ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញបទបញ្ជាថ្មីមួយទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីពលករប្រមាណជិត១០នាក់ បានឆ្លងជងឺនេះចេញពីប្រទេសថៃ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានដាក់ចេញបទបញ្ជាថ្មីមួយទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលឆ្លងជំងឺកូវីដ-១៩  បន្ទាប់ពីពលករ ប្រមាណជិត១០នាក់ បានឆ្លងជងឺនេះចេញពីប្រទេសថៃ។

ក្នុងសារជាសំឡេងបន្ទាន់ជូនជនរួមជាតិ នាព្រលប់ ថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០២០ សម្ដេចតេជោថ្លែងថា  ក្នុងរយៈពេលពីរថ្ងៃនេះ(ថ្ងៃទី៣០ និង៣១ ខែធ្នូឆ្នាំ២០២០) សភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ  គឺមានការរកឃើញនៅអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន០២នាក់ ប៉ុន្តែមកដល់ម៉ោង៥ល្ងាចនេះ គឺយើងមានឆ្លងចំនួន ០៦នាក់ហើយ បើតាមវិទ្យាស្ថានប៉ាស្ទ័រឱ្យដឹងគឺនៅមានការសង្ស័យច្រើនទៀត ដែលថ្ងៃនេះអាចកើនលើសជា១០នាក់។ សម្ដេចតេជោបន្តថា  ក្នុងស្ថានភាពបែបនេះ យើងត្រូវតែមានការខិតខំ ដើម្បីរួមចំណែកជាមួយនឺងព្រះរាជាណាចក្រថៃ ក្នុងការគ្រប់គ្រងសភាពការណ៍ ដែលនៅក្នុងប្រទេសថៃកាលពីម្សិលមិញនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ ២៥០នាក់ និងថ្ងៃនេះជិត២០០នាក់។  សម្ដេចតេជោគូសបញ្ជាក់ថា “ក្នុងស្ថានភាពនេះ ខ្ញុំចេញបទបញ្ជាឱ្យកម្លាំងនៅតាមព្រំដែនទាំងអស់ ធ្វើការគ្រប់គ្រងឱ្យបានហ្មត់ចត់ជាទីបំផុត ចំពោះអ្នកឆ្លងដែន ទាំងតាមច្រកដែលមានការគ្រប់គ្រង និងតាមច្រករបៀង។ ដាច់ខាតមិនឱ្យមានការលួចឆ្លងចូលមកផ្ទៃក្នុងប្រទេស ដោយមិនបានធ្វើការត្រួតពិនិត្យ មិនបានយកសំណាកនិងធ្វើចត្តាឡីស័កនោះទេ។ ចំពោះកងដឹកជញ្ជូន នៃកងយោធពលខេមរភូមិន្ទ ដែលដឹកជញ្ជូនបងប្អូនពលករ ទៅចែករំលែកនៅតាមខេត្ត ត្រូវផ្អាកការដឹកជញ្ជូនបងប្អូនទាំងនោះចូលមកផ្ទៃក្នុងប្រទេស។” សម្ដេចតេជោថ្លែងសង្កត់ធន់ថា «យើងសុខចិត្តធ្វើចត្តាឡីស័ក នៅតាមបណ្ដាខេត្តនៅតាមព្រំដែន ល្អជាជាងដឹកបងប្អូនមកពង្រាយនៅផ្ទៃក្នុងប្រទេស ដែលនាំឱ្យឆ្លងនៅក្នុងសហគមន៍សារជាថ្មីម្ដងទៀត»។ «ដូច្នេះត្រូវយកចិត្តទុកដាក់គ្រប់គ្រងបងប្អូនទាំងនេះឱ្យបានហ្មត់ចត់ ហើយផ្នែកដឹកជញ្ជូន គឺផ្អាកការដឹកជញ្ជូនបងប្អូន ហើយត្រូវពង្រឹងនូវសមត្ថភាពនៃការធ្វើចត្តាឡីស័កនៅតាមច្រកព្រំដែន ដែលយើងបានកំណត់ទីតាំង ហើយត្រូវយកសំណាកនៅទីនោះ ធ្វើចត្តាឡីស័កនៅទីនោះ ក្នុងរយៈពេល១៤ថ្ងៃ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា  ក្រសួងសុខាភិបាលត្រូវផ្គត់ផ្គង់បន្ថែមនូវសម្ភារថវិកា ដើម្បីធ្វើចត្តាឡីស័ក និងការយកសំណាកដើម្បីធ្វើតេស្ត ដោយបន្ថែមក្រុមគ្រូពេទ្យទៅកាន់ទីនោះ ប្រសិនបើមានការចាំបាច់។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ដូច្នេះអ្វីដែលខ្ញុំចង់និយាយនៅពេលនេះ គឺចង់បញ្ជាក់ឱ្យបណ្ដាខេត្តនៅតាមព្រំដែន ក៏ដូចជាកម្លាំងនៅតាមព្រំដែនទាំងអស់ យកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់ ជាមួយនិងពលករ ពលការិនី របស់យើងដែលធ្វើដំណើរពីប្រទេសថៃមកកាន់កម្ពុជាវិញ។ ដែលមកដល់ពេលនេះ តាមការប៉ាន់ស្មានអាចមានការកើនឡើងជាបន្តបន្ទាប់នៅចំនួនអ្នកឆ្លងជំងឺ ដែលមន្ទីរពេទ្យខេត្តបាត់ដំបង អាចនឹងត្រូវរ៉ាប់រងជាមួយនឹងការព្យាបាល។ ដូច្នេះត្រូវបន្តពង្រឹងសមត្ថភាពនៅទីនោះ ហើយក្រសួងសុខាភិបាលត្រូវធ្វើសកម្មភាពបន្ទាន់ ដើម្បីនឹងបន្ថែមនូវសម្ភារ ថវិកា និងបង្កើនល្បឿននៃការធ្វើតេស្តដោយវិទ្យាស្ថានប៉ាស្ទ័រ សំខាន់គឺការដឹកជញ្ជូនសំណាក ពីបណ្ដាខេត្តទាំងនោះមកកាន់វិទ្យាស្ថានប៉ាស្ទ័រ ព្រោះយើងមិនទាន់មានទីកន្លែងធ្វើតេស្តនៅតាមខេត្តនៅឡើយទេ។ ជាងនេះទៀតសម្ដេចតេជោ ក៏បានដាក់បទបញ្ជាឱ្យបណ្ដាខេត្តនៅខាងក្រោយទាំងអស់ ធ្វើការត្រួតពិនិត្យទៅដល់មូលដ្ឋាន បើមានបងប្អូនដែលមកពីប្រទេសថៃ ត្រូវគ្រប់គ្រងឱ្យបានហ្មត់ចត់ ហើយអ្នកដែលបានដឹកជញ្ជូនទៅ ក៏ត្រូវតែគ្រប់គ្រង។ ឯអ្នកដែលលួចចូលមកស្ងាត់ៗ ហើយមិនបានធ្វើចត្តាឡីស័ក មិនបានយកសំណាក ចាំបាច់ត្រូវតែយកសំណាកដើម្បីយកមកពិនិត្យ ហើយត្រូវតែធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងនូវការពង្រាយជំងឺឆ្លងនេះ ទៅកាន់ក្រុមគ្រួសារ និងសហគមន៍ ដែលខ្លួនរស់នៅ។ នេះជាវិធានការបន្ទាន់ ដែលត្រូវកាន់យកដោយខានមិនបាន ហើយដែលទាំងអស់គ្នាត្រូវធ្វើព្រមៗគ្នា។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើថា ការដែលនិយាយបែបនេះ មិនមែនមាន័យថា យើងនឹងដាក់ចេញឡើងវិញនូវអ្វីដែលបានបញ្ជាក់រួចហើយ ដូចជាការបើកបវេសនកាល និងការបើកឱ្យមានការជួបជុំ ដោយរក្សាគម្លាតមួយម៉ែត្រកន្លះនោះទេ ប៉ុន្តែនេះគឺជាការចម្លងដែលរាលដាលចេញពីប្រទេសថៃមកចូលមកក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោក៏បានថ្លែង នូវការអង្វរកចំពោះពលករពលការិនី ដែលធ្វើការក្នុងប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សូមបន្តស្នាក់នៅទីនោះ ដើម្បីឱ្យអាជ្ញាធរថៃជួយដល់បងប្អូនក្នុងការពិនិត្យ និងព្យាបាលនៅទីនោះ ប្រសើរជាងការនាំជំងឺចូលមកក្នុងប្រទេស ហើយដែលនាំទៅដល់ការបាត់បង់ការងារធ្វើផងដែរ។ សម្តេចតេជោសង្ឃឹមថាបងប្អូន នឹងមានការយោគយល់ចំពោះការលំបាក សម្រាប់ផ្ទាល់ខ្លួនផង  សម្រាប់ក្រុមគ្រួសាររបស់ខ្លួនផង និងសម្រាប់ប្រទេសជាតិរបស់យើងផង។ នេះជាវិធានការ ដើម្បីប្រយុទ្ធប្រឆាំងបន្តទៀតជាមួយនឹងកូវីដ-១៩៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register