អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ពីការបិទអគារកាណាឌីយ៉ា បន្ទាប់ពីមានការរកឃើញបុគ្គលិកនៅអគារនេះ មានផ្ទុកវីរុសកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០–លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹងនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះថា ក្រសួងសុខាភិបាល ក្រោមការណែនាំ និងចង្អុរបង្ហាញរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចផ្អាកដំណើរអគារកាណាឌីយ៉ាភ្លាមៗ បន្ទាប់ពីរកឃើញថាបុគ្គលិកបម្រើការងារនៅធនាគារចិន ដែលមានទីតាំងនៅអគារកាណាឌីណា ផ្លូវព្រះមុនីវង្ស បានឆ្លងវីរុសកូវីដ-១៩ ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

លោកជំទាវ បានបន្ថែមថា រាល់បុគ្គលិក ដែលបម្រើការនៅអគារនេះ នឹងត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័កផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញនាព្រឹកមិញនេះ ក៏បានបញ្ជាក់ពីការផ្អាកដំណើរធនាគារកាថេយូ ណៃធីត (នៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ) ចំនួន១៤ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកានេះតទៅ ហើយរាល់បុគ្គលិកទាំងអស់ នឹងត្រូវធ្វើតេស្ត និងចត្តាឡីស័ក ១៤ថ្ងៃផងដែរ។

គិតត្រឹមថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ-១៩ សរុបទូទាំងប្រទេស មានចំនួន ៣៣១នាក់ ព្យាបាលជាសះស្បើយចំនួន ៣០៤នាក់ ហើយកម្ពុជាសន្មត់ថាមានការឆ្លងចូលសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីមានការឆ្លងវីរុសនេះពីក្រុមគ្រួសារឯកឧត្តមអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដោយពុំដឹងមូលហេតុ និងប្រភព៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register