សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរដ្ឋសភាអនុម័តជាស្ថាពរហើយ ដោយសំឡេង ១១៦ នៃអង្គរដ្ឋសភាទាំងមូល

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០​ –សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរដ្ឋសភា អនុម័តដោយសំឡេងគាំទ្រ ១១៦ នៃអង្គរដ្ឋសភាទាំងមូលដែលបានចូលរួម។

ការអនុម័តនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះនៅវិមានរដ្ឋសភា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើង នៅក្នុងបរិការណ៍ ដែលជំងឺកូវីដ-១៩ ដែលនាំមកនូវផលប៉ះពាល់បញ្ហាប្រឈម និងហានិភ័យជាច្រើន ហើយគ្រោះទឹកជំនន់នាពេលថ្មីៗកន្លងមកនេះក៏បានបង្កើនសំពាធ នៃតម្រូវការចំណាយ ថវិកាបន្ថែមទៀតនៅក្នុងឆ្នាំ២០២១ខាងមុខ សម្រាប់ការស្តារនៃគោលដៅ រចនាសម្ព័ន្ធរូបវន្តផលិតកម្មកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលបាន និងកំពុងទទួលរងនូវការខូចខាត។ ជាក់ស្តែងការទទួលរងពីជំងឺកូវីដ-១៩ បាន និងកំពុងនាំមកនូវផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់ មានពីមុនមកចំពោះតំបន់ និងពិភពលោកទាំងមូលដោយគ្មានការលើក លែងប្រទេស ណាមួយឡើយ។  ពិសេ​សបានធ្វើឱ្យមនុស្សរាប់រយលាននាក់បានបាត់បង់ការ​ងារ ធ្លាក់ចុះនូវប្រាក់ចំណូល ហើយប្រជាជនមួយចំនួនធំនៅលើសកលលោកបានធ្លាក់ចូល ក្នុងភាពក្រីក្រវិញ។ កម្ពុជាក៏មិនអាចគេចរួចពីផលវិបាកអាក្រក់ទាំងនេះដែរ ហើយបាន និងកំពុងទទួលរងនូវផល​ប៉ះពាល់អវិជ្ជមានពីជំងឺនេះ មកលើបញ្ហាសុខភាពសង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសគ្រួ​សា​រ​​​ប្រជាជនក្រីក្រ និងងាយរងគ្រោះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្តថា សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នឹងរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់ នៅរបស់ប្រជាជន ព្រមទាំងការស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក៏ដូចជាដើម្បីសម្រេចឱ្យបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ពិសេសការជំរុញអនុវត្តន៍កិច្ចការកែទម្រង់គ្រប់វិស័យក្នុងឆ្នាំ២០២១ ដែលជាឆ្នាំពាក់​កណ្ដា​លអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នា រយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាថវិកាប្រយុទ្ធការពារជីវិតប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពប្រជាជន ព្រមជាមួយការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញនៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវការគោរពសម្តេចប្រធានរដ្ឋសភា ព្រមទាំងអង្គរដ្ឋសភាទាំងមូល ដែលបានផ្តល់ សំឡេងគាំទ្រ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២១ នាថ្ងៃនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងសមាជិកចូលរួមក្នុងសម័យប្រជុំបាន សម្តែងនូវការគំាទ្រសេចក្តីព្រាងច្បាប់នេះ ដោយបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះមាន សារៈសំខាន់ណា​​ស់ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ សេចក្តីព្រាងច្បាប់នេះ រៀបចំ ឡើងស្របតាមច្បាប់ជាធរមាន និងទាន់ពេលវេលា និងសមស្របទៅនឹងស្ថានភាព បច្ចុប្បន្ន និងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

យោងតាមខ្លឹមសារសង្ខេបប្រតិបត្តិ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រងឆ្នាំ២០២១បានឱ្យដឹងថា ត្រូវបានគ្រោងចំណាយសរុបថវិការដ្ឋចំនួន ៣២.០០៩.​៧៤២​លានរៀល ត្រូវជា ២៧,១៤ភាគរយ នៃផ.ស.ស គឺមានការថយចុះ ៤,០ភាគរយ ធៀបនឹងឆ្នាំ២០២០។ ក្នុងនោះចំណាយចរន្តថវិកាជាតិគ្រោងចំនួន ១៨.៧៥១.០៤១លាន រៀលត្រូវជា១៥,៩០ភាគរយ នៃផ.ស.ស គឺថយចុះ ៥,៤ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២០។ ការចំណាយមូលធនថវិការដ្ឋគ្រោងចំនួន ១៣.២៥៨.៧០១លានរៀល ត្រូវជា ១១,២៤ភាគរយ នៃផ.ស.ស គឺថយចុះ ១,៩ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២០៕

ដោយ ប៉ាល់សុង

You do not have permission to write comment on this post.

Log in Register