អង្គការគោសប្បុរសដើម្បីកម្ពុជាចិញ្ចឹមសត្វគោ និងពពែសម្រាប់យកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងខេត្តសៀមរាប

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី០៩ខែតុលា ឆ្នាំ២០២០ –លោក ចាន់ វិចិត្រ នាយកប្រតិបត្តិអង្គការគោសប្បុរសដើម្បីកម្ពុជា(Cows for Cambodia)បានឱ្យដឹងនៅរសៀលថ្ងៃទី០៩ខែតុលាឆ្នាំ២០២០នេះថា អង្គការគោសប្បុរសដើម្បីកម្ពុជា បានចាប់ផ្តើមចិញ្ចឹមសត្វគោសម្រាប់យកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០១៣មក លើផ្ទៃដី២០ហិកតា ស្ថិតនៅភូមិអូរម្នាស់ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបច្ចុន្ននេះអង្គការមានសត្វគោចំនួន១៥០ក្បាល និងសត្វពពែចំនួន១១០ក្បាល។ លោកបានបន្តថា គោលបំណង់នៃការចិញ្ចឹមសត្វគោនិងសត្វពពែនេះគឺក្នុងន័យមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត តាមរយៈការផ្តល់ឱ្យប្រជាពលរដ្ឋខ្ចីសត្វគោយកទៅចិញ្ចឹមយកកូនធ្វើពូជបន្ត មានន័យថា អង្គការផ្តល់មេគោទៅឱ្យប្រជាពលរដ្ឋចិញ្ចឹមពេលបានកូនមួយអង្គការយកមេគោមកវិញដោយទុកកូនគោឱ្យប្រជាពលរដ្ឋធ្វើពូជ។ លោកបានបន្តទៀតថា ចំពោះសត្វពពែបើប្រជាពលរដ្ឋណាដែលមានដីទំនេរ ហើយចង់ចិញ្ចឹាមសត្វពពែគឺខាងអង្គការនឹងផ្តល់ជូនដូចគ្នាដែរ។

លោក ចាន់ វិចិត្រ បានបញ្ជាក់ថា កាលពីឆ្នាំមុនអង្គការបានផ្តល់មេគោទៅប្រជាពលរដ្ឋនៅក្នុងភូមិបាគង ឃុំរលួស ស្រុកប្រាសាទបាគងចំនួន១១០គ្រួសារ និងឆ្នាំ២០២០នេះមានចំនួន៨០គ្រួសារ និងបានផ្តល់ជូនដល់ប្រជាពលរដ្ឋនៅភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី មានចំនួន២០គ្រួសារ។ ទន្ទឹមនេះ អង្គការ នឹងធ្វើការផ្តល់មេគោនេះ ទៅកាន់ប្រជាពលរដ្ឋក្រីក្រនៅតំបន់ផ្សេងៗទៀតក្នុងខេត្តសៀមរាប។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានថ្លែងថា ក្នុងនាមអាជ្ញាធរដែនដីគឺលោកមានការគាំទ្រចំពោះសកម្មភាពរបស់អង្គការគោសប្បុរសដើម្បីកម្ពុជា នៅពេលនេះ ហើយនេះគឺជាការបង្ហាញពីសកម្មភាពរបស់ដៃគូអភិវឌ្ឍន៍ក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។លោកអភិបាលស្រុកបានបន្តថា ការងារចិញ្ចឹមសត្វនេះ គឺជាច្រកចេញមួយដែលធ្វើឱ្យប្រជាពលរដ្ឋចេញផុតពីភាពក្រីក្រ បើសិនប្រជាពលរដ្ឋមានការចាប់អារម្មណ៍លើការងារចិញ្ចឹមសត្វនេះ៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register