លោកជំទាវ ឱ វណ្ណឌីន ពន្យល់អំពីការរកឃេីញវីរុសកូវីដ-១៩ បំលែងខ្លួនថ្មីនៅប្រទេសអង់គ្លេស ប៉ុន្តែការផ្លាស់ប្តូរនៃប្រភេទវីរុសលេីវ៉ារ្យ៉ង់នេះ មិនប៉ះពាល់ដល់តេស្តធ្វេីរោគវិនិច្ឆ័យដែលត្រូវបានប្រើនៅក្នុងប្រទេសកម្ពុជាឡើយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ —លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា ដោយសារសង្កេតឃេីញមានការលេីកឡេីងពីការរកឃេីញវីរុសកូវីដ-១៩  ប្រភេទថ្មី  (new strain) នៅប្រទេសអង់គ្លេសក្នុងពេលថ្មីៗនេះ  និងក្រោយពីបានពិភាក្សាជាមួយអង្គការសុខភាពពិភពលោក  លោកជំទាវ បានផ្តល់ព័ត៌មាននូវចំណុចសំខាន់ៗ ក៏ដូចជាផ្តល់នូវការឆ្លេីយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានមួយចំនួន  មានដូចតទៅ៖

«ទី១ ការរកឃេីញវីរុសកូវីដ-១៩  ប្រភេទថ្មី  (new strain) គឺអ្នកវិទ្យាសាស្ត្រកំពុងតែធ្វេីការសិក្សាលេីប្រភេទវីរុសកូវីដ-១៩  ដែលបានបំលែងខ្លួន (Mutation) នេះ  ដែលធ្លាប់មានការចុះផ្សាយកន្លង មកដែរ  លេីការបំលែងខ្លួនរបស់វីរុសកូវីដ-១៩  នេះ។ ទី២ វីរុសកូវីដ-១៩  មានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលនាំឱ្យមានការលេចឡើង នូវបំលែងវីរុស ឬ វ៉ារ្យ៉ង់ថ្មី។  វ៉ារ្យ៉ង់ SARS-Cov-2 ថ្មីមួយដែលត្រូវបានគេហៅថា SARS-CoV-2 VUI 202012/01 មាន ដើមកំណើតនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសក្នុងខែកញ្ញា  ហេីយឥឡូវនេះ  កំពុងរីករាលដាលយ៉ាងឆាប់រហ័ស  និងមានភាពលេចធ្លោរនៅក្នុងចក្រភពអង់គ្លេស  ដែលត្រូវបានគេរកឃើញផងដែរ  នៅក្នុងប្រទេសដាណឺម៉ាក អូស្ត្រាលី  និងហូឡង់។

ទី៣ លទ្ធផលសិក្សាបឋមនៅចក្រភពអង់គ្លេស  បង្ហាញថា  ប្រភេទវ៉ារ្យ៉ង់ថ្មីនៃវីរុសនេះ  អាចឆ្លងបានច្រើនជាងវ៉ារ្យ៉ង់ដែលបានចរាចរពីពេលមុនៗ  ហេីយរហូតមកដល់បច្ចុប្បន្ននេះ  មិនទាន់មានការបង្ហាញពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃការឆ្លង នេះនៅឡេីយ។ ការស៊ើបអង្កេតកំពុងបន្តធ្វេីនៅចក្រភពអង់គ្លេស  និងសហភាពអឺរ៉ុប  សម្រាប់ស្វែងរកព័ត៌មានបន្ថែមអំពីភាពធ្ងន់ធ្ងរនៃគ្លីនិក  ការឆ្លង  ការផ្លាស់ប្តូរអង់ទីគ័រ  និងផលប៉ះពាល់ដែលអាចនឹងកើតមានលើប្រសិទ្ធភាពវ៉ាក់សាំង  និងការតាមដានករណីឆ្លងឡើងវិញ  (re-infection) ផងដែរ។

ទី៤ ខ្ញុំសុំបញ្ជាក់ជូនផងដែរថា  ការផ្លាស់ប្តូរនៃប្រភេទវីរុសលេីវ៉ារ្យ៉ង់នេះ  មិនប៉ះពាល់ដល់តេស្តធ្វេីរោគវិនិច្ឆ័យដែលត្រូវបានប្រើនៅក្នុងប្រទេសកម្ពុជាឡេីយ។

ទី៥ អ្វីដែលសំខាន់នៅពេលនេះ  គឺនៅពេលដែលយេីងកំពុងរងចាំនូវលទ្ធផលសម្រេចនៃវ៉ាក់សាំងកូវីដ-១៩  ដែលនឹងត្រូវចែកចាយមកបណ្តាប្រទេសជាសមាជិក  ដោយមជ្ឈមណ្ឌលកូវ៉ាក់  និងការវាយតម្លៃជាមុននូវប្រសិទ្ធិភាព  និងគុណភាពវ៉ាក់សាំង  មុនការប្រេីប្រាស់នៅកម្ពុជានោះ  ដេីម្បីការពារខ្លួនអ្នកពីការចម្លងវីរុសកូវីដ-១៩  (បំលែងបែបណាក៏ដោយ)  យេីងត្រូវនាំគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនដែលបានណែនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ដែលបានថ្លែងទៅកាន់ជនរួមជាតិនាថ្ងៃទី១៥  ខែធ្នូ  ឆ្នាំ២០២០  ដោយគ្រប់ៗគ្នា  ត្រូវចូលរួមអនុវត្តវិធានការ  ៖

គឺ៣ការពារ៖  ពាក់ម៉ាស់  លាងដៃញឹកញាប់  និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីង។
គឺ៣កុំ ៖  កុំទៅកន្លែងមនុស្សច្រេីនកុះករ  កុំទៅកន្លែងបិទជិត  គ្មានខ្យល់ចេញចូល  ប្រេីម៉ាស៊ីនត្រជាក់ច្រេីន  និងកុំប៉ះពាល់គ្នា  ពេលជួបគ្នាកុំចាប់ដៃគ្នា  កុំកៀកស្មាគ្នា  ឬកុំឱបគ្នា  ជាដេីម»។

លោកជំទាវ បានបន្តថា ត្រូវបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី  ដោយចេះកែប្រែឥរិយាបទ  និងទម្លាប់នៃការរស់នៅ  ដោយប្រកាន់យកនូវការការពារការឆ្លងវីរុសកូវីដ-១៩  តាមការណែនាំខាងលេីនេះ ហើយការប្រហែសខ្លួន  ដោយមេីលស្រាលលេីលទ្ធភាពនៃការចម្លងរបស់វីរុសកូវីដ-១៩  គឺជាការមេីលងាយខ្លួនឯង  ដោយទុកខ្លួនឯង  ឱ្យវីរុសកូវីដ-១៩  សប្បាយចិត្ត  អាចវ៉ៃលុកដោយសេរីមកលេីសរីរាង្គខ្លួនឯង  ធ្វេីឱ្យធ្លាក់ខ្លួនឈឺ  និងអាចមានសភាពធ្ងន់ធ្ងរ  អាចស្លាប់បាត់បង់ជីវិតបាន  ប្រសិនបេីនៅតែប្រហែសខ្លួន  មេីលស្រាលលេីលទ្ធភាពនៃការបង្កជាជំងឺកូវីដ-១៩  នេះ ។

លោកជំទាវ ក៏បានជូនពរ ឆ្នាំថ្មីសាកល  ២០២១  សូមបងប្អូនប្រជាពលរដ្ឋកម្ពុជា  មានសុខភាពល្អ បរិបូណ៌  ចៀសផុតនូវការឆ្លងវីរុសកូវីដ-១៩  និងជំងឺដង្កាត់ផ្សេងៗទៀត  ព្រមទាំងមានសុខសុភមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register