អាជ្ញាធរខេត្តសៀមរាប រឹតបណ្តឹងការអនុវត្តវិធានការការពារ កូវីដ-១៩នៅ តាមបណ្តាផ្សារនានា

Please log in or register to like posts.
ព័ត៌មាន

AKP ខេត្តសៀមរាប ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០​ — លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបកាលពីរសៀលថ្ងៃទី០២ខែធ្នូឆ្នាំ២០២០នេះ បានចុះទៅជួបជាមួយប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារលើធំថ្មី ខេត្តសៀមរាប ដើម្បីធ្វើការផ្សព្វផ្សាយ និងណែនាំអំពីការអនុវត្តវិធានការការពារកូវីដ-១៩។ ជាមួយគ្នានេះអាជ្ញាធរក៏បានយកម៉ាស់ប្រមាណ៩ពាន់ម៉ាស់ទៅចែកជូនដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារលើធំថ្មីនេះផងដែរ។

លោក នាក់ ណេរ៉ុន បានថ្លែងថា ដើម្បីបង្ការការឆ្លងមេរោគកូវីដ-១៩អាជ្ញាធរបានណែនាំឱ្យអាជីវកររួមជាមួយប្រជាពលរដ្ឋទាំងអស់ដែលបានចូលទីផ្សារធំត្រូវពាក់ម៉ាស់ទាំងអស់គ្នា បើសិនជាអ្នកណាមិនពាក់អាជ្ញាធរមិនអនុញ្ញាតឱ្យចូលនោះទេ។ ដូចនេះសូមបងប្អូនបានចូលមកកាន់ទីផ្សារ ទិញនូវបន្លែបង្ការ ម្ហូបអាហារ រួមទាំងបងប្អូន លក់ដូនៅតាមរទេះរុញ ម៉ូតូកង់បី និង រ៉ឺម៉កម៉ូតូកង់បីដឹកភ្ញៀវ សុំឱ្យបង្កើននូវការប្រុងប្រយ័ត្នគ្រប់វិនាទី ដោយគោរពឱ្យបាននូវវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវធ្វើអនាម័យ លាងដៃនឹងទឹកសាប៊ូ , អាល់កុល ឬ ជែល និងត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ។ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ចូលក្នុងសហគមន៍បន្តទៀត។

លោកបានបញ្ជាក់ថា បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបទទួលបានម៉ាស់ចំនួន១លានម៉ាសបន្ថែមពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្តក៏បានបែងចែកម៉ាស់ទាំងនោះទៅកាន់តាមបណ្តារដ្ឋលស្រុកទាំង១២និងបានចុះចែកជូនដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍២៨វិច្ឆិកាខែវិច្ឆិកា សម្រាប់តែខេត្តសៀមរាបគិតចាប់ពីថ្ងៃទី២៩ខែវិច្ឆិកាដល់ថ្ងៃទី០១ខែធ្នឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋចំនួនជិត៤០០នាក់ បានចូលរួមយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ហើយសម្រាប់លទ្ធផលដែលបានចេញជាបន្តបន្ទាប់ គឺអវិជ្ជាមាន មិនទាន់មានរកឃើញឆ្លងមេរោគកូវីដ-១៩នោះទេ៕

ដោយ ៖ ឃុត សៅ

You do not have permission to write comment on this post.

Log in Register