ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យបណ្ដាប្រទេសក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ACMECS ចែករំលែកនូវបទពិសោធន៍ នៃការប្រើប្រាស់វ៉ាក់សាំងការពារវីរ៉ុសកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យប្រទេសទាំងអស់ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) ចែករំលែកនូវបទពិសោធន៍ នៃការប្រើប្រាស់វ៉ាក់សាំង ការពារវីរ៉ុសកូវីដ-១៩។ 

ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន  បានធ្វើឡើងក្នុងឱកាសអញ្ជើញធ្វើជាប្រធានដឹកនាំ កិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា   ក្នុងកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACMECS)លើកទី៩នេះ ទី១. ប្រមុខថ្នាក់ដឹកនាំនៃប្រទេស ACMEC បានធ្វើការអនុម័ត ទៅលើសេចក្តីថ្លែងការណ៍ក្រុងភ្នំពេញ នៃកិច្ចប្រជុំ ACMECSលើកទី៩។ ទី២. បញ្ជីគម្រោងអាទិភាពរបស់ ACMECS និង ទី៣. ការអនុម័តទៅលើក្របខ័ណ្ឌ សម្រាប់មូលនិធិអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌរបស់ ACMECS។ នៅក្នុងក្របខ័ណ្ឌនេះដែរ ព្រះរាជាណាចក្រថៃ បានប្រកាសនិងសន្យាផ្ដល់វិភាគទាន ចំនួន២០០លានដុល្លារអាម៉េរិក។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសន្យាថា កម្ពុជានឹងដាក់វិភាគទានចំនួន០៧លានដុល្លារអាម៉េរិក សម្រាប់អនុវត្តន៍គម្រោងអាទិភាព នៅក្នុងមូលនិធិនេះ។   អង្គប្រជុំក៏បានគូសបញ្ជាក់អំពី ប្រទេសដៃគូអភិវឌ្ឍន៍របស់ក្របខ័ណ្ឌ ACMECS នៅក្នុងក្រុមទី១ មានប្រទេសចិន ជប៉ុន កូរ៉េ ឥណ្ឌា និងសហរដ្ឋអាមេរិក។ ចំពោះក្រុមទី២ មានប្រទេសអ៊ីស្រាអែល និងណូវែលសេឡង់ ហើយក៏បានបើកទៅអង្គការតំបន់ និងអន្តរជាតិផ្សេងៗទៀតផងដែរ។   អ្វីដែលសំខាន់ នៅក្នុងកិច្ចប្រជុំមេដឹកនាំប្រទេស ក្របខ័ណ្ឌ ACMECS បានពិគ្រោះយោបល់ និងពិភាក្សាអំពីបញ្ហាប្រឈម ដោយជំងឺរាតត្បាតកូវីដ១៩ និងការឆ្លើយតបក្រោយជំងឺកូវីដ១៩ នឹងយ៉ាងណាធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរជាងមុន។ ប្រមុខរដ្ឋាភិបាល ACMECS ក៏បានផ្លាស់ប្តូរមតិ ធ្វើយ៉ាងណា  បន្តការជំរុញការតភ្ជាប់គម្រោងទាំងឡាយ ទាំងទន់និងរឹង ពិសេសការជំរុញដល់ទៅលើសេដ្ឋកិច្ចឌីជីថល រួមទាំងវិស័យអប់រំ នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម 4.0។   ប្រមុខរដ្ឋាភិបាល បន្តជំរុញការអភិវឌ្ឍផែនការមេ របស់ ACMECS និងការជំរុញកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមមាន ពាណិជ្ជកម្មសេដ្ឋកិច្ច វិនិយោគទេសចរណ៍ ការតភ្ជាប់ និងសហគ្រាសធុនតូច និងមធ្យមផងដែរជាពិសេសគឺការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាលសាធារណៈ។   ក្នុងកិច្ចប្រជុំនេះ ប្រទេសថៃ បានស្នើឱ្យមានលេខាធិការដ្ឋាន របស់ ACMECS ហើយថ្នាក់ដឹកនាំ នៃប្រទេស ACMECS  បានផ្លាស់ប្តូរយោបល់គ្នា ស្របពេលដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រចំពោះការស្នើរបស់នាយករដ្ឋមន្ត្រីថៃ។ ដូច្នេះក្រុមការងារ នឹងពិភាក្សាគ្នា ដើម្បីបង្កើតលេខាធិការដ្ឋានប្រទេស ACMEC នៅពេលខាងមុខ។

គួរម្លឹកដែរថា កម្ពុជាបានទទួលវេនជាប្រធានACMECS ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ ហើយបន្តពីកម្ពុជា ប្រទេសឡាវនឹងធ្វើជាប្រធាន ACMECS រយៈពេល២ឆ្នាំបន្តទៀត៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register