ស្ថាប័នអប់រំ ​ចុះ​អនុស្សរណៈ​ដើម្បី​ផ្សា​ភ្ជាប់​គម្លាត​ជំនាញ​រវាង​កម្មវិធី​សិក្សា​របស់​ស្ថាប័ន​រដ្ឋ និង​តម្រូវ​ការ​នៃ​វិស័យ​ឧស្សាហកម្ម​ធនាគារ

Please log in or register to like posts.
ព័ត៌មាន

AKP ​ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ –វិទ្យាស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ (IBF) បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ​អន្តរជាតិ​ផារ៉ាហ្គន (Paragon.U) ដើម្បី​លើក​កម្ពស់​កិច្ច​សហការ ផ្សារ​ភ្ជាប់​គម្លាត​ជំនាញ​រវាង​កម្មវិធី​សិក្សា​របស់​ស្ថាប័នអប់រំ និង​តម្រូវការ​នៃ​វិស័យ​ឧស្សាហ កម្ម​ធនាគារ។

ក្នុងពិធី​ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា​ស្ដីពីកិច្ចសហប្រតិបត្ដិការរវាង សាកលវិទ្យាល័យ​អន្តរជាតិ​ផារ៉ាហ្គន និងវិទ្យាស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ​​ឯកឧត្ដម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​មាន​ប្រសាសន៍​ថា កម្មវិធី​អប់រំ​ឧត្តម​សិក្សា​នៅ​កម្ពុជា​បាន​ពង្រីក​យ៉ាង​ឆាប់​រហ័ស ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​កំណើន​នៅ​ក្នុង​វិស័យ​ផ្សេងៗ ប៉ុន្តែ​កំណើន​នេះ ​មិន​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ជាមួយ​នឹង​តម្រូវការ នៃ​វិស័យ​ឧស្សាហកម្ម​នោះ​ទេ ដោយ​សារ​តែ​មិន​មាន​កិច្ច​សហការ​រវាង​អង្គភាព​ទាំង​ពីរ។ ឯកឧត្ដម​បានបញ្ជាក់​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​វិស័យ​ឯកជន និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​ចេញ​នូវ​កំណែ​ទម្រង់​នៃ​វិស័យ​អប់រំ​ឧត្តម​សិក្សា ដើម្បី​ផ្តោត​លើ​គុណ​ភាព​អប់រំ អភិបាល​កិច្ច​ដែល​មាន​ភាព​ប្រសើរ ការ​ផ្សា​ភ្ជាប់​វិស័យ​អប់រំ​ឧត្តម​សិក្សា និង​ការអប់រំ STEM។ ឯកឧត្ដមបណ្ឌិតបានបន្ដថា កិច្ចសហការនេះបានបង្ហាញពីរបៀប រវាង​ភាគីទាំងពីរ អាចធ្វើការរួមគ្នាក្នុងវិធីជាប្រព័ន្ធ ដើម្បីលើកកម្ពស់សមត្ថភាពនិស្សិត និង​ទស្សន​​វិស័យ​ការ​ងារ ដែលជាការជំរុញទឹកចិត្តដល់វិស័យឧស្សាហកម្មដទៃទៀត ក្នុងការ​ធ្វើការជាមួយស្ថាប័ន​អប់រំ ពាក់ព័ន្ធនានា។

ឯកឧត្ដម​​បណ្ឌិតសភាចារ្យ​បាន​បញ្ជាក់បន្ថែមថា “ខ្ញុំ​សូម​អបអរ​សាទរ​គំនិត​ផ្តួច​ផ្តើម​នេះ ដែល​ដឹកនាំ​ដោយ IBF និង​មាន​ការ​គាំទ្រ​ពី​សំណាក់ ABC និង CMA ក៏​ដូចជា​កិច្ច​សហ​ប្រតិបត្តិការ​ជា​វិជ្ជមាន​របស់ Paragon.U ដើម្បី​ចូលរួម​ក្នុង​ការ​សហការ​គ្នា​ជា​ផ្លូវការ​នេះ។ ខ្ញុំ​ទន្ទឹង​រង់​ចាំ​មើលការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ជា​ច្រើន​ទៀត រួម​ទាំង​សាកលវិទ្យាល័យ​សាធា​រណៈ​​ក្នុងស្រុករបស់យើង”។

លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារ​ជាតិនៃកម្ពុជាបានថ្លែងថា ការសហការនេះនឹងតម្រែតម្រង់កម្មវិធីសិក្សារបស់​សាកលវិទ្យា​ល័យក្នុងការឆ្លើយតបនឹងតម្រូវការរបស់ឧស្សាហកម្មធនាគារ តាមរយៈការសម្រប​សម្រួល​ពីវិទ្យាស្ថាន​ធនាគារនិងហិរញ្ញវត្ថុ។ លោកជំទាវបានលើកឡើងថា សម្រាប់វិស័យធនាគារ កិច្ចសហការនេះ នឹងជំរុញឱ្យមានការតភ្ជាប់គម្លាតរវាងសិស្ស-និស្សិត និងតម្រូវការជាក់ ស្ដែងក្នុងទីផ្សារ។ លោកជំទាវបានលើកទឹកចិត្តដល់វិស័យដទៃទៀតឱ្យមានការសហការ​គ្នាទៅវិញទៅមកក្នុងការតភ្ជាប់នូវតម្រូវការរបស់ស្ថាប័ននីមួយៗ​និងកម្លាំងពលកម្មដែល​មានស្រាប់ ដើម្បីពង្រឹងធនធានមនុស្សនៅកម្ពុជា។ លោកជំទាវបានចាត់ទុកថា អនុស្ស​រ​ណៈ​យោគយល់នេះផ្តល់ជូននិស្សិត និងសមាជិក បុគ្គលិកនៃសាកលវិទ្យាល័យនូវ​ឱកាស ដើម្បីអភិវឌ្ឍន៍បង្កើនជំនាញ ចំណេះដឹង និងបណ្តាញរបស់ពួកគេនៅក្នុង​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ៕

ដោយ រិទ្ធី ប្រភព៖ ក្រសួងអប់រំ

You do not have permission to write comment on this post.

Log in Register