សប្តាហ៍សៀវភៅ តាមប្រព័ន្ធអ៊ិនធឺណិត នឹងធ្វើឡើងរយៈពេលមួយសប្ដាហ៍ ក្រោមប្រធានបទ«សម័យកូវីដ កាន់តែស្និទ្ធនឹងសៀវភៅ»

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ — ដោយមានការចូលរួមពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:   ក្រសួងព័ត៌មាន   និងក្រសួងអប់រំ យុវជននិងកីឡា និងសហការរៀបចំដោយក្រុមការងារអ្នកស្ម័គ្រចិត្តពិព័រណ៍សៀវភៅកម្ពុជា “សប្តាហ៍សៀវភៅ” ដែលជាព្រឹត្តិការណ៍តាមប្រព័ន្ធអ៊ិនធឺណិត ក្រោមប្រធានបទ “សម័យកូវីដ កាន់តែសិ្នទ្ធនឹងសៀវភៅ” នឹងប្រារព្ធឡើងរយៈពេញមួយសប្ដាហ៍ទី២នៃខែធ្នូ (គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០)។

ពិព័រណ៍សៀវភៅកម្ពុជា គឺជាកម្មវិធីមួយរៀបចំជារៀងរាល់ឆ្នាំដែលតែងតែប្រារព្ធធ្វើឡើងនៅបណ្ណាល័យជាតិ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនទៅលើសៀវភៅជាភាសាខ្មែរនិងបរទេស លើកកម្ពស់ឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជា ព្រមទាំងគាំទ្រដល់អ្នកនិពន្ធនិងអ្នកគូរគំនូរជនជាតិខ្មែរ   រួមជាមួយនឹងការបណ្តុះក្ដីស្រឡាញ់ ទម្លាប់នៃការអានក្នុងចំណោមប្រជាជនកម្ពុជាគ្រប់វ័យ និងដើម្បីជំរុញចំណង់ចំណូលចិត្តក្នុងការសរសេរដល់យុវជនជំនាន់ក្រោយ។ ដើម្បីបន្តលើកស្ទួយការបោះពុម្ពផ្សាយ និងឧស្សាហកម្មសៀវភៅកម្ពុជា   គណ:កម្មការសម្រេចយកសប្តាហ៍ទី២នៃខែធ្នូ ឆ្នាំ២០២០ ជា”សប្តាហ៍សៀវភៅ” ជាមួយព្រឹត្តិការណ៍និងសកម្មភាពមួយចំនួនដែលនឹងត្រូវរៀបចំឡើងជាលក្ខណ:អនឡាញ គឺជារយៈសន្មតមួយ ដើម្បីឧទ្ទិសដល់សៀវភៅក្នុងបរិបទមួយ ដែលយើងមិនអាចរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិបាន ដោយមានការគំរាមកំហែងពីកូវីដ។

គួរបញ្ជាក់ដែរថា ”សប្តាហ៍សៀវភៅ” បានរួមបញ្ចូលសកម្មភាពមួយចំនួនដែរនឹងរៀបចំតាមប្រព័ន្ធអនឡាញ មានដូចជា ការផ្សព្វផ្សាយសៀវភៅ និងវីឌីអូរបស់កវីអ្នកបោះពុម្ពផ្សាយ បណ្ណាគារិក អ្នកលក់សៀវភៅ ដៃគូអភិវឌ្ឍន៍វិស័យសៀវភៅនិងអំណានគ្រឹះស្ថានអប់រំ នៅលើគេហទំព័ររបស់ពិព័រណ៍សៀវភៅកម្ពុជា។លើសពីនេះទៅទៀត ក៏មានការជួបនិយាយសំណេះសំណាលជាមួយនឹងវាគ្មិនពិសេសៗ ដែលនឹងអញ្ជើញចូលរួមតាមរយ:កម្មវិធីZoom។  បណ្តុំកម្មវិធីដ៏មានតម្លៃខាងលើនេះ គឺរៀបចំឡើងក្នុងគោលបំណងទាក់ទាញអ្នកចូលចិត្តនិងស្រឡាញ់ការអានសៀវភៅនៅកម្ពុជា ក៏ដូចជាលើកស្ទួយវិស័យបោះពុម្ពនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខមួយកម្រិតទៀត៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register