សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាទទួលទិញតែវ៉ាក់សាំងរបស់ប្រទេសណា ដែលមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ –ក្នុងខណៈដែលមានមតិខ្លះ បាននិងកំពុងចោទសួរជុំវិញការទិញវ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ ថាតើទិញពីប្រទេសណា និងមកដល់ពេលណានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា កម្ពុជាទទួលទិញតែវ៉ាក់សាំងរបស់ប្រទេសណា ដែលមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ ហើយកម្ពុជានឹងមិនយកពលរដ្ឋរបស់ខ្លួនធ្វើតេស្ដវ៉ាក់សាំង សម្រាប់ក្រុមហ៊ុន ឬប្រទេសណានោះទេ។នៅក្នុងសេចក្ដីថ្លែងការណ៍ដែលផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០  សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា  មកដល់ពេលនេះប្រទេសមួយចំនួនបានផលិត និងបានដាក់ឱ្យប្រើប្រាស់រួចហើយ នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប៉ុន្តែមិនទាន់បានទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោក នៅឡើយនោះទេ។ ដូច្នេះសម្រាប់កម្ពុជា វ៉ាក់សាំងដែលត្រូវទិញវតាមរបៀបណា ខ្ញុំសូមបញ្ជាក់ថា យើងបានធ្វើការងារនេះមួយចំនួនហើយ ដោយសារប្រទេសរបស់យើងគឺជាប្រទេសជាសមាជិករបស់មជ្ឈមណ្ឌលកូវ៉ាក់ ដែលមជ្ឈមណ្ឌលកូវ៉ាក់នេះ ជាផ្នែកមួយនៃការគាំទ្រនៃដំណើរការរបស់អង្គការសុខភាពពិភពលោក ដែលមានការគាំទ្រដោយអង្គការសហប្រជាជាតិ។ ដូច្នេះកូវ៉ាក់នឹងផ្ដល់ឱ្យយើងនូវវ៉ាក់សាំង២០ភាគរយនៃចំនួនប្រជាជនសរុប ហើយបើកូវ៉ាក់ផ្ដល់ឱ្យយើង២០ភាគរយ យើងទៅតាមយន្តការកូវ៉ាក់។

សម្ដេចតេជោបន្តថា  ច្បាស់ណាថាកូវ៉ាក់នឹងមិនទិញវ៉ាក់សាំង ដែលអង្គការសុខភាពពិភពលោកមិនទាន់ទទួលស្គាល់នោះទេ យើងជឿទុកចិត្តចំពោះដៃគូរបស់យើង។ សម្ដេចបានថ្លែងទៀតថា  ការផ្ដល់វ៉ាកសាំងតាមកូវ៉ាក់ តម្រូវឱ្យកម្ពុជាមានថវិកាបដិភាគ៥ភាគរយ។ ដូច្នេះបើចំនួនមនុស្ស៣លាន២សែននាក់ ត្រូវជា៦លាន៤សែនដូស អីចឹងយើងត្រូវបដិភាគចំនួន៥ភាគរយនៃតម្លៃនោះ ដែលមកដល់ពេលនេះមិនទាន់មានការកំណត់ថ្លៃជាក់លាក់នៅឡើយទេ។ សម្ដេចតេជោបន្តថា ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល បានចុះហត្ថលេខាសម្រាប់២០ភាគរយនេះរួចហើយ ប៉ុន្តែដោយព្រួយបារម្ភថា តាមយន្តការកូវ៉ាក់ដែលផ្ដល់ឱ្យយើងក្នុងចំនួន២០ភាគរយនេះ គាត់បានបញ្ជាក់ថា គឺផ្ដល់បាន៣ភាគរយតែប៉ុណ្ណោះតាមការសន្យាក្នុងជំហានចែកចាយវ៉ាក់សាំងដំបូង។ ដូច្នេះបានជាខ្ញុំ បញ្ជាទៅរដ្ឋមន្ត្រីទាំងពីររូបឱ្យធ្វើការចុះបញ្ជី ជាអ្នកបញ្ជាទិញតាមរយៈកូវ៉ាក់ នៅវ៉ាក់សាំង១លានដូសថែមទៀត ដែលបានបញ្ជូនទៅដល់កូវ៉ាក់រួចហើយ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «នេះមិនមែនជាល្បែងទិញត្រីតាមផ្សារទេ តែភាពហ្មត់ចត់របស់កម្ពុជាគឺវាយ៉ាងដូច្នេះ»។ «ឥឡូវនេះយើងមិនទាន់ដឹងថាតើ វ៉ាក់សាំងនៅប្រទេសណាខ្លះដែលគេនឹងទទួលស្គាល់ ហើយបើតាមព័ត៌មានខ្លះអាចក្នុងខែមករា ឆ្នាំ២០២១ ទើបមានការទទួលស្គាល់»។ អីចឹងយើងត្រូវការវ៉ាក់សាំង១លានដូសដំបូង សម្រាប់មនុស្ស៥០ម៉ឺននាក់ ដែលក្នុងមនុស្សចំនួន៥០ម៉ឺននាក់នេះ គឺយើងមានបញ្ជីរួចស្រេច សម្រាប់អ្នកដែលមានអាទិភាពទទួលបានវ៉ាក់សាំងមុនគេ ចំនួនជាង៤១ម៉ឺននាក់។ សម្ដេចតេជោក៏បានបញ្ជាក់បន្ថែមឱ្យដឹងដែរថា កូវ៉ាក់ផ្ដល់ឱ្យយើងត្រឹមតែ២០ភាគរយ ហើយផ្ដល់ដំបូងបានតែ៣ភាគរយទេ ប៉ុន្តែយើងមានតម្រូវការចាក់ជូនប្រជាជនចំនួន ៨០ភាគរយឡើងទៅទើបមានភាពស៊ាំ បើ៨០ភាគរយយើង នឹងត្រូវចាក់ឱ្យប្រជាពលរដ្ឋរបស់យើងមានចំនួនជុំវិញ១៣លាននាក់។ ដូច្នេះយើងត្រូវការចាក់វ៉ាក់សាំងឱ្យមនុស្សចាប់ពី៨០ភាគរយឡើងទៅជុំវិញមនុស្សចំនួន១៣លាននាក់ ឬក្រោមបន្តិច ក្នុងចំណោមប្រជាជនកម្ពុជាដែលមានចំនួនជាង១៦លានាក់។ ដូច្នេះនៅសល់តែកុមារទេ ដែលមិនទាន់បានទទួលវ៉ាក់សាំង ហើយអាចមនុស្សដែលមានអាយុចាប់ពី១៥ឆ្នាំឡើង នឹងទទួលបានវ៉ាក់សាំងទាំងអស់ដោយមិនគិតប្រាក់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា ក្រៅពីទុនបម្រុងរបស់រដ្ឋចំនួនពី ១០០លាន ទៅ២០០លានដុល្លារអាម៉េរិកដែលត្រៀមសម្រាប់ការទិញវ៉ាក់សាំង បូកជាមួយថវិកាសប្បុរសជន ជាង៤៨លានដុល្លារអាម៉េរិក យើងបានទទួលរួចមកហើយនៅថវិកាដែលអាចប្រើប្រាស់បានក្នុងក្របខ័ណ្ឌប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាការស្ដារឡើងវិញនូវសេដ្ឋកិច្ច ដែលក្នុងនោះមានពីធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ២៥០លានដុល្លារអាម៉េរិក ពីJICA របស់ជប៉ុន ស្មើនឹង២៥ពាន់លានយ៉េន សមមូលនឹង ២៣៨លានដុល្លារអាម៉េរិក និងពី EDCS របស់កូរ៉េខាងត្បូងចំនួន ៥០លានដុល្លារអាម៉េរិក។ ដូច្នេះយើងមានប្រាក់ក្នុងដៃចំនួន ៥៣៨លានដុល្លារអាម៉េរិក ដោយមិនទាន់គិតពីពីប្រាក់សន្សំរបស់រាជរដ្ឋាភិបាល។ ដូច្នេះខ្ញុំអាចបញ្ជាក់ជូនបានថា យើងបានរៀបចំតាមរយៈយន្តការកូវ៉ាក់ សម្រាប់២០ភាគរយធ្វើលិខិស្នាមរួចរាល់អស់ហើយ ទិញថែមតាមរយៈកូវ៉ាក់១លានដូស ក៏បានបញ្ជាទិញរួចហើយ តែគ្រាន់តែថាវ៉ាក់សាំងមកដល់ពេលណាខ្ញុំឆ្លើយមិនទាន់បាន។ សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាទទួលទិញតែវ៉ាក់សាំងរបស់ប្រទេសណា ដែលមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ កម្ពុជានឹងមិនយកពលរដ្ឋរបស់ខ្លួនធ្វើតេស្ដវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណានោះទេ ហើយរឿងនេះជាគោជំហរដាច់ខាតរបស់ ហ៊ុន សែន ដែលធ្លាប់ផ្ដល់អនុសាសន៍ឱ្យក្រសួងសុខាភិបាលថា មិនត្រូវយកវ៉ាក់សាំណាដែលមិនទាន់បានទទួលស្គាល់ពីអង្គការសុខភាពពិភពលោកយកមកប្រើប្រាស់ដែលប្រៀបដូចជាការធ្វើតេស្តថ្នាំសម្រាប់ក្រុមហ៊ុន ឬប្រទេសដទៃនោះទេ។ ដែលនេះជាករណីដាច់ដោយឡែកសម្រាប់ប្រទេសកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែនក៏បានថ្លែងពាក់ព័ន្ធនិងបច្ចេកវិទ្យានេះថា  «ខ្ញុំធ្លាប់បាននិយាយកាលពីឆ្នាំ១៩៨៨ហើយថា កម្ពុជាមិនមែនជាធុងសំរាមនៃការបោះចោលនៃបច្ចេកវិទ្យាហួសសម័យនោះទេ»៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register