សម្ដេចតេជោ ហ៊ុន សែន៖ ស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែក​ក្នុងការប្រយុទ្ធ​ប្រឆាំង​ជាមួយកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាល

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ — ក្នុងខណៈដែលថវិការបស់សប្បុរសជនចូលរួមសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ-១៩ បាន​កើនដល់ប្រមាណជាង៣០លានដុល្លារអាម៉េរិកនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ស្មារតីសាមគ្គីភាព វប្បធម៌​នៃការ​ចែករំលែក ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ក្នុងចំណោមប្រជាជនកម្ពុជាយើង​មានធំ​ធេង​មហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ។

នៅលើផេកផ្លូវការនារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសរថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ស្មារតីសាមគ្គីភាព វប្បធម៌នៃការ​ចែក​រំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ”។ សម្ដេចតេជោបន្តថា មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិច តាមច្រើន តាមសទ្ធាជ្រះថ្លា មាន​ប្រមាណ​ជាង៣០លានដុល្លារអាម៉េរិក។ សម្ដេចតេជោបានលើកឡើងថា ​ដោយមាន​សំណូម​ពរពីប្រជាជនយើង ខ្ញុំព្រះករុណាខ្ញុំសុំបន្ថែមគណនី២ទៀតនៅធនាគារអេស៊ីលីដា និងភ្នាក់​ងារវីង ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារដោយមិនមានការបង់សេវា។ សម្រាប់វីង​ចំពោះប្រាក់រៀលគឺ 9992 ប្រាក់ដុល្លារគឺ9991។ ចំពោះអេស៊ីលីដា ប្រាក់រៀលគឺ 00010556999989 ចំពោះប្រាក់ដុល្លារគឺ 00010556999999។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើ​ប្រាក់តាមរយៈលេខគណនីខាងលើនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលខ្ញុំ​ព្រះករុណាខ្ញុំមានបំណងចាក់ជូនប្រជាជនឱ្យបាន១០លាននាក់ ដែលត្រូវការវ៉ាក់សាំង​រហូត​២០លានដូស និងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយ ចំនួន១លានដូស​សម្រាប់ចាក់​ជូន៥០ម៉ឺននាក់ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យ និងកំពុងមានហា​និ​ភ័យ ដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាល​យុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសម្អាតទីក្រុង​ទីប្រជុំជន។ល។​ដែលត្រូវ​ទទួលបាននៅដំណាក់កាលទីមួយនេះ។

សម្ដេចតេជោបានបង្ហាញនូវការជឿជាក់ថា កម្ពុជាយើងពិតជាអាចធ្វើបាន ក្នុងស្មារតី​សាមគ្គីនិងការចូលរួមដូចសព្វថ្ងៃនេះ៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register