គណៈកម្មាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ ជំនន់ទឹកភ្លៀងនេះ បានជន់លិចស្រូវ ២៧២ ២៦៣ហិកតា និងដំណាំរួមផ្សំ ៩៦ ៩៤៥ហិកតា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ — យោងតាមទិន្នន័យរបស់គណៈកម្មាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គិតពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងនេះ បានជន់លិចស្រូវ ២៧២ ២៦៣ហិកតា និងដំណាំរួមផ្សំ ៩៦ ៩៤៥ហិកតា ហើយ គ្រោះទឹក​ជំនន់នេះក៏បង្កឱ្យប៉ះពាល់ផ្ទះសម្បែងជាង ១៣ម៉ឺនខ្នង និងខូចខាត ៦៣ខ្នង លិចសាលា​រៀន ៩៥១កន្លែង និងលិចវត្ត ៣០៧កន្លែង។

បើតាមគណៈកម្មាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានលើកឡើងផងដែរថា ជំនន់ទឹកភ្លៀងនេះបានបង្កផលប៉ះពាល់រាជធានី ខេត្ត ចំនួន ២០ ស្មើ ១២១ ក្រុង ស្រុក ខណ្ឌ រួមមាន រាជធានីភ្នំពេញ  ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ  បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្ត​កំពង់ធំ។ ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ប្រជាជនប្រមាណ ១៤៨ ៥៩៧ គ្រួសារ ស្មើនឹង ៥៩៤ ៣៨៨នាក់។ ប្រជាជនប្រមាណ ១១ ៨៩៥ គ្រួសារ ស្មើប្រមាណ ៤៧ ៥៨០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ បើតាមទិន្នន័យដដែលក៏បាន​បង្ហាញបន្ថែមថា ទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហម ៦១៧គីឡូម៉ែត្រ លិចផ្លូវលំជនបទ ១ ៦៨៥ គីឡូម៉ែត្រ ប៉ះពាល់ទំនប់ ៤៩គីឡូម៉ែត្រ ប៉ះពាល់ប្រឡាយមេ ២៧០គីឡូម៉ែត្រ ប៉ះពាល់ប្រឡាយរង ២៧១គីឡូម៉ែត្រ ប៉ះពាល់ប្រឡាយស្រោចស្រព ១៤៦គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេជាង ២គីឡូម៉ែត្រ។

ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់ ដោយជំនន់ទឹកភ្លៀងនៅកម្ពុជាក៏កើនដល់ ៤៣​នាក់ ដែលក្នុងនោះ ខេត្តបន្ទាយមានជ័យ ២៦នាក់ ខេត្តពោធិ៍សាត់ ០៦នាក់ ខេត្តប៉ៃលិន ០១នាក់ ខេត្តព្រះសីហនុ ០២នាក់ ខេត្តកំពង់ធំ ០៦នាក់ ខេត្តស្ទឹងត្រែង ០១នាក់ និងខេត្ត​កំពង់ឆ្នាំង ០១នាក់។

  គួរបញ្ជាក់ដែរថា ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានតភ្ជាប់ពីទីក្រុងរណប​កោះ​ពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់​និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ២០២០​នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់​បទបញ្ជាឱ្យរដ្ឋមន្ត្រីចំនួន ៤ក្រសួង ដែលរួមមានក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវចុះដោះស្រាយបញ្ហាជូនពលរដ្ឋរងគ្រោះដោយគ្រោះ​ទឹកជំនន់​ជាបន្ទាន់ ។ រដ្ឋមន្ត្រីទាំង ៤ត្រូវដោះស្រាយបញ្ហាជួសជុលផ្លូវ ស្ពាន ទំនប់ទឹក ប្រឡាយទឹក ផ្លូវលំជនបទ ដែលខូច ខាតដោយជំនន់ទឹកភ្លៀងនៅចំនួន២០ខេត្ត-រាជធានីឱ្យបានរហ័ស ចំណែកក្រសួងកសិ កម្មត្រូវចាត់ចែងផ្តល់ស្រូវពូជ និងពូជដំណាំដល់កសិករឱ្យ​ទាន់ពេល វេលា៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register