រាជរដ្ឋាភិបាលនឹងបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរវាយន ភ័ណ្ឌ ស្បែកជើង និងទេសចរណ៍រយៈពេល៣ខែបន្ថែមទៀត

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ –រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំ និងដាក់ចេញនូវវិធានការបន្ថែមជុំទី៧ ក្នុង គោលបំណងដាក់ចេញនិងអនុវត្តន៍វិធានការរក្សាលំនឹងអាជីវកម្ម ខណៈដែលកម្ពុជា​កំពុង​បន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ ក៏ដូចជាទ្រទ្រង់និងស្តារអាជីវកម្ម និងធុរកិច្ច​ឱ្យ​ងើប​​ឡើងវិញ​ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយពីវិបត្តិ​នៃជំងឺ​កូវីដ-១៩។

ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធាន ការបន្ថែមដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍ នៃវិបត្តិការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ កាលពីថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា   បន្ទាប់ពីរោងចក្រ-សហគ្រាសនិងអាជីវកម្ម ក្នុង​វិស័យ​កាត់ដេរ-វាយនភ័ណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍​ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារនិង/ឬលិខិតអនុញ្ញាតឱ្យពន្យារ​ការព្យួរ​កិច្ច​សន្យាការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាម លក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹងបន្ត ផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ០១ នាក់ ដែល បំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភ័ណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀតពីខែ មករាដល់ខែមីនា ឆ្នាំ ២០២១។ ជាមួយគ្នានេះ ម្ចាស់រោងចក្រ-សហគ្រាសក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន ៣០ ដុល្លារអាម៉េរិក សម្រាប់​កម្មករ-និយោជិត ០១នាក់ (ជាសរុបកម្មករនិយោជិត ០១ នាក់ ទទួលបាន ៧០ ដុល្លារ​អាម៉េរិក ក្នុងមួយខែ)។ រាជរដ្ឋាភិបាលបន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាម៉េរិក ក្នុងមួយ​ខែ​ជូនកម្មករ-និយោជិត០១នាក់ដែលបំពេញការងារ ក្នុងវិស័យទេសចរណ៍ដូចជា សណ្ឋាគារ ផ្ទះសំណាក់  ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល០៣ខែបន្ថែមទៀត ពីខែមករាដល់ខែមីនា ឆ្នាំ២០២១។ ចំពោះសហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែងបន្ថែមលើអ្វីដែល រាជរដ្ឋាភិបាលបានផ្តល់ជូន។ លើសពីនេះទៀត បន្តលើកលែងការបង់ពន្ធប្រចាំខែ​គ្រប់​ប្រភេទ​ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្មនៅ​ក្នុង​រាជ​ធានីភ្នំពេញ ខេត្ត​សៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀតពីខែ មករា ដល់ខែ មីនាឆ្នាំ ២០២១។ សម្រាប់អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និង​ប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់​អំឡុងពេលនៃការលើកលែង​នេះ។  បន្តពន្យារការចាប់ផ្ដើមអនុវត្តន៍របបសន្តិសុខសង្គម​ផ្នែក​​សោធនរយៈពេល ០៦ខែ បន្ត​ទៀត គឺរហូតដល់ខែកក្កដា ឆ្នាំ២០២១។ ការពន្យារ​ពេលនេះ នឹងត្រូវផ្អែកលើការវាយតម្លៃ​ជាបន្តបន្ទាប់ នូវស្ថានភាពសង្គម-សេដ្ឋកិច្ចជាក់​ស្ដែង។ បន្ត​ការ​លើកលែងការបង់វិភាគ​ទាន​របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និង​ផ្នែក​ថែទាំ​សុខភាព នៃបេឡាជាតិ​សន្តិ​សុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាក​ដំណើរ​ការ​អាជីវកម្ម។ បន្តលើកលែង​ការ​បង់ពន្ធប៉ាតង់ និងពន្ធលើតែមប្រី៍សារពើពន្ធ (ពន្ធលើ​ស្លាក​យីហោ) ចំពោះក្រុមហ៊ុនភ្នាក់​ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេស​ចរណ៍​ដទៃ​ទៀត។ អ្នកជាប់ពន្ធទាំងនេះ មាន​កាតព្វកិច្ចត្រូវធ្វើបច្ចុប្បន្នភាពប៉ាតង់។ កំណត់​ឱ្យអ្នកជាប់​ពន្ធក្នុងវិស័យទេសចរណ៍ ដូច​ជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់​ងារទេសចរណ៍ ដែល​បានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមាន​សកម្មភាព​អាជីវ​កម្ម នៅក្នុងរាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយ​ប៉ែត ដាក់លិខិតប្រកាសពន្ធលើ ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ២០២០ យ៉ាងយឺត​បំផុតឱ្យបាន​មុន​ដំណាច់ខែមីនា ឆ្នាំ២០២១ ប៉ុន្តែមិនតម្រូវឱ្យបង់ពន្ធ​គ្រប់ប្រភេទ។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានគូសបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជា នឹង​បន្តតាមដានជាប់ជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩ លើស្ថានភាពសង្គម-សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌសកលលោក តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យនិងវាយតម្លៃ ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើ បច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានា ក្រោមក្របខ័ណ្ឌផែន​ការ​​យុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register