យុវជន និងគ្រូបង្រៀន១៥០នាក់ ឈ្វេងយល់អំពីការគ្រប់គ្រង បេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី​​​​២៧ ខែវិច្ឆិកា ឆ្នាំ២០២០ — នៅរសៀលថ្ងៃ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ង៉ែត សុខចាន់ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ និងយុវជនរាជធានីភ្នំពេញ បានដឹកនាំក្រុមប្រឹក្សាកុមារកម្ពុជា-យុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ នៃក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញចំនួន១៥០នាក់ មកស្តាប់បទបង្ហាញពី សំណាក់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ស្តីអំពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅរមណីយដ្ឋានអង្គរ។

លោក ង៉ែត សុខចាន់ បានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះ គឺចាប់ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងតំបន់វប្បធម៌ប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ក្នុង បំណងលើកកម្ពស់ការយល់ដឹងបំណិនជីវិត បណ្តុះស្មារតី សាមគ្គីភាព និងគោរព ស្រឡាញ់ចំពោះបេតិកភណ្ឌ។ ជាពិសេសនោះគឺការទទួលបាននូវ ចំណេះដឹងថ្មីៗ តាមរយៈ បទបង្ហាញការងារពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា ទាក់ទងនឹងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ នៅក្នុងរមណីយដ្ឋានអង្គរ។

ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូយុវជនទាំង១៥០នាក់នេះ ឯកឧត្តម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញអំពីកិច្ចការអភិរក្សប្រាសាទក្នុង និងក្រៅឧទ្យានអង្គរបញ្ហាប្រឈម កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ។

រីឯ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាដែរ ក៏បានធ្វើបទបង្ហាញ អំពីការគ្រប់គ្រងទេសចរណ៍ នៅក្នុងតំបន់អង្គរ និងលោក ម៉ុក គន្ធី ប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ បានធ្វើបទបង្ហាញស្តីអំពីស្ថាប័ន អាជ្ញាធរជាតិអប្សរា ដល់យុវជនដើម្បីទទួល បានចំណេះដឹងថ្មីៗ។ ក្រៅពីការស្តាប់បទបង្ហាញ ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា គណៈប្រតិភូក្រុមប្រឹក្សាកុមារកម្ពុជា-យុវជនកម្ពុជា លោកគ្រូ អ្នកគ្រូនៃក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏បន្តទទួលបានចំណេះដឹងបន្ថែម ទៀត នៅតាមការដ្ឋានផ្ទាល់ពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាទៀតផង៕

ដោយ ហង្ស សៀក

You do not have permission to write comment on this post.

Log in Register