អ្នកនាំពាក្យក្រសួងសុខាភិបាល៖ អង្គការសុខភាពពិភពលោក ពុំទាន់ទទួលស្គាល់ជាផ្លូវការនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ណាមួយនៅឡើយទេ គិតត្រឹមថ្ងៃទី០៩ ខែធ្នូ នេះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អង្គការសុខភាពពិភពលោក (WHO) ពុំទាន់ទទួលស្គាល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ណាមួយនៅឡើយទេ គិតត្រឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។ 
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តាមបណ្តាញតេឡេក្រាម នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់បញ្ជាក់ថា៖ “ខ្ញុំសូមជម្រាបជូនថា អង្គការសុខភាពពិភពលោក WHO នៅមិនទាន់មានការបញ្ជាក់ទទួលស្គាល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ណាមួយនោះទេ ប៉ុន្តែរឿងចរាចរ ឬក៏ទិញលក់វ៉ាក់សាំងនោះ គឺអាស្រ័យទៅលើច្បាប់ប្រទេសនីមួយៗ”។   

លោកជំទាវក៏បានបន្ថែមផងដែរថា អង្គការសុខភាពពិភពលោក បានណែនាំដល់ប្រទេសដែលទិញវ៉ាក់សាំងនោះ ត្រូវតែមានការគិតគូរពី គុណភាព និងប្រសិទ្ធិភាព របស់វ៉ាក់សាំង ឱ្យបានម៉ត់ចត់សិន មុននឹងសម្រេចចិត្តប្រើប្រាស់។

គួររម្លឹកផងដែរថា មានប្រទេស និងក្រុមហ៊ុនមួយចំនួន បានសម្រេចផលិត និងធ្វើតេស្តដោយជោគជ័យ នូវវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះក៏មានប្រទេសខ្លះបានចាក់សាកល្បងទៅប្រជាជនខ្លួនខ្លះៗរួចហើយ ប្រទេសខ្លះក៏បានកុម្មង់ទិញរួចហើយដែរ ដោយឡែកសម្រាប់កម្ពុជាវិញ នៅពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសផងដែរថា នឹងទិញវ៉ាក់សាំងចំនួន ១លានដូស ជាជំហានដំបូង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយពុំគិតប្រាក់ ដោយក្នុងនោះសម្តេចក៏ស្នើជាយោបល់ថា ក្រុមគ្រូពេទ្យគឺជាជម្រើសអាទិភាពទី១។

ពាក់ព័ន្ធនឹងក្តីសង្ឃឹមនៃវ៉ាក់សាំងនេះ លោកជំទាវវេជ្ជបណ្ឌិត ក៏បានអំពាវនាវជាថ្មី និងដោយទទូច គឺសូមប្រជាពលរដ្ឋកម្ពុជាកុំភ្លេចខ្លួន ឬធ្វេសប្រហែសឱ្យសោះ ហើយត្រូវបន្តអនុវត្តវិធានសុខាភិបាលជាប់ជានិច្ច ដោយការធ្វើអនាម័យដៃ និងខ្លួនប្រាណឱ្យបានស្អាត កាត់បន្ថយការជួបជុំ រក្សាគម្លាត និងពាក់ម៉ាសក្នុងពេលចាំបាច់។

គិតត្រឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះផងដែរ កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៣៥៤នាក់ ព្យាបាលជាសះស្បើយចំនួន ៣០៧នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ៤៧នាក់ ហើយដែលអ្នកទាំង៤៧នាក់នេះ ភាគច្រើនគឺជាអ្នកដែលបានឆ្លងពីព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register