមីន​ ​និង​គ្រាប់បែកចង្កោមនៅកម្ពុជា។ ទន្ទឹមនេះ ជួយកសាងសមត្ថ​ភាព​ថ្នាក់ជាតិក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះរយៈពេលវែងក្រោយឆ្នាំ២០២៥ និងគាំទ្រការបង្កើតបន្ថែម​ក្រុម​ការងារ​បច្ចេកទេសស្រាវជ្រាវចម្ការគ្រាប់​បែក​ចង្កោម​។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបាន​បញ្ជាក់​បន្ថែម​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ចក្ខុវិស័យ​ និង​គោល​ដៅ​ច្បាស់​លាស់​ ក្នុង​ការ​បញ្ចប់​ការ​គំរាម​កំហែង​ដោយ​សារ​មីន​ ដែល​យើង​បាន​ដឹង​ធ្វើឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០២៥​ ដូច​មាន​ចែង​ក្នុង​ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ដែល​ក្នុង​នោះ​ក៏​បាន​លើក​ឡើង​ក្នុង​ការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម​ ដោយ​កំណត់​ក្នុង​​គោល​ដៅ​ទី​២​ របស់​ខ្លួន​ផង​ដែរ​។

ឯកឧត្ដម​ W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបាន គូសបញ្ជាក់​ថា​ សហរដ្ឋអាមេរិក​ គឺ​ជា​អ្នក​ផ្តល់​ជំនួយ​មនុស្ស​ធម៌​លើ​ការងារ​បោស​សម្អាត​មីន និងគ្រាប់មីន​នៅ​កម្ពុជា​ធំមួយ​ ក្នុង​គោលដៅ​ចូលរួម​ផ្តល់​នូវ​សុខ​សុវត្ថិភាព ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា​។ ឯកឧត្ដមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​បានបន្ថែមថា អាម៉េរិកនឹងប្តេជ្ញា​​បន្ត​ឈរ​ជាមួយ​កម្ពុជា​ក្នុង​ការ​បញ្ចប់​ការគំរាម​កំហែង​​ដោយ​សារ​​មីន​ឱ្យ​អស់​នៅ​ឆ្នាំ​២០២៥​ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ផងដែរ​៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register